អានតួអត្ថបទ
កម្ពុជា​

រឿង​ជេរ​ប្រមាថ​មេ​ដឹកនាំ​កំពូល​ក្នុង​​​​​គេហទំព័រ​ Ki-Medias​ ធ្វើ​ឲ្យ​បុរស​ម្នាក់​ជាប់​ពន្ធនាគារ

រឿងរ៉ាវ​ជេរ​ប្រមាថ​មេដឹកនាំ​កំពូល​របស់​ប្រទេស​ដែល​ចុះ​ផ្សាយ​ដោយ​គេហទំព័រ ​ Ki-Medias ​កាន់តែ​រីករាលដាល​ហើយ​នៅ​ពេល​នេះ។ ​បុរស​ម្នាក់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគា​រ​៦​ខែ ​និង​ពិន័យ​១​លាន​រៀល​ ពីបទ​ផ្សព្វផ្សាយ​បន្ត​នូវ​ព័ត៌មាន​ជេរ​ប្រមាថ​ដែល​បោះពុម្ព​ចេញ​ពី​ គេហទំព័រ​ខាង​លើ។ ​បុរស​ដែល​ជា​បុគ្គលិក​បំរើការ​ឲ្យ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ឈ្មោះ​សេង គុណការ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៧​ធ្នូ​បន្ទាប់​ពី​មាន​ ក្រដាស​បោះពុម្ព​ចេញ​ពី​គេហទំព័រ​ Ki-Medias ​ត្រូវ​បាន​ចែក​ចាយ។ ​យ៉ាងណា​ក៏ដោយ​ រដ្ឋាភិបាល​គ្មាន​គំរោង​បិទ​ខ្ទប់​គេហទំព័រ​នេះ​ទេ។

កំណាព្យដែលបានផ្សាយនៅលើ ​​Ki médias
កំណាព្យដែលបានផ្សាយនៅលើ ​​Ki médias
ផ្សាយពាណិជ្ជកម្ម

02:24

សេចក្តី​​រាយការណ៍​របស់ ប៉ែន បូណាពី​ទី​ក្រុង​​ភ្នំពេញ

លោក​សេង គុណការ ​អាយុ​៤០​ឆ្នាំ ​ជា​បុគ្គលិក​បម្រើការ​ឲ្យ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​៦​ខែ​ និង​ពិន័យ​ប្រាក់​១​លាន​រៀល​ពី​បទ​ញុះញង់​ឱ្យ​មាន​បទឧក្រិដ្ឋ​ទាក់ទង​ នឹង​ការ​ចែកផ្សាយ​ខិត្តប័ណ្ណ​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ​ ដែល​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ Ki-Medias ។

បុរស​រូប​នេះ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ឃាត់​ខ្លួន​នៅ ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ ទាក់ទង​ នឹងការ​ចែកចាយ​ខិត្តប័ណ្ណ​ដែល​បោះពុម្ព​ចេញពី​គេហទំព័រ​ខាងលើ​ ដែល​មានន័យ​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ។​ តុលាការ​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ភ្លាមៗ​ នៅ​រសៀល​ថ្ងៃ​ទី​១៨​ធ្នូ​ម្សិលមិញ ​និង​បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែល​បាន​ធ្វើឲ្យ​សំណុំរឿង​ Ki-Medias កាន់តែ​រាលដាល​ធ្ងន់ធ្ងរ​ឡើង។

ប្រភព​ព័ត៌មាន​ឲ្យដឹង​ថា ​លោក​សេង គុណការ​បាន​បោះពុម្ព​ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​នូវ​ព័ត៌មាន​ជេរ​ប្រមាថ​ក្នុង​គេហទំព័រ​របស់ ​Ki-Medias ​ដើម្បី​ចែក​ឲ្យ​មិត្តភ័ក្តិ​បម្រើការ​ជាមួយ​គ្នា​មើល។ ប៉ុន្តែ ក្រោយមក​ក្រដាស​ទាំងនោះ​ ក៏បាន​ធ្លាយ​ចេញ​មកក្រៅ​ហើយ​ក៏​ធ្លាក់​ដល់​ដៃ​ប៉ូលិស។ ​ក្រោយ​ពីការ​ស្រាវជ្រាវ ​ប៉ូលិស​បាន​នាំខ្លួន​លោក​សេង គុណការ​ទៅ​សាកសួរ​និង​បញ្ជូន​ទៅ​តុលាការ។ លោក​ចាន់ សាវ៉េត ​មន្ត្រី​អ្នកស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​សំណូមពរ​ថា​រដ្ឋាភិបាល​ គួរតែ​សុំឲ្យ​មាន​ការ​កែតម្រូវ​ជាជាង​ការ​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​ដោយសារ​ការប្រើ​សម្តី​។

គេហទំព័រ​ Ki-Medias ​ដែល​គេ​ស្គាល់​ថា​ជា​របស់​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ និង​ដែល​ផ្សាយ​ចេញ​ពី​ក្រៅ​ប្រទេស​បាន​ចុះផ្សាយ​លើ​ទំព័រ​របស់​ខ្លួន​នូវ​រូបថត​មេដឹកនាំ​កំពូលៗ ​ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​លោក​ប្រធាន​ព្រឹទ្ធសភា ​ជា ស៊ីម ​និង​លោក​ប្រធាន​រដ្ឋសភា ​ហេង សំរិន​ រួមទាំង​លោក​វ៉ា គឹមហុង ​ប្រធាន​គណៈកម្មការ​ព្រំដែន​របស់​រដ្ឋាភិបាល​ផង។ មេដឹកនាំ​ទាំង​នោះ​ត្រូវ​បាន​គេហទំព័រ​នេះ​ចោទ​ប្រកាន់​ថា​ជា «ជនក្បត់ជាតិ» ​និង ​«លក់ទឹកដី» ​ឲ្យ​វៀតណាម​។

បន្ទាប់ពី​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន ​មាន​ព័ត៌មាន​លេចលឺ​ថា ​គេហទំព័រ​មួយ​នេះ​អាច​ នឹង​ត្រូវ​គេ​បិទខ្ទប់​មិនឲ្យ​មើល​ឃើញ​នៅ​ស្រុក​ខ្មែរ​ទៀត​ឡើយ។ ប៉ុន្តែ ​លោក​ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​អះអាង​នៅ​ល្ងាច​ថ្ងៃសៅរ៍​ម្សិលមិញ​ថា ​រដ្ឋាភិបាល​គ្មាន​គំរោង​បិទ​គេហទំព័រ​ដែល​បាន​ជេរ​ប្រមាថ​មេដឹកនាំ​កំពូល​របស់​ជាតិ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ