អានតួអត្ថបទ
កម្ពុជា

គណបក្ស​​​ប្រជាជន​​កម្ពុជា​ ប្រារព្ធ​​មីទ្ទិញ​ អបអរ​​ខួប​​លើក​​ទី​​៣២​ នៃ​​ទិវា​​ជ័យជំនះ​ ៧​ មករា​

ដូច​រៀងរាល់​ឆ្នាំ​ដែរ គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ប្រារព្ធ​មីទ្ទិ​ញ អបអរសាទរ ទិវា​ជ័យជំនះ ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។ ពិធី​សាទរ​ជាច្រើន ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស ពិសេស​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ។ នៅ​ព្រឹក​មិញ មីទ្ទិញ​ដ៏​ធំ​មួយ ត្រូវបាន​រៀបចំឡើង ដោយ​មាន​ការចូលរួម​ពី​ប្រមុខ​ដឹកនាំ​គណបក្ស​កាន់​អំណាច​ទាំង​បី​រូប ជាមួយ​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​ប្រមាណ​ជាង ១០.០០០ នាក់​ផ្សេង​ទៀត​។​

គណបក្ស​ប្រជាជន​កម្ពុជា ​ប្រារព្ធ​មិទ្ទិញ​ អបអរ​ខួប​លើក​ទី​៣២ ​នៃ​ទិវា​ជ័យជំនះ ​៧ ​មករា
គណបក្ស​ប្រជាជន​កម្ពុជា ​ប្រារព្ធ​មិទ្ទិញ​ អបអរ​ខួប​លើក​ទី​៣២ ​នៃ​ទិវា​ជ័យជំនះ ​៧ ​មករា © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

03:21

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ ពីភ្នំពេញ

លី ម៉េងហួរ

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ អង្គ​មីទ្ទិ​ញ​​សាទរ​​ទិវា​បុណ្យជាតិ ថ្ងៃ​៧​មករា ត្រូវបាន​រៀបចំឡើង យ៉ាង​អធិកអធម​នៅ​ទីស្នាក់ការ​​ធំ​ ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ក្រុង​ភ្នំពេញ​។ ពិធីដូចគ្នានេះ ក៏ត្រូវបានធ្វើឡើងនៅតាមខេត្តនានា ទូទាំងប្រទេស។ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ហេង សំរិន ប្រធានកិត្តិយស និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​វត្តមាន ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ជួបជុំ​ប្រចាំឆ្នាំ ជាមួយនឹង​វត្តមាន​របស់​ថ្នាក់ដឹកនាំ​គណបក្ស​កាន់​អំណាច គណបក្ស​​ដៃ​គូ អង្គទូត និង​​សកម្មជន​គាំទ្រ​ជាង ១០.០០០ នាក់​។​

​ក្នុង​អង្គ​មីទ្ទិញ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម បាន​ថ្លែង​សុន្ទរកថា​នយោបាយ ដូច​រៀងរាល់ឆ្នាំ​។ ក្នុង​សន្ទរកថា ៧ ទំព័រ លោក ជា ស៊ីម បាន​ចាត់ទុក​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ជា​ទិវា​ជ័យជំនះ​ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការ​ជួយ​​ឧ​ប​ត្ត​ម្ភពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​រំដោះ​ប្រជាជន​កម្ពុជា ឲ្យ​រួច​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ​​​ប្រល័យពូជសាសន៍ នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ ប៉ុល ពត​។

តាម​លោក ជា ស៊ីម ដោយសារ​ជ័យជំនះ​​ថ្ងៃ​​៧​​មករា ឆ្នាំ​១៩៧៩ បាន​ធ្វើឲ្យ​ទឹកដី​មាតុភូមិ និង​ប្រជាជាតិ​ខ្មែរ បាន​រស់​ឡើង​វិញ ស្ថិតស្ថេរ គង់វង្ស និង​រីក​ចម្រើន​រហូត​មកដល់​បច្ចុប្បន្ន​។ ពោល​គឺ ៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា​។ បើ​គ្មាន​ថ្ងៃ​ជ័យជំនះ ៧ មករា ក៏​គ្មាន​អ្វីៗ នា​សព្វ​ថ្ងៃនេះ​ដែរ​។​

​សោកនាដកម្ម ក្នុង​របប​ខ្មែរក្រហម រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ចាប់តាំងពី​ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥ ដែល​បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ជាង ៣ លាន​នាក់ ត្រូវស្លាប់ រួម​ទាំង​សមិទ្ធិផល​យ៉ាង​ធំធេង​រយៈពេល ៣២ ឆ្នាំ ក្នុង​ការកសាង​ប្រទេស ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ ត្រូវបាន​លោក ជា ស៊ីម គូសបញ្ជាក់​ក្នុង​អង្គ​មីទ្ទិ​ញ​។ សមិទ្ធិផល​ជា​ប្រវត្តិសាស្ត្រ រយៈពេល ៣២​ឆ្នាំ​នោះ គឺជា​សមិទ្ធិផល​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​។ ក្នុងនោះ រួមមាន​ទាំង​ការទប់ស្កាត់​មិន​ឲ្យ​កើត​មាន​របប​ខ្មែរក្រហម​ជា​ថ្មី ការកសាង​អភិវឌ្ឍន៍​ប្រទេស ការនាំមក​ជូន​ប្រជាជន​នូវ​លិទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព រហូតដល់​ដំណើរការ​បង្រួបបង្រួម​ជាតិ ឈាន​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ព្រមទាំង​ការ​បោះឆ្នោត​ជាតិ​​ជា​បន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ​១៩៩៣​។​

​ក្រៅពីនេះ ក្នុងនាម​ជា​ប្រធាន​គណបក្ស​កាន់អំណាច លោក ជា ស៊ីម ក៏​បាន​ប្រកាស​ជំហរ​គាំទ្រ​​ដំណើរការ​កាត់​មេ​ខ្មែរក្រហម និង​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម និង​ជាមួយ​ប្រទេស​ឡាវ​។ រីឯ​ភាព​ធូរស្រាល និង​ដំណើរ​ឈានទៅរក​ប្រក្រតីភាព​ឡើងវិញ​នូវ​សភាពការណ៍​ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក៏​ត្រូវ​បាន​លើកឡើង ជាមួយនឹង​ការ​បន្ត​រក្សា​ធ្វើ​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ការបញ្ជាក់​ជំហរ​ជា​ថ្មី​នូវ​ការគាំទ្រ​បេក្ខភាព​​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​គ្រប់​អាណត្តិ​។

​យ៉ាងណាក៏ដោយ មកដល់​ថ្ងៃនេះ នៅតែ​មាន​មតិ​ប្រឆាំង ដែល​បាន​ចាត់ទុក​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ថា​ជា​ថ្ងៃ ដែល​កងទ័ព​វៀតណាម ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា រំលោភ​លើ​ឯករាជភាព និង​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ ក៏​ប៉ុន្តែ​មតិ​រិះគន់​ថ្ងៃ​៧​មករា នៅ​ឆ្នាំ​នេះ ហាក់​ដូច​​ជា មិនសូវ​ខ្លាំងក្លា​ប៉ុន្មាន​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ