អានតួអត្ថបទ
កម្ពុជា-ជប៉ុន

វិនិយោគិន​ជប៉ុន​នឹង​កើន​ឡើង​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ

អ្នក​ជំនាញ​ផ្នែក​វិនិយោគ​ប្រចាំ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​នៅ​កម្ពុជា​បាន​អះអាង​​​ថា វិនិយោគិន​ជប៉ុន​នឹង​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ក្នុង​រយៈ​ពេល​២ ឬ​៣​ឆ្នាំ​ខាង​មុខ​នេះ។ អ្នក​ជំនាញ​បាន​ពន្យល់​ថា កត្តា​ចំបង​មួយ​ដែល​ជំរុញ​អោយ​វិនិយោគិន​​​ជប៉ុន​មក​កម្ពុជា​នោះ គឺ​ការ​យល់ដឹង​ពី​ស្ថិរភាព​នយោបាយ និង​ការ​រៀបចំ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​វិនិយោគ​របស់​កម្ពុជា។ គិត​មក​ដល់​ត្រឹម​ឆ្នាំ​២០០៩ មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​៣៤​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

 

02:21

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ

អ្នក​ជំនាញ​ជប៉ុន​ផ្នែក​វិនិយោគ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ហៅកាត់​ថា ចៃកា (JICA)​បាន​ថ្លែង​អោយ​ដឹង​ថា នៅ​ដើម​ឆ្នាំ​២០១១​នេះ មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​៧​បាន​មក​សិក្សា​ដាក់​ទុន​នៅ​កម្ពុជា។ លោកYuji IMAMURA អ្នក​ជំនាញការ​របស់​ចៃកា និង​ជា​ទីប្រឹក្សា​នៃ​ការិយាល័យ​វិនិយោគ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បាន​បញ្ជាក់​ថា​អ្នក​វិនិយោគ​ជប៉ុន​ភាគ​ច្រើន​ទើប​តែ​ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​សុវត្ថិភាព ខុស​ពី​អ្វី​ដែល​ពួក​គេ​បាន​គិត​កន្លង​មក។

លោក​IMAMURA​បន្ត​ថា កន្លង​មក​វិនិយោគិន​ជប៉ុន​គិត​ថា កម្ពុជា​គឺ​ជា​ប្រទេស​គ្រោះថ្នាក់ មាន​គ្រាប់មីន​គ្រប់​ទីកន្លែង គ្មាន​ហាងអាហារ ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ដែល​មិន​បរិភោគ​ស្រា គ្មាន​ផ្សារ​ទំនើប​ជាដើម។ ទាំងនេះ​ហើយ​ដែល​ជា​មូលហេតុ​ចំបង​មួយ ដែល​ធ្វើ​អោយ​វិនិយោគទុន​ជប៉ុន​មាន​ទំហំ​តូច​នៅ​កម្ពុជា។ របាយការណ៍​បាន​បង្ហាញ​ថា ចន្លោះ​ពេល​ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ មាន​ក្រុមហ៊ុន​ជប៉ុន​តែ​៣៤​ដែល​មាន​វត្តមាន​នៅ​កម្ពុជា ក្នុង​តម្លៃ​វិនិយោគ​សរុប​ប្រហែល​២៤០​លាន​ដុល្លារ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ទាំង​នោះ​មាន​ដូច​ជា Suzuki Yamaha Ajinomoto និង​Minebea​ដែល​ជា​ក្រុមផលិត​គ្រឿង​បន្លាស់​ដ៏​ធំ​មួយ​របស់​ជប៉ុន។

ក្រោយពី​ការ​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា បូកផ្សំ​នឹង​ការ​កែលំអ​ហេដ្ឋារចនាសម័្ពន្ធ​មួយ​ចំនួន​សម្រាប់​ការវិនិយោគ ដូច​ជា​ការ​ពង្រីក​សេវា​អគ្គីសនី​ក្នុង​តម្លៃ​ទាប​ជាដើម អ្នក​ជំនាញ​ជប៉ុន​លោក IMAMURA យល់​ថា វិនិយោគិន​ជប៉ុន​នឹង​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត និន្នាការ​នៃ​ការ​បង្វែរ​ទិស​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​ក្នុង​ពិភពលោក ក៏​ជា​ផ្នែក​មួយ​ជំរុញ​អោយ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​ដែរ។ អ្នក​ជំនាញ​របស់​ចៃកា​ពន្យល់​ថា ចាប់តាំងពី​មាន​ការ​អភិវឌ្ឍនៅ​តំបន់​ជនបទ​នៅ​ប្រទេស​ចិន សៀងហៃ ហាណូយ និងហូជីមិញ កម្មករ​ទាំងនេះ​បាន​ឈប់​ពី​ការងារ​នៅ​ក្នុង​រោងចក្រ​ជប៉ុន ដែល​ធ្វើអោយ​វិនិយោគិន​ជប៉ុន​ត្រូវ​បង្វែរទិស​មក​ប្រទេស​ផ្សេងៗ​ដូចជា បង់ក្លាដេស ភូមា ឡាវ និង​កម្ពុជា​ជាដើម។

សព្វថ្ងៃ​នេះ ថ្វីត្បិត​តែ​ជំនួយ​របស់​ជប៉ុន​នៅតែ​ដើតួរ​នាំ​មុខ​គេ​នៅ​កម្ពុជា ប៉ុន្តែ​ទំហំ​វិនិយោគ​របស់​ជប៉ុន​បាន​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ទី​១២ ឆ្ងាយ​ពី​វិនិយោគទុន​ចិន​ដែល​ស្ថិតនៅ​លំដាប់​ថ្នាក់​ទី​មួយ និង​វិនិយោគទុន​កូរ៉េ​ដែល​ស្ថិតនៅ​លំដាប់​ថ្នាក់​ទី​២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ