អានតួអត្ថបទ
កម្ពុជា

អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ

កាល​ពី​ព្រឹក​ថ្ងៃទី ២៨ កុម្ភៈ​ ក្រុម​អ្នក​ភូមិ​បឹងកក់​ប្រមាណ ៤០០ នាក់​បាន​ប្រមូលផ្តុំ​តវ៉ា នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​គម្រោង​ធ្វើ​ផ្លូវ​ចូល​តំបន់​អភិវឌ្ឍន៍​បឹងកក់​។ ក្រុម​អ្នក​ភូមិ​បាន​តវ៉ា ដោយ​ឈរ​បិទផ្លូវ នៅមុខ​សាលាក្រុង ប៉ុន្តែ​បន្តិច​ក្រោយ​មក កម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​ខែល និង​ដំបងឆក់​បាន​វាយ​បំបែក​។ តំណាង​អ្នក​ភូមិ​បឹងកក់ ៥ នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​មួយរយៈ។​

អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ
អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ ©ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម
03:15

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ

លី ម៉េងហួរ

នៅ​ព្រឹក​ព្រលឹម​ថ្ងៃច័ន្ទ ទី ២៨ កុម្ភៈ​នេះ ក្រុម​អ្នក​ភូមិ​បឹងកក់ ភាគច្រើន​ជា​ស្ត្រី បាន​ប្រមូលផ្តុំ​តវ៉ា​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ជំទាស់​នឹង​គម្រោង​ធ្វើ​ផ្លូវ​ចូល​តំបន់​អភិវឌ្ឍន៍​បឹងកក់​ដ៏​ចម្រូងចម្រាស​។ គម្រោង​បើកផ្លូវ​ថ្មី​ចូល​តំបន់​បឹងកក់​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជូន​ដំណឹង​ដល់​អ្នកភូមិ ដែល​មាន​ដី និង​ផ្ទះ​ស្ថិត​ក្នុង​គម្រោង​ផ្លូវ​ថ្មី​នោះ ត្រូវ​ទៅ​ទទួល​សំណង​ពី​អាជ្ញាធរ​រយៈពេល ១០ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ១៧ កុម្ភៈ។ ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា គម្រោង​បើកផ្លូវ​ថ្មី​ចូល​តំបន់​អភិវឌ្ឍន៍​បឹងកក់ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​សម្រេច ដោយ​គ្មាន​ការ​ជជែក​ជាមួយ​ប្រជាពលរដ្ឋ​ទេ។

ក្នុង​ព្រឹត្តិការណ៍​នៅ​ព្រឹក​មិញ ក្រោយ​ពី​ការ​ប្រមូលផ្តុំ អ្នកភូមិ​បាន​នាំគ្នា​ឈរ​បិទផ្លូវ​ព្រះមុនីវង្ស នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ចេញ​មក​ដោះស្រាយ។ ក៏​ប៉ុន្តែ​បន្តិច​ក្រោយ​មក ប៉ូលិស​ប្រមាណ ៥០០ នាក់ ប្រដាប់​ដោយ​ខែល និង​ដំបងឆក់ មាន​ទាំង​កាំភ្លើង​ផង បាន​ចូល​បំបែក​ក្បួន​តវ៉ា​។ ហេតុការណ៍​នោះ ប៉ូលិស​បង្ក្រាប​បាតុកម្ម បាន​វាយ​លើ​ស្ត្រី​អ្នក​តវ៉ា បណ្តាល​ឲ្យ​អ្នក​ភូមិ​របួសធ្ងន់ ស្រាល និង​មាន​ខ្លះ​សន្លប់​។ ស្ត្រី​អ្នកភូមិ​ជាច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​ប៉ូលិស​វាយ​រហូត​ដល់​រហែក​អាវ។

តំណាង​អ្នក​ភូមិ ៥ នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​ដាក់​ឡាន​។ ប៉ុន្តែ​ភ្លាមៗ​នោះ ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​អ្នកភូមិ​ដណ្តើម​បាន​ពី​ប៉ូលិស​មក​វិញ​។ ទី​បំផុត​ទៅ តំណាង​អ្នក​ភូមិ​បឹងកក់​ដែល​ចូលរួម​ការ​តវ៉ា​ចំនួន ៣ នាក់ រួម​មាន​ស្ត្រី​ពីរ​នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន នាំ​ទៅ​កាន់​សាលា​ខ័ណ្ឌ​ដូនពេញ ដែល​ស្ថិត​នៅ​ប្រមាណ ៣០០ ម៉ែត្រ ពី​កន្លែង​តវ៉ា​។ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ អាជ្ញាធរ​ខ័ណ្ឌដូនពេញ​បាន​ដោះលែង​ស្ត្រី ២ នាក់​មក​វិញ។ បន្ទាប់​មក បុរស​ម្នាក់​ទៀត​ក៏​ត្រូវ​ដោះលែង​ដែរ។

អ្នកស្រី លី មុំ ​អ្នក​ភូមិ​បឹងកក់​ដែល​ចូលរួម​ការ​តវ៉ា​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ដោះលែង អ្នក​ភូមិ​បឹងកក់​ទាំង ៣នាក់​ត្រូវ​បាន​អាជ្ញាធរ​ខ័ណ្ឌដូនពេញ តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ផ្តិត​មេដៃ​ឈប់​ធ្វើ​ការ​តវ៉ា​។ រីឯ​កាំ​ម៉ា​រ៉ា​ថតរូប​ពីរ​គ្រឿង និង​មីក្រូ​មួយគ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ប្រគល់​ឲ្យ​អ្នកភូមិ​វិញ​។ ប៉ុន្តែ​រូបថត​នៃ​សកម្មភាព​បំបែក​លើ​ក្បួន​បាតុកម្ម ត្រូវ​បាន​អាជ្ញាធរ​លុប​ចេញ​ពី Memory ម៉ាស៊ីនថតរូប​ទាំង​នោះ​។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ភូមិ​បឹង​កក់​បាន​អះអាង​មុន​នឹង​រំសាយ​ចេញ​ពី​មុខ​សាលា​ខណ្ឌ​ដូនពេញ​នៅ​មុន​នេះ​ថា នឹង​ប្តេជ្ញា​ធ្វើ​ការ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​តាម​អ្វី​ដែល​អ្នក​ភូមិ​ចង់​បាន​។ នោះ​គឺ​ដី​ទំហំ ១៥ ហិកតា ក្នុង​តំបន់​បឹងកក់​សម្រាប់​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដោយ​ការ​សាងសង់​ផ្ទះល្វែង​ដោយ​ខ្លួនឯង​។

សូម​រម្លឹក​ថា ជម្លោះ​ដី​នៅ​តំបន់​បឹងកក់​បាន​កើត​ឡើង​ចាប់​តាំង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចុះហត្ថលេខា​ជួល​ដី​បឹងកក់ ទំហំ ១៣៣ ហិកតា ឲ្យ​ក្រុមហ៊ុន ស៊ូ​កា​គូ អ៊ិន របស់​លោក​ឧកញ៉ា ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០០៧​។ គម្រោង​អភិវឌ្ឍន៍​នោះ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៤.០០០ គ្រួសារ​ត្រូវ​រុះរើ​លំនៅឋាន​។

អាជ្ញាធរ និង​ក្រុមហ៊ុន​បាន​សម្រេច​ផ្តល់​សំណង​ដល់​អ្នកភូមិ​នូវ​ទឹកប្រាក់ ៨.៥០០ ដុល្លារ ក្នុង​មួយ​គ្រួសារ​។ ប៉ុន្តែ​អ្នក​ភូមិ​បឹងកក់​ដែល​រស់នៅ​ដីគោក​ជាង ១.៥០០ គ្រួសារ ចុងក្រោយ​នេះ ចង់​បាន​ដី​ទំហំ ១៥ ហិកតា​ដើម្បី​អភិវឌ្ឍន៍​នៅនឹងកន្លែង ដោយ​សាងសង់​ផ្ទះ​ល្វែង​ដោយ​ខ្លួនឯង​។ តែ​អាជ្ញាធរ​បដិសេធ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ