អានតួអត្ថបទ
កម្ពុជា

មន្រ្តី​ពាណិជ្ជកម្ម​​ថា​ ការ​ឈ្លានពាន​ថៃ​ មិន​ប៉ះពាល់​ដល់​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​-ថៃ​

មន្រ្តី​ពាណិជ្ជកម្ម​កម្ពុជា​បញ្ជាក់ នៅ​ថ្ងៃ​អាទិត្យ​ទី​១៣​កុម្ភៈ​នេះ​ថា ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ មក​លើ​កម្ពុជា ​ដែល​ជំរុញ ឲ្យ​មាន​សង្រ្គាម​យោធា​តាម​ព្រំដែន​កម្ពុជា ថៃ​នោះ មិន​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ទំាង​ពីរ​ប្រទេស​នោះ​ទេ។ ជាក់ស្តែង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ថៃ ដែល​គេ​គិត​ថា​អាច​លើក​ពេល បន្ទាប់ពី​មាន​ការ​ផ្ទុះ​អាវុធ​នៅ​ថ្ងៃ​ទី​៤ រហូត​ដល់ ថ្ងៃ​៧​កុម្ភៈ​នោះ ពេលនេះ​នឹង​ប្រារព្ធ​ធ្វើ គ្មាន​ប្រែប្រួល​ឡើយ ហើយ​បើគេ​ពិនិត្យ​មើល​ទឹកប្រាក់​ពាណិជ្ជកម្ម​រវាង​ពីរ​ប្រទេស​នេះ​ក៏​មិន​ បាន​ធ្លាក់​ចុះ​ដែរ។

មន្រ្តី​ពាណិជ្ជកម្ម​ថា​ ការ​ឈ្លានពាន​ថៃ​ មិន​ប៉ះពាល់​ដល់​វិស័យ​ពាណិជ្ជកម្ម​ កម្ពុជា​ ថៃទេ
មន្រ្តី​ពាណិជ្ជកម្ម​ថា​ ការ​ឈ្លានពាន​ថៃ​ មិន​ប៉ះពាល់​ដល់​វិស័យ​ពាណិជ្ជកម្ម​ កម្ពុជា​ ថៃទេ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:34

សេចក្តីរាយការណ៍​របស់ អ៊ឹម ណាវិនពីភ្នំពេញ

អ៊ឹម ណាវិន

ការ​ផ្ទុះ​អាវុធ​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ​កាលពី​ចុង​សប្ដាហ៍​មុន​នេះ មិនប៉ះពាល់​ដល់ ការ​វិនិយោគ​ពាណិជ្ជកម្ម រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​នោះ​ទេ។ នេះ​ជា​ការ​អះអាង​របស់​មន្រ្តី ជំនាញ ក្រសួង​ពាណិជ្ជកម្ម ផ្នែក​ជំរុញ​ការ​នាំចូល នាំចេញ​កម្ពុជា ប្រាប់​វិទ្យុ​បារំាង អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​ទី​១៣ កុម្ភៈ​នេះ។

ជាក់ស្តែង​ពិព័រណ៍​ពាណិជ្ជកម្ម កម្ពុជា ​ថៃ​ដែល​គ្រោង​នឹង​ពន្យារ​ពេល​​ បន្ទាប់ពី​ការ​ផ្ទុះ​អាវុធ​ភ្លាមៗ​នោះ តែពេលនេះ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម អះអាង​ថា គ្មាន​ការ​ពន្យារ​ពេល​នោះ​ទេ ពិព័រណ៍​ពាណិជ្ជកម្ម កម្ពុជា ថៃ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក គ្មាន​អ្វី​ប្រែប្រួល​ឡើយ។
ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ថៃ ប្រចំា​ឆ្នាំ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នៅ​ឯ​មជ្ឈមណ្ឌល​កោះពេជ្រ។ ពិព័រណ៏​ពាណិជ្ជកម្ម​កម្ពុជា ថៃ នឹង​មាន​ស្តង់​ដាក់​បង្ហាញ​មុខ​ទំនិញ​មកពី​ប្រទេស​កម្ពុជា និង​ថៃ​ដូច​ទម្លាប់​ឆ្នាំ​មុនៗ ប្រមាណ​ជិត​២០០​ស្តង់ ក្នុង​ស្តង់​​ទំនិញ​ថៃ​មាន​ជាង​១០០។

ទំនិញ​ថៃ ដែល​មាន​វត្តមាន​ក្នុង​ការ​ដាក់តំាង​ពិព័រណ៍​ក្នុង​ពេលនោះ មាន​ដូច​ជា គ្រឿង​ហូបចុក ផលិតផល​សំអាង សម្ភារៈ​ប្រើប្រាស់​ប្រចំា​ថ្ងៃ និង​ផលិតផល​ឧស្សាហកម្ម​ជាដើម។ នេះ​បើ​យោងតាម​ការ​អោយ​ដឹង ពី​អ្នក​រៀបចំ​កម្មវិធី។

ក្រៅ​ពី​ការ​ដាក់​បង្ហាញ​ផលិតផល​រៀងៗ​ខ្លួន ​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ថៃក៏​ជាឱកាស​ជួប​គ្នា​រវាង​ពាណិជ្ជករ ទំាង​ពីរ​ប្រទេស​ផង​ដែរ ។មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អោយ​ដឹង​ថា​ ក្នុង​ថ្ងៃ​ទី​១៧ កុម្ភៈ ​ក្រុម​ពាណិជ្ជករ​រវាង​ប្រទេស​កម្ពុជា និង​ថៃ នឹង​ជួប​ប្រជុំគ្នា ដើម្បី​ពិនិត្យ​លើ​លទ្ធភាព នៃ​ការ​វិនិយោគ​រួមគ្នា​បន្ថែម​ទៀត។

គួររំលឹក​ថា កម្ពុជា​ជា​ទីផ្សារ​សំខាន់​មួយ នៃ​ផលិតផល​សព្វសារពើ របស់​ប្រទេស​ថៃ ប៉ុន្តែ​ចាប់តំាងពី​មាន​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ​មក​លើ​កម្ពុជា ចាប់ពី​ខែ​កក្កដា ២០០៨​មក គេ​សង្កេត​ថា​ទំនិញ​មក​ពី​ប្រទេស​វៀតណាម ប្រទេស​ចិន និង​ប្រទេស​កូរ៉េ បាន​ចូល​មក​ជំនួស​ទំនិញ​ថៃ​លើ​ទីផ្សារ​កម្ពុជា​ខ្លះៗ។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ថៃ រយៈពេល​៩​ខែ​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ​មាន​ទឹក​ប្រាក់​ជាង ២ ០០០​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ចូល​ទៅ​ប្រទេស​ថៃ​ជាង​១៤៧​លាន​ដុល្លារ ចំណែក​ថៃ​នាំ​ចូល​កម្ពុជា​មាន​ទឹក​ប្រាក់​ជាង​១ ៩៩០​លាន​ដុល្លារ។ ​មន្រ្តី​ជំនាញ ពាណិជ្ជកម្ម​ខ្មែរ អះអាង​ថា​ទំហំ​ពាណិជ្ជកម្ម​នេះ មិនធ្លាក់​ចុះ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ