អានតួអត្ថបទ
កម្ពុជា

លោករ៉ុង ឈុន​ចង់​ផ្តល់​ញត្តិ​ផ្ទាល់ដៃ​ជូន​លោកបាន គីមូន

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​មាន​បំណង​ជូន​ញត្តិ​ផ្ទាល់ដៃ​ជូន​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ បាន គីមូន នៅ​ថ្ងៃ​អង្គារ​ខាងមុខ​នេះ។ ញត្តិ​នេះ​និយាយ​អំពី​បញ្ហា​បូរណភាព​ទឹកដី និង​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីពកម្ពុជា © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:29

សេចក្តី​រាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ

បើ​ទោះបីជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​អោយ​សហភាព​សហជីព​កម្ពុជា​ធ្វើការ​ជួបជុំ ដើម្បី​សម្ដែង​មតិ នៅ​ថ្ងៃ​មក​ដល់​របស់​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ក៏​ដោយ​ក៏​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​នឹង​នៅតែ​ធ្វើការ​ជួបជុំ​គ្នា​ដដែល នៅ​ថ្ងៃ​ទី​២៦​ខែ​តុលា​ខាង​មុខ​នេះ។

 
ចាប់​ពី​ថ្ងៃ​អង្គារ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨​សប្ដាហ៍​ក្រោយ​នេះ លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅក្នុង​ប្រទេស​កម្ពុជា។ លោក រ៉ុង ឈុន បាន​ថ្លែង​ប្រាប់ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​របស់​លោក​នឹង​ជួបជុំ​គ្នា​នៅមុខ​អតីត​អគារ​រដ្ឋសភា ជាតិ នៅ​វេលា​ម៉ោង​៨​ព្រឹក នៅ​ថ្ងៃ​​អង្គារ​ខាងមុខនេះ។ ម្យ៉ាង​គឺ​ដើម្បី​ស្វាគមន៍​ការមកដល់​របស់​តំណាង​អង្គការ​សហប្រជាជាតិ និង​ម្យ៉ាងទៀត​គឺ​ដើម្បី​ផ្ញើ​សារ​ពីរ​ចំនុច​ជូន​លោក បាន គីមូន។ ប្រធានបទ​ដែល​លោក រ៉ុង ឈុន ចង់​ជម្រាប​ប្រាប់​លោក បាន គីមូន នោះ​គឺ​បញ្ហា​បូរណភាព​ទឹកដី និង​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

ទាក់ទង​ទៅ​នឹង​បញ្ហា​បូរណភាព​ទឹកដី លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ប្រទេស​ថៃ​បាន និង​កំពុង​ឈ្លានពាន​ប្រទេស​កម្ពុជា រីឯ​ការបោះ​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​វិញ​មាន​ភាព​មិន​ប្រក្រតី។ ចំពោះ​ប្រព័ន្ធ​តុលាការ លោក ឈុន បាន​រិះគន់​ថា អ្នកមាន​អំណាច​មួយ​ចំនួន​ជ្រៀតជ្រែក​ចូល​កិច្ចការ​របស់​តុលាការ។

លោក រ៉ុង ឈុន បាន​បន្ត​ទៀត​ថា លោក​បាន​ដាក់​លិខិត​សុំ​ជួប លោក បាន គីមូន តាមរយៈ​កម្មវិធី​​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​លោក ឈុន នៅ​មិនទាន់​ទទួល​បាន​ចម្លើយ​តប​មក​វិញ​នៅ​ឡើយ​ទេ។

ស្រប​ពេល​ជាមួយគ្នា អង្គការ​និង​សមាគម​ខ្មែរ​ក្រោម​ដែល​មាន​មូលដ្ឋាន ក្នុង​ប្រទេស​កម្ពុជា ក៏កំពុង​​ស្វះស្វែង​រក​ឱកាស​ជួប​លោក បាន គីមូន ផង​ដែរ​ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ដែល​ស្ថិតនៅ​ក្រោម​ការត្រួតត្រា​របស់​អាជ្ញាធរ​វៀតណាម។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ នៅក្នុង​ប្រទេស​កម្ពុជា​លោក បាន គីមូន គ្រោង​នឹង​ជួប​សវនាការ​ជាមួយ​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ​នរោត្តម សីហមុនី បន្ទាប់មក​លោក​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ក្រសួង​ការបរទេស លោក​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​នឹង​អញ្ជើញ​ទៅ​ទស្សនា​សាលាក្តី​ខ្មែរ​ក្រហម ​និង​មន្ទីរពេទ្យ​រុស្ស៊ី​ផង​ដែរ​មុន​នឹង​លោក​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ថៃ។ ប្រទេស​ថៃ​ដែល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ