អានតួអត្ថបទ
កម្ពុជា

តួ​អង្គ​នយោបាយ​ដដែល​នឹង​ប្រកួត​គ្នា​នៅ​ឆ្នាំ​២០១២​និង​២០១៣

ការ​​បោះឆ្នោត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ​ក្រោយ​នេះ​ទៅ។ នៅ​ឆ្នាំ​២០១២​ គឺ​ជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​ឃុំ​សង្កាត់​ រីឯ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​គឺ​ជា​ការ​បោះឆ្នោត​ជ្រើស​រើស​​តំណាងរាស្ត្រ។ សម្រាប់​ការ​បោះឆ្នោត​ទាំង​ពីរ​ខាង​លើ​នេះ គេ​ពិត​ជា​ឃើញ​តួអង្គ​នយោបាយ​ដដែល​​នឹង​ចេញ​មក​ប្រកួត​ប្រជែង​គ្នា​ជា​ថ្មី​ម្តង​ទៀត។

ព្រះអង្គម្ចាស់​នរោត្តម​ រណឬទ្ធិ
ព្រះអង្គម្ចាស់​នរោត្តម​ រណឬទ្ធិ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:41

សេចក្តីរាយការណ៍​របស់ គី សុខលីម​​ពីភ្នំពេញ

បន្ទាប់ពី​ប្រកាស​សម្រាក​ពី​ជីវិត​នយោបាយ​មួយ​រយៈ​រួច​មក ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ បាន​សម្រេច​ព្រះទ័យ​យាង​ចូល​ឆាក​នយោបាយ​វិញ​កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។

គ្រាន់តែ​ហក់​ចូល​ក្នុង​ពិភព​នយោបាយ​ភ្លាម​នោះ ព្រះអង្គ​ដែល​ធ្លាប់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ដែរ​នោះ បាន​ចាប់​ផ្ដើម​យាង​ទៅ​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​នៅ​តាម​ខេត្ត។ កាលពី​ម្សិលមិញ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ថ្ងៃ​អាទិត្យ​នេះ បើយោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​គណបក្ស​ ​ព្រះអង្គ​យាង​ទៅ​កាន់​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ស្អែក នៅ​ក្នុង​ខេត្ត​សៀមរាប​និង​ខេត្ត​ដទៃៗ​ទៀត​រហូត​ដល់​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

កាលពី​ម្សិលមិញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​មាន​ព្រះ​បន្ទូល​បញ្ជាក់​ថា ការយាង​ចូល​របស់​ព្រះអង្គ​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ​នេះ​គឺ​ដើម្បី​ប្រមែប្រមូល​អ្នក​ជាតិនិយម​អ្នក​រាជានិយម​និង​អ្នក​សីហនុនិយម​អោយ​រួមគ្នា​ឡើង​វិញ។ ព្រះអង្គម្ចាស់ បាន​មាន​បន្ទូល​បន្ត​ទៀត​ថា សក្ដានុពល​អ្នក​ជាតិនិយម​អ្នក​រាជា​និយម​និង​សីហនុ​និយម​មិនមែន​មាន​តែ​៤​កៅអី​នោះ​ទេ។ ៤​កៅអី​នាពេល​កន្លង​មក​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​គណបក្ស​នរោត្តម រណឫទ្ធិ មិនមែន​តំណាង​អោយ​ចលនា​អ្នកជាតិនិយម​និង​រាជានិយម​នោះ​ទេ។ អ្នក​រាជានិយម​អ្នក​ជាតិនិយម​កំពុង​ស្ថិត​នៅ​រប៉ាត់រប៉ាយ​គ្មាន​ឪពុក​ម្តាយ​គ្រប់គ្រង។

ការ​យាង​ត្រឡប់​​ចូល​ឆាក​នយោបាយ​នៅ​ពេល​នេះ​ត្រូវ​បាន​ព្រះអង្គ​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ថា ព្រះអង្គ​សម្រេច​យក​ផ្លូវ​កណ្ដាល​ពោល​គឺ​មិន​ប្រឆាំង​ជាមួយ​គណបក្ស​កាន់​អំណាច​និង​មិន​ប្រឆាំង​ជាមួយ​គណបក្ស​ប្រឆាំង។

នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ឯណោះ​វិញ សមាជិក​សមាជិកា​ទាំង​អស់​បាន​បោះឆ្នោត​គាំទ្រ​លោក ហ៊ុន សែន ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ខាង​មុខៗ​ទៀត។ នេះ​មាន​ន័យ​ថា លោក ហ៊ុន សែន នៅ​តែ​ជា​តួឯក​នយោបាយ​សំខាន់​របស់​គណបក្ស​ប្រជាជន​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ដទៃៗ​ទៀត។

នៅ​ក្នុង​គណបក្ស​ប្រឆាំង​សមរង្ស៊ី​ឯណោះ​វិញ លោក សម រង្ស៊ី នៅ​តែ​ជា​មនុស្ស​មាន​ប្រជាប្រិយភាព​​សម្រាប់​គណបក្ស​ដដែល​បើទោះបីជា​រូប​លោក​ត្រូវ​បាន​តុលាការ​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ហើយ​លោក​បង្ខំ​ចិត្ត​ស្នាក់​នៅ​បរទេស​ក៏​ដោយ។

លោក កឹម សុខា ដែល​កំពុង​ដឹក​នាំ​គណបក្ស​សិទ្ធិមនុស្ស​ក៏​បាន​ក្លាយ​ទៅ​ជា​តួអង្គ​សំខាន់​មួយ​ដែរ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១២​និង​២០១៣ អ្នក​បោះ​ឆ្នោត​នឹង​ឃើញ​តួអង្គ​នយោបាយ​ដដែល​បង្ហាញ​មុខ​នៅ​ពេល​បោះ​ឆ្នោត។ អ្នក​ទាំង​អស់​នោះ​ជា​រួម​មាន៖ លោក ហ៊ុន សែន លោក សម រង្ស៊ី លោក កឹម សុខា​និង​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ