អានតួអត្ថបទ
កម្ពុជា

ហ៊្វុនស៊ីនប៉ិច​និង​នរោត្តម រណឬទ្ធិ​ បន្ត​ប្រកែក​គ្នា​ឡើង​វិញ​

ព្រអង្គម្ចាស់​នរោត្តម រណឬទ្ធិ​បាន​ធ្វើ​លិខិត​ដាក់​សំណួរ​ទៅ​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច លោក​កែវ ពុទ្ធរស្មី ដើម្បី​អោយ​ប្រធាន​គណបក្ស​នេះ បញ្ជាក់​អំពី​មូលហេតុ​ដែល​គណបក្ស​ហ៊្វុនស៊ីនប៉ិច បដិសេធ​មិន​ចូល​រួម​បង្កើត​គណបក្ស​ថ្មី​ឈ្មោះ​ហ៊្វុនស៊ីនប៉ិច ៨១ ជាមួយ​គណបក្ស​នរោត្តម រណឬទ្ធិ។ សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​កាលពី​ថ្ងៃ​ទី​១២​ ធ្នូ​បាន​សរសេរ​ថា គណបក្ស​នេះ មិន​ផ្លាស់ប្តូរ​ជំហរ​រំលាយ​ឈ្មោះ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ដែល​ត្រូវ​បាន​ ចារឹក​ជា​គណបក្ស​ក្នុង​ប្រវត្តិសាស្ត្រ​រួច​ហើយ​នោះ​ទេ។

ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ​ និង​ហ៊្វុនស៊ីនប៉ិច​ បន្ត​ប្រកែកគ្នា​ឡើង​វិញ​
ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ​ និង​ហ៊្វុនស៊ីនប៉ិច​ បន្ត​ប្រកែកគ្នា​ឡើង​វិញ​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម
01:49

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច

ក្រោយពី​ព្រះអង្គម្ចាស់​រណឬទ្ធិ បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​នរោត្តម រណឬទ្ធិ​ឡើង​វិញ​សង្រ្គាម​ប៉ាកកា​រវាង​សត្រូវ​បង​ប្អូន​បង្កើត​ហ៊្វុនស៊ីនប៉ិច និង​នរោត្តម រណឬទ្ធិ​បាន​កើត​ឡើង​សាជា​ថ្មី។

ក្រោយពី​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​សេចក្តី​ប្រកាស​បដិសេធ​ការ​ចូល​រួម​បង្កើត​គណបក្ស​ហ៊្វុនស៊ីនប៉ិច ៨១ ពី​សំណាក់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​សព្វថ្ងៃ ព្រះអង្គម្ចាស់​រណឬទ្ធិ​បាន​ធ្វើ​លិខិត​មួយ​ទៀត​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​ម្សិលមិញ ផ្ញើ​ទៅ​លោក​កែវ ពុទ្ធរស្មី ដើម្បី​សួរ​បញ្ជាក់​ឡើង​វិញ​អំពី​ជំហរ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច ក្នុង​ការ​បង្កើត​គណបក្ស​ហ៊្វុនស៊ីនប៉ិច​៨១​នេះ។

មិនមែន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​គេចវេះ​ពី​ការ​បង្រួបបង្រួមគ្នា​នោះ​ទេ។ ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច លោក​កែវ ពុទ្ធរស្មី បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​របស់​លោក​ចង់​ធ្វើ​ការងារ អោយ​បាន​ច្បាស់​លាស់ តាម​ដំណាក់កាល។ យោងតាម​ការ​ពន្យល់​របស់​លោក​កែវ ពុទ្ធរស្មី គឺ​បាន​ន័យ​ថា ទីមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ចង់​បន្ត​អនុវត្ត​ស្មារតី​ពិធីសារ​សម្ព័ន្ធភាព​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ីនប៉ិច និង​គណបក្ស​ជាតិនិយម​ដែល​បាន​ក្លាយ​ជា​គណបក្ស​នរោត្តម រណឬទ្ធិ។

ស្មារតី​នៃ​ពិធីសារ​នោះ បើ​តាម​ការ​បញ្ជាក់​របស់​លោក​កែវ ពុទ្ធរស្មី គឺ​គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​គ្នា ក្នុង​ក្របខណ្ឌ​សហប្រតិបត្តិការ ហើយ​ឈាន​ទៅ​រក​ការ​ធ្វើ​បញ្ជី​ឈ្មោះ​បេក្ខជន​បោះឆ្នោត​រួម​គ្នា​ក្នុង​ឆ្នាំ​២០១២ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់។ ទី២ ប្រសិនបើ គណបក្ស​ទាំង​ពីរ ហ៊្វុនស៊ីនប៉ិច​និង​នរោត្តម​រណឬទ្ធិ សម្រេច​ទុក​ចោល​ពិធីសារ​នេះ​វិញ លោក​កែវ ពុទ្ធរស្មី​ថ្លែង​ថា គណបក្ស​ហ៊្វុនស៊ីនប៉ិច ត្រូវ​រង់ចាំ​រហូត​ដល់​គណបក្ស​នរោត្តម រណឬទ្ធិ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ​សិន បន្ទាប់​ពី​ការ​ផ្លាស់ប្តូរ​ឈ្មោះ ពី​គណបក្ស​ជាតិ​និយម​កាលពី​ថ្ងៃ​ទី​១១​ធ្នូ។ ការ​ពន្យល់​ទាំង​នេះ ត្រូវ​បាន​លោក​កែវ ពុទ្ធរស្មី​សរសេរ​ផ្ញើ​ទៅ​ព្រះអង្គម្ចាស់​រណឬទ្ធិ​កាលពី​រសៀល​ថ្ងៃ​ទី​១៤​ធ្នូ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ