អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​កម្ពុជា​កំពុងស្រាវជ្រាវ​រឿងពលរដ្ឋ​ខ្មែរ​៦នាក់​ជាន់មីន​ក្នុងដីថៃ​

រឿង​រ៉ាវ​ទាក់ទង​នឹង​ព្រំដែន​ខ្មែរ​ថៃ​បាន​កើត​ឡើង​មិន​ចេះ​ចប់​ឡើយ។ ​ក្រសួង ​ការបរទេស​កម្ពុជា​ និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​កំពុង​បន្ត​ការ​ស្រាវជ្រាវ​ព័ត៌មាន​ស្តីពី​ ពលរដ្ឋ​ខ្មែរ​៦​នាក់​ដែល​បាន​ជាន់មីន​ក្នុង​ទឹកដី​ថៃ​ដែល​បណ្តាល​ឱ្យ​ស្លាប់ ​និង​របួស​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ ​បុរស​ខ្មែរ​៦​នាក់​ដែល​បាន​លួច​ចូល​កាប់ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​បាន​ទទួល ​គ្រោះថ្នាក់​ជាន់​មីន​ផ្ទុះ​នៅ​ពេល​ដែល​ពួកគេ​កំពុង​អូស​រទេះ​ដែល​ដឹកឈើ​ ក្រញូង​ពេញ​ចេញ​ពី​ទឹក​ដី​ថៃ។ ហេតុការណ៍​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​បី​នាក់​ស្លាប់ ​ពីរ​នាក់​របួស​ធ្ងន់​ និង​បាត់​ខ្លួន ​ចំណែក​ឯ​ម្នាក់​ទៀត​បាន​មក​ដល់​ព្រំដែន​វិញ​ទាំង​រង​របួស។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ជំហាន​ដំបូង។ 

ការស្រាវជ្រាវ​រកពលរដ្ឋខ្មែរ​៥នាក់ទៀត​ដែល​ស្លាប់​និងបាត់ខ្លួន​នៅក្នុង​ទឹកដី​ថៃក្បែរ​ព្រំដែន​ខេត្តឧត្តរមានជ័យ​
ការស្រាវជ្រាវ​រកពលរដ្ឋខ្មែរ​៥នាក់ទៀត​ដែល​ស្លាប់​និងបាត់ខ្លួន​នៅក្នុង​ទឹកដី​ថៃក្បែរ​ព្រំដែន​ខេត្តឧត្តរមានជ័យ​ © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

02:33

សេចក្តីរាយការណ៍របស់​ ប៉ែន បូណា

រហូត​មក​ទល់​នឹង​ថ្ងៃ​សៅរ៍​នេះ​ អាជ្ញាធរ​កម្ពុជា​កំពុង​តែ​មមាញឹក​ក្នុង​ការ​ស្រាវជ្រាវ​រក​ពលរដ្ឋ​ខ្មែរ​៥​នាក់​ទៀត​ដែល​បាន​ស្លាប់​និង​បាត់​ខ្លួន​នៅ​ក្នុង​ទឹកដី​ថៃ​ក្បែរ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​ដោយ​សារ​តែ​ជាន់​មីន​ផ្ទុះ​ក្នុង​ខណៈ​ដែល​ពួកគេ​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ។ ​លោក​ កុយ គួង​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ ក្រសួង​ការបរទេស​បាន​ស្នើ​ឱ្យ​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​របស់​ថៃ​ស្រាវ​ជ្រាវ​អំពី​រឿង​នេះ​ តែ​គេ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​នៅ​ឡើយ​ទេ។

 
កាលពី​យប់​ថ្ងៃ​ទី​១៧​មីនា ​មាន​សេចក្តី​រាយការណ៍​ថា​ ពលរដ្ឋ​ខ្មែរ​៦​នាក់​ដែល​សុទ្ធ​តែ​ជា​បុរស​ពេញ​កម្លាំង​និង​យុវជន​អាយុ​១៦​ឆ្នាំ​ម្នាក់​ផង​បាន​ជាន់​គ្រាប់​មីន​តោន​របស់​ថៃ​នៅ​ខណៈ​ដែល​ពួកគេ​កំពុង​អូស​រទេះ​ដឹក​ឈើ​ក្រញូង​ពេញ​ចេញ​ពី​ក្នុង​ព្រៃ​ក្នុង​ទឹកដី​ថៃ​ជាប់​ព្រំប្រទល់​ស្រុក​ត្រពាំង​បា្រសាទ​ខេត្ត​ឧត្តរមានជ័យ។ ​នៅ​ក្នុង​ឧប្បទ្ទវហេតុ​នោះ ​មនុស្ស​បី​នាក់​ត្រូវ​គេ​រាយ​ការណ៍​​ថា​បាន​ស្លាប់​នៅ​នឹង​កន្លែង​ដោយ​ត្រូវ​របួស​សុសសាច់​និង​ដាច់​ជើង​ទាំងពីរ។ ​បុរស​ពីរ​នាក់​ទៀត​រង​របួស​ធ្ងន់​និង​មិន​ដឹង​ជា​មាន​ជោគវាសនា​យ៉ាងណា​ទេ។ ​ប៉ុន្តែ អ្នក​រង​របួស​ម្នាក់​បាន​ខំ​លូន​ចេញ​ពី​ព្រៃ​មក​ដល់​ដី​ខ្មែរ​វិញ។

ហេតុការណ៍​ដ៏​សោក​សៅ​បែប​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​សម្រាប់​ក្រុម​អ្នក​ផ្សង​ព្រេង​ចូល​កាប់​ឈើ​មាន​តម្លៃ​ក្នុង​ទឹកដី​ថៃ។ ​បើ​មិន​ផ្ទុះ​មីន​ទេ​ ក៏​ត្រូវ​ទាហាន​ថៃ​បាញ់​ប្រហារ​ដែរ។​ កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ ក៏​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​របស់​ទាហាន​ឡាវ​ដោយសារ​តែ​ការ​លប​លួច​កាប់​ឈើ​មាន​តម្លៃ​នៅ​ក្នុង​ដីឡាវ។​ អាជ្ញាធរ​នៅ​តាម​ខេត្ត​ជាយដែន​បាន​ហាម​ប្រាម​មិន​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​ជិត​ខាង​ណាមួយ​ដើម្បី​កាប់​ឈើ​នោះទេ​ ប៉ុន្តែ ​ដោយ​សំអាង​លើ​ភាព​ក្រីក្រ ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅ​តែ​បន្ត​ផ្សងព្រេង​ប្រថុយ​ជីវិត​ក្នុង​ទឹក​ដី​ប្រទេស​ជិត​ខាង​ដដែល​ជា​ថ្នូរ​នឹង​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត។

ប្រភព​ពី​យោធា​ការពារ​ព្រំដែន​ឱ្យ​ដឹង​ថា​ ផ្លូវ​ដែល​ពលរដ្ឋ​ខ្មែរ​ជាន់​មីន​នោះគឺ​ជា​ផ្លូវ​ចាស់​ដែល​ពី​មុន​នេះ​គ្មាន​គ្រាប់​មីន​ទេ។ ​គេ​សង្ស័យ​ថា ​គ្រាប់មីន​នេះ​ទើប​តែ​ដាក់​ថ្មីៗ​ដោយ​ទាហាន​ថៃ​ក្នុង​បំណង​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ទឹកដី​គេ។ ​យ៉ាងណា​ក៏ដោយ​ អាជ្ញាធរ​កម្ពុជា​កំពុង​ស្រាវជ្រាវ​រក​ព័ត៌មាន​ពិត​ប្រាកដ​ក្នុង​រឿង​នេះ​ហើយ។ ​គេ​សង្ឃឹម​ថា ​អ្នក​ត្រូវ​របួស​ពីរ​នាក់​ដែល​បាត់​ខ្លួន​នោះ​ទំនង​ជា​ស្លាប់​បាត់​ទៅ​ហើយ។​លោក​ កុយ គួង​អះអាង​ថា ​នៅ​ពេល​ដែល​មាន​របាយការណ៍​គ្រប់គ្រាន់​និង​ជាក់លាក់ ​ក្រសួង​ការបរទេស​នឹង​បញ្ចេញ​ប្រតិកម្ម​អំពី​បញ្ហា​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ