អានតួអត្ថបទ
កម្ពុជា

ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ត្រៀមព្រះកាយ​ជួយដោះស្រាយ​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេសថៃ​

គណបក្ស​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​បង្ហាញ​ជំហរ​តែមួយ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គណបក្ស​មាន​និន្នាការ​នយោបាយ​ខុសគ្នា​និយាយ​សំឡេង​តែ​មួយ។​ ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ព្រះ​ប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ​បាន​ មាន​ព្រះ​បន្ទូល​កាល​ពី​ព្រឹកមិញ​ទៅកាន់​សមាជិក​របស់​ព្រះអង្គ​នៅ​ទីក្រុង​ ភ្នំពេញ​ថា​ ព្រះអង្គ​ត្រៀម​ព្រះ​កាយ​ជានិច្ច​ដើម្បី​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ប្រសិន​បើ​រដ្ឋាភិបាល​ ត្រូវការ​រូប​ព្រះអង្គ។

ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិគាំទ្រ​ជំហររបស់​លោក​ហ៊ុនសែន​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិគាំទ្រ​ជំហររបស់​លោក​ហ៊ុនសែន​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

02:50

សេចក្តីរាយការណ៍របស់ គី សុខលីម

គណបក្ស​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​និន្នាការ​នយោបាយ​ខុសគ្នា​កំពុង​បង្ហាញ​ជំហរ​រួមគ្នា​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។

 
គណបក្ស​នរោត្តម​រណឫទ្ធិ​ដែល​អះអាង​ថា​ជា​គណបក្ស​រាជា​និយម​បាន​ប្រកាស​ជំហរ​សា​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ទី​១៩​ខែ​កុម្ភៈ​នេះ​ថា គណបក្ស​រាជា​និយម​គាំទ្រ​ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ថៃ។

ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ព្រះ​ប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ​បាន​មាន​ព្រះ​បន្ទូល​កាល​ពី​ព្រឹកមិញ​ទៅកាន់​សមាជិក​របស់​ព្រះអង្គ​នៅ​ទីក្រុង​ភ្នំពេញ​ថា​ ព្រះអង្គ​ត្រៀម​ព្រះ​កាយ​ជានិច្ច​ដើម្បី​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ប្រសិន​បើ​រដ្ឋាភិបាល​ត្រូវការ​រូប​ព្រះអង្គ។

កាល​ពី​ម្សិលមិញ​គណបក្ស​នរោត្តម​រណឫទ្ធិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​សំណើ​៤​ចំណុច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​២២​ខែ​កុម្ភៈ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ។

ចំណុច​ទាំង​៤​នោះ​ជា​រួម​មាន​៖​
ទី១-កម្ពុជា​និង​ថៃ​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ដោយ​មាន​អាស៊ាន​ជា​សាក្សី។
ទី២-ភាគី​ទាំងពីរ​ត្រូវ​រក្សា​ទីតាំង​ឈរជើង​នៅ​មួយ​កន្លែង​ដោយ​មិន​ធ្វើការ​ចល័ត​កង​ទ័ព។
ទី៣-លើក​ទឹកចិត្ត​ឱ្យ​មេ​ទ័ព​នៅ​ជួរ​មុខ​ជួបគ្នា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង។
ទី៤-អាស៊ាន​ត្រូវ​បញ្ជូន​កង​កម្លាំង​មក​ពិនិត្យ​មើល​ការ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍។

ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ដែល​ទើប​សម្រេច​ព្រះទ័យ​យាង​ចូល​ឆាក​នយោបាយ​វិញ​នោះ​បាន​បន្ត​ទៀត​ថា ​គណបក្ស​ព្រះអង្គ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បី​ដង​រួច​មក​ហើយ​ក្នុង​ការ​គាំទ្រ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​តតាំង​ជា​មួយ​ប្រទេស​ថៃ​ក្នុង​រឿង​ជម្លោះ​ព្រំដែន។ ​ព្រះអង្គ​មាន​បន្ទូល​បន្ត​ទៀត​ថា ​ពេលនេះ​គ្រប់​គណបក្ស​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​បង្ហាញ​ជំហរ​ឯកភាពជាតិ​ក្នុង​រឿង​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។

កាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​កន្លងមក​នេះ ​លោក សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោយ​គាំទ្រ​ចំណាត់​ការ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។

នៅក្នុង​ផ្នែក​ចុងក្រោយ​នៃ​ខ្លឹមសារ​សំបុត្រ​ លោក សម រង្ស៊ី ដែល​ធ្លាប់​ជា​ដៃ​គូប្រកួត​ប្រជែង​នយោបាយ​យ៉ាង​ខ្លាំងក្លា​ជាមួយ​លោក ហ៊ុន សែន​នោះ​បាន​សរសើរ​លោក ហ៊ុន សែន ថា បាន​ចាត់​វិធានការ​ត្រឹមត្រូវ​និង​ទាន់​ពេល​វេលា​ទាំង​ផ្នែក​នយោបាយ​និង​ការ​ទូត​ដើម្បី​ទប់ទល់​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ។

ដូចគ្នា​អ៊ីចឹង​ដែរ​សម្រាប់​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក ​កឹម សុខា។ ​គណបក្ស​នេះ​ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ​បាន​សម្ដែង​ការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​នាំ​យក​ករណី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ប្ដឹង​ទៅកាន់​អង្គការ​សហប្រជាជាតិ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ