អានតួអត្ថបទ
កម្ពុជា

ថៃ​នៅ​តែ​ចង់​រករឿង​នៅ​ព្រំដែន

ទាហាន​ថៃ​នៅតែ​ចង់​បង្ក​បញ្ហា​នៅ​តាម​ព្រំដែន នៅពេល​ដែល​ភាគី​ទាំង​ពីរ​នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​ឥណ្ឌូនេស៊ី។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ខៀវ កាញារីទ្ធ​បាន​ថ្លែង​អោយ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ទាហានថៃ​នៅ​តែ​ចង់​ញុះញង់​អោយ​ទាហាន​ខ្មែរ​ផ្ទុះ​អាវុធ តែថា​កម្ពុជា​មិន​ធ្លាក់​ចូល​ក្នុង​ទន្ទាក់​នេះ​ទេ។ ពាក់ព័ន្ធ​នឹង​ការ​ប្រជុំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ក្នុង​សប្តាហ៍​នេះ លោក​ខៀវ កាញារីទ្ធ​អត្ថាធិប្បាយ​ថា បើទោះជា ក្រសួង​ការពារជាតិ​ថៃ​(GBC) នៅ​តែ​បដិសេធ​មិន​ចូល​រួម​ប្រជុំ ដូច​ក្រុម​គណៈកម្មការ​វាស់វែង​ព្រំដែន(JBC)ក៏​ដោយ កម្ពុជា​នៅតែ​មិន​ខ្វល់។

លោក​ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា
លោក​ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
01:45

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ទាហាន​ថៃ​បាន​ព្យាយាម​បង្ក​បញ្ហា​នៅ​តាម​ព្រំដែន តាម​រយៈការ​បញ្ជូន​គ្រឿងចក្រ​មួយ​ចំនួន​មក​កៀក​តំបន់​ព្រំដែន នេះ​គឺ​ជា​អះអាង​របស់​លោក​ខៀវ កាញារីទ្ធ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា។ លោក​ខៀវ កាញារីទ្ធ​បាន​អត្ថាធិប្បាយ​ថា ទាហាន​ចង់​បង្ក​អោយ​មាន​ការ​ផ្ទុះ​អាវុធ​សា​ជាថ្មី ដែល​ចេញ​ពី​ខាង​កម្ពុជា ប៉ុន្តែ​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ក្នុង​ល្បិចកល​របស់​ទាហាន​ថៃ​នោះ​ឡើយ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ថា កម្ពុជា​សង្ស័យ​ថា ទាហាន​ថៃ​ចង់​ចូល​មក​កាន់កាប់​តំបន់​ខ្លះ​ក្នុង​ទឹកដី​កម្ពុជា​នៅតាម​ព្រំដែន​នោះ មុនការ​មក​ដល់​នៃ​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី។

នៅ​ក្នុង​សំណុំរឿង​ដោះស្រាយ​វិបត្តិ​ព្រំដែន​ជាមួយ​ថៃ កម្ពុជា​កំពុង​តែ​ត្រៀម​លក្ខណៈ​ដើម្បី​ចេញ​ដំណើរ​ទៅ​ទីក្រុង​បូហ្កូ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ គណៈកម្មការ​ខណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​ថៃ JBC និង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ថៃ​ផង​ដែរ។ កិច្ច​ប្រជុំ​ទាំងនេះ​ដែល​ឥណ្ឌូនេស៊ី​នឹង​រៀបចំ​នៅថ្ងៃ​ទី​៧-៨ មេសា​នេះ។ ប្រមុខ​រដ្ឋាភិបាល​ក្រុង​បាងកក លោក​អាប់ភីស៊ីត វេចាជីវ៉ា​បាន​អះអាង​ថា ថៃ​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រជុំ​គណៈកម្មាការ​ខណ្ឌសីមា​ព្រំដែន​គោក JBC​ពិត​មែន។ ប៉ុន្តែ​គេ​នៅ​តែ​ទទួល​ចម្លើយ​អវិជ្ជមាន​រហូត​ដល់​ពេល​នេះ​ពី​ក្រុម​មេ​ដឹកនាំ​ទាហាន​ថៃ​ដៃល​បដិសេធ​មិន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC។

លោក​ខៀវ កាញារីទ្ធ​ថ្លែង​ថា កម្ពុជា​មិន​ខ្វល់​ពី​ការ​បដិសេធ​ណា​មួយ​របស់​ភាគី​ថៃ​នោះ​ទេ ហើយ​ថា​កម្ពុជា​នឹង​នៅ​តែ​ចូល​រួម​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ដែល​ជា​អ្នក​រៀបចំ​ការ​ប្រជុំ​នេះ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ