អានតួអត្ថបទ
កម្ពុជា

វេទិកាជម្រុញ​ការ​ផ្តល់​ឥណទាន​​ដើម្បី​​​អភិវឌ្ឍន៍​​សហគ្រាស​​ខ្នាត​​តូច​​និង​​មធ្យម​​​

តំណាង​ស្ថាប័ន​ហិរញ្ញវត្ថុ ធនាគារ ព្រមទាំង​សហគ្រាស​ខ្នាត​តូច និង​មធ្យម នៅ​កម្ពុជា បាន​ជួបពិភាក្សា ក្នុង​វេទិកា​ថ្នាក់ជាតិ នៅ​ថ្ងៃ​ពុធ​នេះ ទី​១០ វិច្ឆិកា​នេះ​។ ជា​ការជួប​ប្រជុំ ដើម្បី​សម្របសម្រួល​ឲ្យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ទទួលបាន​ឥណទាន​ហិរញ្ញវត្ថុ ឬ​ទុន​កម្ចី​បន្ថែម ពី​ធនាគារ​។ តាម​ការស្រាវជ្រាវ សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា ប្រមាណ ៩០% ខ្វះខាត​ដើមទុន ដើម្បី​វិនិយោគ និង​ពង្រីក​អាជីវកម្ម​។

លោក​​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម អណ្តូងរ៉ែ​និង​ថាមពល
លោក​​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម អណ្តូងរ៉ែ​និង​ថាមពល © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:38

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ

លី ម៉េងហួរ

ក្នុង ប្រទេស​កម្ពុជា មាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម បាន​ចុះ បញ្ជី និង​មិន​ទាន់​បាន​ចុះ​បញ្ជី​សរុប​ចំនួន ៣៧៥.០៩៥ សហគ្រាស។ ក្នុង​នោះ ៨៥% ជា​សហគ្រាស​ធុន​តូច ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ១ លាន​នាក់។

ការ​សិក្សា​ម្តង​ហើយ​ម្តង​ទៀត​របស់​ធនាគារ​ពិភពលោក​និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​បង្ហាញ​ថា វិស័យ​ឯកជន​របស់​កម្ពុជា​ជាពិសេស សហគ្រាស​មីក្រូ​ហិរញ្ញវត្ថុ​ខ្នាត​តូច​និង​មធ្យម​មាន​រហូត​ដល់​៩០% ខ្វះខាត​ហិរញ្ញវត្ថុ ដើម​ទុន​ដើម្បី​យក​មក​វិនិយោគ​និង​ពង្រីក​អាជីវកម្ម។ ក្នុង​នោះ សហគ្រាស​ស្ទើរតែ​ទាំង​អស់ បាន​ប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន ឬ​កម្ចី​ពី​ក្រុម​គ្រួសារ និង​ពី​មិត្តភ័ក្តិ ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម។

ក្នុង​កិច្ច​ពិភាក្សា​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​នេះ ម្ចាស់​និង​អ្នក​គ្រប់គ្រង​សហគ្រាស​ធុន​តូច និង​មធ្យម រួមទាំង​តំណាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ធនាគារ ដៃគូ​អភិវឌ្ឍន៍ និង​មន្ត្រី​រដ្ឋាភិបាល បាន​ពិភាក្សា​ស្វែង​យល់​ពី​ឧបសគ្គ ដែល​សហគ្រាស​ធុន​តូច និង​មធ្យម​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ធនាគារ ជួប​ប្រទះ ដើម្បី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​រួម​ជម្រុញ​ឲ្យ​វិស័យ​ធនាគារ និង​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា ផ្សារភ្ជាប់​គ្នា និង​កាន់តែ​មាន​ទំនុកចិត្ត​ជាមួយគ្នា​ថែមទៀត។

លោក តែ តាំងប៉រ ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ជាច្រើន ដែល​សហគ្រាស​ធុន​តូច បាន​ជួប​ប្រទះ ជាពិសេស​កង្វះខាត​ដើមទុន។ តំណាង​សហគ្រាស​ធុន​តូច និង​មធ្យម បាន​ជម្រុញ​ឲ្យ​ធនាគារ ផ្តល់​ប្រាក់​កម្ចី ឲ្យ​ក្រុមហ៊ុន​តូចៗ ដោយ​មាន​វត្ថុ​បញ្ចាំ​តិច​ជាង​មុន ជាមួយ​អត្រា​ការ​ប្រាក់​ទាប​ជាង​១០% ក្នុង​មួយ​ឆ្នាំ។

ចំណែក​អ្នកស្រី សូ ផន​ណា​រី តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ បាន​ជម្រុញ​ឲ្យ​សហគ្រាស​ធុនតូច និង​មធ្យម ត្រូវ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ បង្កើន​ចំណេះដឹង​ជំនាញ ត្រូវ​រៀបចំ​ចុះបញ្ជី​ដីធ្លី និង​ត្រូវ​មាន​ភាព​ស្មោះត្រង់ លើ​ការអនុវត្តន៍​កិច្ច​សន្យា​ខ្ចីប្រាក់។​ល​។ និង​។​ល​។
 

យ៉ាងណាក៏ដោយ អ្នក​ជំនាញ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​លើក​ឡើង​ថា កន្លងមក ធនាគារ​នៅ​កម្ពុជា មាន​វិធានការ​រឹតត្បិត​ដោយ​ផ្តល់​ហិរញ្ញប្បទាន​រយៈពេល​ខ្លី​និង​តិចតួច​សម្រាប់​ការ​ចំណាយ​ប្រតិបត្តិការ​របស់​អាជីវកម្ម។ ម្យ៉ាងវិញទៀត ទោះបី​ជា​ម្ចាស់​ក្រុមហ៊ុន​អាច​ផ្តល់​ជា​ដី​និង​អគារ​សម្រាប់​ដាក់​បញ្ចាំ ក៏​ធនាគារ មិន​ផ្តល់​កម្ចី​ធំ និង​រយៈពេល​វែង ដែល​ក្រុម​ហ៊ុន ត្រូវការ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ