អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​​ផ្សព្វផ្សាយ​​ពី​​កិច្ច​​បង្ការ​​គ្រោះថ្នាក់​​ចរាចរណ៍​​ក្នុង​​ឱកាស​​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​​ខ្មែរ

គណៈកម្មាធិការ​​​ជាតិ​​សុវត្ថិភាព​​ចរាចរណ៍​​ផ្លូវ​គោក​ បាន​ចេញ​​សេចក្តី​ប្រកាស​​អំពាវនាវ​ ដល់​​មហាជន​​​ឲ្យ​​បង្កើន​​ការ​ប្រុងប្រយ័ត្ន​​ខ្ពស់​ ក្នុង​​ពេល​​ធ្វើ​ដំណើ​រ​ នៅ​​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី ​ប្រពៃណី​​ជាតិ​​។ តាម​​បេន​ឡាន​ធំៗ​ នៅ​​ភ្នំពេញ​ សកម្មជន​​អង្គការ​​សង្គម​​ស៊ីវិល​​ បាន​​ផ្សព្វផ្សាយ​​ពី​​ខិត្តប័ណ្ណ​និង​​ណែនាំ​​អ្នក​បើកបរ​​ឡាន​​ឈ្នួល​ កុំ​ឲ្យ​​បើក​លឿន​​ហួស​កំណត់​​និង​​កុំ​​ផ្ទុក​​លើស​​ទម្ងន់​។ គ្រោះ​ថ្នាក់​​​ចរាចរណ៍​ក្នុង​​ពេល​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ កាលពី​​ឆ្នាំ​មុន​ បាន​​បណ្តាល​​ឲ្យ​​​មនុស្ស​​ស្លាប់​ ៤៩​ នាក់​និង​​របួស ​៥៣០​ នាក់​នៅ​​ទូទាំង​​ប្រទេស​។​

អាជ្ញាធ​រ​ ផ្សព្វផ្សាយ​ពី​កិច្ច​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ
អាជ្ញាធ​រ​ ផ្សព្វផ្សាយ​ពី​កិច្ច​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម
02:25

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

លី ម៉េងហួរ

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​រដ្ឋាភិបាល បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ដោយ​ក្រើនរម្លឹក​មហាជន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន នៅពេល​ធ្វើដំណើរ ក្នុង​ពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​។

​សេចក្តីជូនដំណឹង បាន​លើកឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស នា​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ កន្លងមក កើតឡើង​ដោយសារ​អ្នកបើកបរ​មាន​ការធ្វេសប្រហែស មិន​គោរព​ច្បាប់​ចរាចរណ៍ ជា​ពិសេស​អ្នក​បើក​ម៉ូតូ មិន​ពាក់​មួកសុវត្ថិភាព បើកបរ​ក្នុង​ល្បឿន​លឿន​ហួស​កំណត់​​ និង​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ជាដើម​។

​ចំពោះមុខ​គ្រោះថ្នាក់​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ដល់​មហាជន ដែល​ធ្វើដំណើរ និង​បើកបរ​លើ​ផ្លូវថ្នល់ ឲ្យ​ប្រុងប្រយ័ត្ន​ដើម្បី​ជៀសវាង​នូវ​ឧបទ្ទវហេតុ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ នាពេលនេះ​។ នោះ​គឺ​កុំ​បើកបរ ក្នុង​ពេល​ស្រវឹង​កុំ​បើកបរ​លឿន ជាពិសេស​អ្នកបើកបរ​ម៉ូតូ ត្រូវ​ពាក់​មួកសុវត្ថិភាព​។ ចំណែក​អ្នកបើកបរ​ឡាន ក៏​ត្រូវ​គោរព​​ច្បាប់​ចរាច​រណ៍ និង​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព និង​មិន​ត្រូវ​បើកបរ​ក្នុង​ពេល​ស្រវឹង​ទេ​។​

ដោយឡែក កូន​សៀវភៅ និង​ខិត្តប័ណ្ណ​អប់រំ​ពី​ច្បាប់​ចរា​ចរណ៍​រាប់ពាន់ ត្រូវបាន​ចែកជូន​ដល់​ក្រុម​អ្នក​រត់​តាក់ស៊ី និង​ឡានក្រុង នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​កើតមាន​ជាយថាហេតុ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​។

​ក្នុង​រយៈពេល​ពេញ​មួយ​សប្តាហ៍​នេះ អ្នកដំណើរ​ជាច្រើន បាន​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ ចេញ​ទៅ​កាន់​ស្រុកកំណើត តាម​បណ្តា​ខេត្ត​នានា ដើម្បី​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំថ្មី និង​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ស្រុកកំណើត​។​

រយៈពេល​នៃ​ការធ្វើដំណើរ​ដ៏​កកកុញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ តាមផ្លូវ ដោយសារតែ​រថយន្ត​ឈ្នួល ដាក់​លើស​ទម្ងន់ ផ្ទុក​មនុស្ស និង​ឥ​វ៉ាន់​លើដំបូល និង​បើក​លឿន​ហួសកំណត់ ជាដើម​។​

ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ កាលពី​ឆ្នាំ​២០១០ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧​មេសា ឆ្នាំ​២០១០ នៅ​ទូទាំង​ប្រទេស មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២៥៤ ករណី ធ្វើឲ្យ​មាន​អ្នកស្លាប់ ៤៩ នាក់​ និងរបួស ៥៣០ នាក់​។ រី​ឯ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ កាលពី​ឆ្នាំ​២០០៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២៤០ ករណី បណ្តាលឲ្យ​មាន​អ្នកស្លាប់ ៥២ នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​ពេល​បុណ្យចូលឆ្នាំ កើតឡើង​ដោយសារ​បើកបរ​លឿន អ្នកបើកបរស្រវឹង និងផ្ទុក​លើស​ទម្ងន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ