អានតួអត្ថបទ
កម្ពុជា

មេ​បក្ស​ប្រឆាំង​សម្រេច​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​រឿង​ដក​តម្រុយ​ព្រំដែន

មេធាវី​ការពារក្តី​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស​ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ លោក​សម រង្ស៊ី ​បាន​សម្រេចចិត្ត​បន្ត​រឿងក្តី​ដក​តម្រុយ​ព្រំដែន នៅ​ខេត្ត​ស្វាយរៀង​ទៅ​តុលាការ​កំពូល។ សារណា​ការពារ​រឿងក្តី​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​មុន​ថ្ងៃ​ទី ​២៥ ធ្នូ​ខាង​មុខ​ ដើម្បី​ស្នើ​សុំ​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
01:45

សេចក្តីរាយការណ៍​​របស់ នេត្រ ភក្រ្តា

បូលីន ដាវីដ

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​សម រង្ស៊ី បាន​សម្រេច​ចិត្ត​បន្ត​រឿង​ក្តី​របស់​គាត់​ទៅ​តុលាការ​កំពូល ដោយ​ច្រាន​ចោល​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ដែល​បាន​ផ្តន្ទា​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ ឆ្នាំ​ពាក់ព័ន្ធ​នឹង​ករណី​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។

លោក ជួង ជូងី មេធាវី​ការពារ​ក្តី​លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា លោក​កំពុង​រៀបចំ​សារណា​ដើម្បី​ការពារ​បណ្តឹង​សាទុក្ខ​របស់​ខ្លួន​ទៅ​តុលាការ​កំពូល។ លោក​អះ​អាង​ថា លោក សម រង្ស៊ី ដែល​ជា​កូនក្តី​របស់​លោក​មិន​អាច​ទទួល​យក​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​បាន​ទេ​ ហើយ​ថា​លោក​នឹង​បញ្ជូន​សារណា​ការពារក្តី​ទៅ​តុលាការ​កំពូល​ ឲ្យ​បាន​មុន​ថ្ងៃ​ទី ២៥ ខែ​ធ្នូ។

លោក ​ជួង​ ជូងី ​មាន​ប្រសាសន៍​ថា សារណា​ដែល​កំពុង​ត្រូវ​រៀបចំ​នេះ​គឺ​ដើម្បី​បញ្ជាក់​ថា លោក​សម រង្ស៊ី​គ្មាន​ទោសពៃរ៍​ចំពោះ​ការ​ដក​បង្គោល​ព្រំដែន ​និង​ស្នើ​សុំ​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។ លោក សម រង្ស៊ី ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​ខេត្ត​ស្វាយរៀង​កាលពី​ខែ​មករា ដោយ​ផ្តន្ទាទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ និង​បញ្ជា​ឲ្យ​លោក​បង់​ប្រាក់​ពិន័យ និង​សង​ជំងឺចិត្ត​ជាង ៦០ លាន​រៀល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ ១៨៥ នៅ​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។

កាលពី​ខែ​កញ្ញា លោក​ត្រូវ​បាន​តុលាការ​រាជធានី​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ព្រម​ទាំង​បាន​បញ្ជា​ឲ្យ​លោក​បង់ ​១០០ លាន​រៀល​ជា​ប្រាក់​ពិន័យ និង​សំណង។ លោក​ជួង ជូងី ​ថ្លែង​ឲ្យ​ដឹង​ថា​ បណ្តឹង​ឧទ្ធរណ៍ លើ​ករណី​នេះ​មិន​ទាន់​ត្រូវ​បាន​លើក​យក​មក​ជំនុំ​ជម្រះ​នៅ​ឡើយ​ទេ។ លោក​ជួង​ ជូងី​ បាន​អះអាង​ថា​រឿងក្តី​របស់​លោក​សម​ រង្ស៊ី ​គឺ​ជា​រឿង​នយោបាយ មិនមែន​ជា​ករណី​ព្រហ្មទណ្ឌ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ