អានតួអត្ថបទ
កម្ពុជា

ការបើក​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់

កម្ពុជានិង​ថៃ បាន​គ្រោង​បើក​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ឡើងវិញ​នៅ​ថ្ងៃ​ទី​ ៦​ធ្នូ​ កន្លងទៅ។ ប៉ុន្តែ​ភាគី​ថៃ​ក៏​បាន​ស្នើ​ពន្យារពេលការ​បើកច្រក​នេះ​វិញ។ រហូតដល់​ពេលនេះ នៅ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បើកច្រក​នេះសា​ជាថ្មី​នៅឡើយ​ទេ។ យោង​តាម​ការ​ពន្យល់​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ការ​បើក​ច្រក​ព្រំដែន​នេះ ទំនង​ជា​មិន​អាច​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។

ទាហានខ្មែរប្រចាំការ​នៅព្រំដែនប្រាសាទព្រះវិហារ​
ទាហានខ្មែរប្រចាំការ​នៅព្រំដែនប្រាសាទព្រះវិហារ​ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

01:46

សេចក្តី​​រាយការណ៍​របស់ លាង ដឺលុច ពី​ទី​ក្រុង​​ភ្នំពេញ

តាំងពី​ភាគីថៃ​បាន​ប្រកាស​ពន្យារពេល ​នៃ​ការ​បើកច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​កាល​ពី​ដើមខែ​ធ្នូ រហូត​ដល់​ពេលនេះ​កម្ពុជា​នៅ​មិនទាន់​ទទួល​បាន​ការ​ជូនដំណឹង​ជាថ្មី​ពី​ភាគី​ថៃ​នោះ​នៅឡើយ​ទេ។

បើយោង​តាម​ការ​ពន្យល់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោកខៀវ កាញារីទ្ធ កម្ពុជា​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង ក្នុងការ​សម្រេច​លើ​បញ្ហា​បើកច្រក​ព្រំដែន​ដ៏​រសើប​នេះ។ លោកខៀវ កាញារីទ្ធ​បាន​បញ្ជាក់​ថា ច្រក​ព្រំដែន​ប្រសាទ​ព្រះវិហារ​ស្ថិត​នៅ​ជា​ច្រក​យុទ្ធសាស្ត្រ​របស់​យោធា​នៅឡើយ។

បើទោះជា ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​កម្ពុជា​ថៃ​បាន​ព្យាយាម​សំរួល​ស្ថានការណ៍​យោធា​នៅព្រំដែន​ព្រះវិហារ​អោយ​ត្រលប់​មក​ជា​ធម្មតា​បាន​ស្ទើរតែ​១០០ភាគរយ​ក៏ដោយ ប៉ុន្តែ​បញ្ហា​តានតឹង​ក៏​អាច​ត្រឡប់​មកវិញ​គ្រប់​ពេលវេលា​ដែរ។ កាលពី​សប្តាហ៍​កន្លងទៅ កងទ័ព​ឈុតខ្មៅ និង​កងទ័ព​ប៉ារ៉ា​ថៃ​បាន​ស្នើសុំ​ឡើង​មកវត្ត​កែវសិក្ខាគិរីស្វារៈ ប៉ុន្តែ​ត្រូវ​បាន​កងទ័ព​ខ្មែរ​ហាមឃាត់​មិន​អោយ​ចូល។

គួរបញ្ជាក់​ថា ក្រុម​ជនថៃ​អាវលឿង​ជាតិនិយម​ជ្រុល​ តែងតែ​ប៉ុនប៉ង​មកធ្វើបាតុកម្ម​នៅមុខ​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នេះ ដើម្បី​ប្រឆាំងនឹង​ការ​ចុះឈ្មោះ​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ហើយ​ជាង​នេះទៀតនោះ វត្តមាន​នៃ​កងទ័ព​ថៃ​ដែល​ចូលមក​ឈរជើង​នៅក្នុង​វត្តកែវ​សិក្ខាគិរីស្វារៈ​ចាប់​ពី​ថ្ងៃ​ទី​១៥​កក្កដា​២០០៨​មកនោះ គឺ​ដោយសារ​តែ​មាន​ជនជាតិ​ថៃចូល​មក​បង្កបញ្ហា​នៅលើ​ទឹកដី​កម្ពុជា ហើយ​កងទ័ពថៃ​ក៏​បាន​មកតាម​ក្រោយ ក្រោម​មូលហេតុថា​មកដោះស្រាយ​បញ្ហា​នេះ។

លោក​ហង្ស សុត អគ្គនាយក​អាជ្ញាធរជាតិ​ព្រះវិហារ​បាន​ថ្លែង​យ៉ាងខ្លី​ថា លទ្ធភាព​នៃការ​បើក​ច្រក​ប្រាសាទ​ព្រះវិហារ​ឡើងវិញ​នោះ អាចធ្វើ​ទៅបាន​លុះត្រា​តែស្ថានភាព​ដូច​ដើម។ ដូចដើម​មានន័យ​ថា ជា​ព្រំដែន​សន្តិភាព ហើយ​មិនមាន​បញ្ហា​ឈ្លានពាន​ដូចមុន ​ថ្ងៃ​១៥​កក្កដា​២០០៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ