អានតួអត្ថបទ
កម្ពុជា

ជម្លោះព្រំដែន៖ បក្សប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស

ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​តស៊ូ​មតិ​យ៉ាង​ខ្លាំង​អំពី​ជម្លោះ​ឈ្លានពាន​ទឹកដី​របស់​ថៃ​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​ហ្សាការតា ​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ដើម្បី​ដោះស្រាយ​ជាមួយ​ថៃ។ ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ចោទ​សួរ​ប្រមុខ​រដ្ឋាភិបាល​អំពី​ការ​មិន​ប្រើប្រាស់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដើម្បី​តទល់​ជាមួយ​ថៃ​ឈ្លានពាន។​ ប៉ុន្តែ​សំណើ​របស់​បក្ស​ប្រឆាំង​បាន​ទទួល​ការ​ចំអក​ពី​មន្ត្រី​រដ្ឋាភិបាល​ថា ម្ចាស់​សំណើ​មិន​បាន​តាមដាន​ចំណាត់ការ​របស់​រដ្ឋាភិបាល។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​៧​រូប ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​រួមគ្នា​មួយ​ច្បាប់​នៅ​សៀ​ល​ថ្ងៃទី​៦​ខែ​ឧសភា​ម្សិលមិញ​ដើម្បី​ចោទ​សួរ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​អំពី​ការមិន​ប្រើប្រាស់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ដើម្បី​ដោះស្រាយ​ជម្លោះ​ឈ្លានពាន​ទឹកដី​របស់​ថៃ។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​តាម​រយៈ​ប្រធាន​រដ្ឋសភា ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​អះអាង​ថា ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​មិន​ត្រឹមតែ​ទទួល​ស្គាល់​សិទ្ធិ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ ​ក៏បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​កាតព្វកិច្ច​របស់​ប្រទេស​ហត្ថលេខី​ឲ្យ​ឆ្លើយ​តាម​សំណើ​របស់​កម្ពុជា​ទៀត​ផង។ ​លើស​ពីនេះ ​កិច្ចព្រមព្រៀង​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែ​រអំពី​យន្តការ​សម្រាប់​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​កម្ពុជា​យ៉ាង​ពិតប្រាកដ​និង​ឆាប់​រហ័ស។
តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ក៏បាន​រំលឹក​ថា​ មាន​ប្រទេស​ចំនួន​១៨​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​នោះ​មាន​ប្រទេស​មហា​អំណាច​ និង​ប្រទេស​ជិតខាង របស់​កម្ពុជា​ផង​ដែរ។​ ដូច្នេះ ​ហេតុអ្វី​បាន​ជា​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អើពើ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​បណ្តា​ប្រទេស​ជា​ហត្ថលេខី​ទាំងនោះ​ខណៈ​ដែល​ក​ង​ទ័ព​ថៃ​ឈ្លានពាន​កម្ពុជា​ដោយ​ប្រដាប់​អាវុធ​។

ប៉ុន្តែ ​សំណើ​របស់​បក្ស​ប្រឆាំង​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ស្តី​បន្ទោស​តប​វិញ។ ​លោក​ ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ប្រតិកម្ម​ថាៈ​ក្រុម​សមាជិក​សភា​បក្ស​ប្រឆាំង​មិន​បាន​តាម​ដាន​ស្ថានការណ៍​នយោបាយ​និង​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ឈ្លានពាន​របស់​ថៃ​ទេ​។ លោក​ផៃ ស៊ីផាន អះអាង​ថា ​គណបក្ស​ប្រឆាំង​កំពុងតែ​វង្វេង​មិន​បាន​ដឹង​ពី​អ្វី​ទាំងអស់​។​លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូ​វ​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​ដែល​មាន​ការរំលោភ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ប្រទេស​ថៃ​ និងបាន​ចាត់​វិធានការ​សមស្រប​ជា​បន្តបន្ទាប់។​

សូម​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៨​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ចុង​សប្តាហ៍​នេះ។ ​ដោយឡែក​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ក៏​គ្រោង​លើក​យក​សំណើ​របស់​កម្ពុជា​ស្តីពី​វិធានការ​បន្ទាន់​ទៅ​ពិភាក្សា​នៅ​ថ្ងៃទី​៣០ ​និង​៣១​ខែ​ឧសភា​ខាង​មុខ​នេះ​ដែរ។

កាលពី​ដើម​សប្តាហ៍​នេះ ​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ក៏បាន​ស្នើឲ្យ​ដក​លោក ហោ ណាំហុង​ចេញពី​រដ្ឋមន្ត្រី​ការបរទេស​ដែរ​ដោយ​ពួកគេ​អះអាង​ថា ​លោក​ខ្វះ​សមត្ថភាព​ផ្នែក​ការទូត។ ​ប៉ុន្តែ ​សំណើ​បែប​នេះ​ត្រូវ​បាន​លោក​ហោ ណាំហុង​អស់​សំណើច​និង​បាន​ហៅ​តំណាងរាស្ត្រ​ទាំងនោះ​ថា​ក្រុម​ល្ងិតល្ងង់​ដែល​ចង់​ឡើង​ធ្វើ​រដ្ឋមន្ត្រី​ការបរទេស​ជំនួស​រូប​លោក​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ