អានតួអត្ថបទ
កម្ពុជា-បារំាង

ក្រុម​សមាជិក​ព្រឹទ្ធសភា​បារាំង​ទស្សនកិច្ច​៧ថ្ងៃ​នៅ​កម្ពុជា

គណប្រតិភូ​សមាជិក​ព្រឹទ្ធសភា​បារាំង​បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចំនួន​មួយ​សប្តាហ៍។ ទស្សនកិច្ច​នេះ​ដឹកនាំ​ដោយ​លោកស្រី​Cathererine Tasca ដែល​ជា​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា​បារាំង និង​ជា​ប្រធាន​ក្រុម​មិត្តភាព​នៃ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​បារាំង។ ទស្សនកិច្ច​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​សហប្រតិបត្តិការ​អន្តរសភា។

លោកស្រីCathererine Tasca អនុប្រធានទី១​នៃ​ព្រឹទ្ធសភា​បារាំង
លោកស្រីCathererine Tasca អនុប្រធានទី១​នៃ​ព្រឹទ្ធសភា​បារាំង ©ដឺលុច
ផ្សាយពាណិជ្ជកម្ម
02:01

សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុងភ្នំពេញ

គណប្រតិភូ​ព្រឹទ្ធសភា​បារាំង​បាន​មក​ដល់​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ទី​២៤​មករា​នេះ ដើម្បី​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៧​ថ្ងៃ ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​រវាង​សភា​ជាន់ខ្ពស់​របស់​ប្រទេស​ទាំងពីរ។ លោកស្រី Cathererine Tascaដែល​ជា​អនុប្រធាន​ទី​មួយ​នៃ​ព្រឹទ្ធសភា​បារាំង​គឺ​ជា​ប្រធាន​គណប្រតិភូ​ជាន់ខ្ពស់​នេះ។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលដៅ​ពិនិត្យ​លើ​កិច្ចសហប្រតិបត្តិការ​អន្តរសភា​ដែល​កំពុង​ដឹកនាំ​ដោយ​ស្ថាប័ន​ព្រឹទ្ធសភា​កម្ពុជា ជា​ពិសេស​គឺ​ស្ថិត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​សហគមន៍​ប្រទេស​និយាយ​ភាសា​បារាំង និង​ពិនិត្យទៅលើ​ទស្សនវិស័យ​នៃ​សហប្រតិបត្តិការ​ទាំងនេះ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដដែល លោកស្រី Cathererine Tascaដែល​ជា​ប្រធាន​ក្រុម​មិត្តភាព​នៃ​សមាជិក​ព្រឹទ្ធសភា​បារាំង​កម្ពុជា​ផង​នោះ នឹង​ដឹកនាំ​សិក្ខាសាលា​មួយ​ជាមួយ​សហការី​សមាជិក​ព្រឹទ្ធសភា​កម្ពុជា ដែល​ប្រធានបទ​នៃ​សិក្ខាសាលា​នោះ​ផ្តោត​ទៅ​លើ តួនាទី​២​របស់​សមាជិក​ព្រឹទ្ធសភា៖ ការ​តាក់តែង និង​ត្រួតពិនិត្យ​ច្បាប់ និងសកម្មភាព​នៅ​មូលដ្ឋាន។

ក្នុង​រយៈពេល​នៃ​ការ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រតិភូសមាជិក​ព្រឹទ្ធសភា​បារាំង​នឹង​ជួប​សវនាការ​ជាមួយ​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី ជាមួយ​លោក​ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា លោក ងួន ញិល​អនុប្រធាន​ទី​១​រដ្ឋសភា និង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្រៅពីនេះ គណៈប្រតិភូនេះ​ក៏​នឹង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅក្នុងក្រុងសៀមរាប​ផងដែរ ដែល​នៅ​ទីនោះ ក្រុម​សមាជិក​ព្រឹទ្ធសភា​នឹង​ទស្សនកិច្ច​នៅ​សាលា​បារាំង និង​ថ្នាក់​២​ភាសា Classe Bilingue។

លោក​លី សាលីម ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កម្ពុជា ទទួល​បន្ទុក​francophonie​បាន​រម្លឹក​ថា សហប្រតិបត្តិការ​នៃ​ព្រឹទ្ធសភា​បារាំង​ចំពោះ​ព្រឹទ្ធសភា​កម្ពុជា​នោះ បាន​កើត​មាន​តាំង​ពី​ការ​កកើត​ស្ថានប័ន​នេះ នៅឆ្នាំ​១៩៩៩​មក​ម្ល៉េះ។ លោក លី សាលីម​បន្ត​ថា ព្រឹទ្ធសភា​បារាំង​បាន​ផ្តល់​ជំនួយ​បច្ចេកទេស និង​វគ្គបណ្តុះបណ្តាល​ដល់​មន្ត្រី​ព្រឹទ្ធសភា​កម្ពុជា​ជា​បន្តបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ