អានតួអត្ថបទ
កម្ពុជា

កម្ពុជា ​ដក​ផ្ទាំង​អក្សរ​ចារឹក​ ដែល​សម្គាល់​ពីទី​កន្លែង​កងទ័ព​ថៃ​ចូល​ឈ្លានពាន

ទីបំផុត​ទៅ កង​ទាហាន​កម្ពុជា បាន​សម្រេចចិត្ត​ដក​ផ្ទាំង​អក្សរ​ចារឹក ដែល​សរសេរ​ជា​សម្គាល់​ពីកន្លែង​កងទ័ព​ថៃ ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ជិត​ប្រាសាទ​ព្រះវិហារ។ ជា​ការ​សម្រេចចិត្ត ក្រោយ​ពី​កង​ទាហាន​ថៃ បាន​លើកទ័ព​ចូល​ឈរ​ជើង និង​លើក​ផ្ទាំង​អក្សរ​មួយ​ដែរ នៅ​តំបន់​សំបុក​ឃ្មុំ​។ តំបន់​សំបុក​ឃ្មុំ និង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ របស់​កម្ពុជា ស្ថិតក្នុង​តំបន់ ៤,៦ គីឡូ​ម៉ែត្រ​ក្រឡា ដែល​ថៃ ចាត់ទុកថា ជា​តំបន់​ជម្លោះ​។

កម្ពុជា​ ដក​ផ្ទាំង​អក្សរ​ចារឹក​​​ដែល​សម្គាល់​ពីទីកន្លែង​កងទ័ព​ថៃ​ចូល​ឈ្លាន​ពាន​
កម្ពុជា​ ដក​ផ្ទាំង​អក្សរ​ចារឹក​​​ដែល​សម្គាល់​ពីទីកន្លែង​កងទ័ព​ថៃ​ចូល​ឈ្លាន​ពាន​ ©ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

02:17

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

លី ម៉េងហួរ

កាសែត​ថៃ បាងកក​ប៉ុស្តិ៍ បាន​ស្រង់​សំដី នាយករដ្ឋមន្ត្រី​ថៃ មក​ចុះ​ផ្សាយ​ថា នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​មករា ឆ្នាំ​២០១១ កង​ទាហាន​កម្ពុជា បាន​ដក​នូវ​ផ្ទាំង​អក្សរ​ចារឹក​ជា​ភាសា​ខ្មែរ ចេញពី​តំបន់ ៤,៦ គីឡូម៉ែត្រ ដែល​ថៃ​ចាត់ទុកថា ជា​តំបន់​ជម្លោះ នៅ​ជិត​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

លោកនាយក​រដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ិត បាន​ចាត់ទុកថា ការសម្រេចចិត្ត​របស់​កម្ពុជា ដក​ផ្ទាំង​អក្សរ​ចេញពី​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ វា​ជា​ការល្អ​មួយ ដែល​អាជ្ញាធរ​កម្ពុជា មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ថៃ។

ជុំវិញ​ការសម្រេចចិត្ត​ដក​ផ្ទាំង​អក្សរ សម្គាល់​ពី ទីកន្លែង​ទាហាន​ថៃ ចូល​ឈរជើង​រំលោភ​ទឹកដី​កម្ពុជា នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ នៅថ្ងៃនេះ មិន​មាន​អត្ថាធិប្បាយ​ពី​មេបញ្ជាការ​កងទ័ព​កម្ពុ​ជា ដែល​ឈរជើង​នៅ​ប្រាសាទ​ព្រះវិហារ​ឡើយ។

ផ្ទាំង​ថ្ម​ចារឹក​អក្សរ​ខ្មែរ ដែល​លើក​បញ្ឈរ ក្រោយ​ពី​កងទ័ព​ថៃ បាន​ដកចេញ​ពី​ទឹកដី​កម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១០ បានសរសេរថា “ ទីនេះ ជា​កន្លែង​ទាហាន​ថៃ ចូល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា កាលពី​ថ្ងៃ​១៥ ខែកក្កដា ឆ្នាំ​២០០៨ ហើយ​បាន​ដកទ័ព​ទៅវិញ​នៅ​ម៉ោង ១០ និង ៣០ ព្រឹក នា​ថ្ងៃ​១​ធ្នូ ឆ្នាំ​២០១០”​។ ផ្ទាំង​អក្សរ​ចារឹក​នោះ ត្រូវបាន​កែសម្រួល កាលពី​ថ្ងៃ​២៥​មករា​ម្សិលមិញ មក​ជា​ពាក្យ​ថា "​ទីនេះ​! ជា​ទឹកដី​កម្ពុជា​"​។ ការកែសម្រួល​អក្សរ ធ្វើឡើង ក្រោយពី​មាន​ការតវ៉ា​ពី​ភាគី​ថៃ។

ជា​ការកត់សម្គាល់ នៅ​ព្រឹក​ថ្ងៃទី​២៦​មករា ឆ្នាំ​២០១១ កង​ទាហាន​ប៉ា​រ៉ា​ថៃ​រាប់សិប​នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​មាន​ប៉ា​ឡូ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ សុ​វ៉ាន់​ឆៃ សាមុត​សា​កន មេបញ្ជាការ​ភូមិភាគ​២ បាន​លើកទ័ព​ចូល​រំលោភ​ទឹកដី​កម្ពុជា ដោយ​ឈរជើង នៅ​តំបន់​សំបុក​ឃ្មុំ​។ កង​ទាហាន​ថៃ ក៏​បាន​លើក​ស្លាក​អក្សរ​ថៃ ដែល​សរសេរ​ថា “​កន្លែង​នេះ ជា​តំបន់ ៤,៦ គីឡូម៉ែត្រ​ក្រឡា ដែល​នឹង​ដឹង​ច្បាស់ នៅពេល​គណៈកម្មការ​ព្រំដែន​ចម្រុះ​ថៃ​-​កម្ពុជា ( JBC ) ចុះ​វាស់វែង​រួចរាល់​នាពេលខាងមុខ​”។

ដើម្បី​សម្រួល​ស្ថានការណ៍ លោកនាយ​ឧត្តមសេនីយ៍ ជា តារា បាន​ដឹកនាំ​កងកម្លាំង​យោធា​កម្ពុជា ជួប​ចរចា​ជាមួយ​ភាគី​ថៃ នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​។ មេបញ្ជាការ​កងទ័ព​កម្ពុជា និង​ថៃ បានសម្រេច​បញ្ចប់​បញ្ហា ដោយ​ទម្លាក់​ផ្ទាំង​អក្សរ ហើយ​ដកទ័ព​ថយ​ក្រោយ​រៀងៗ​ខ្លួន​នៅ​រសៀល​ថ្ងៃ​២៦​មករា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ