អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​អំពាវនាវ​អោយ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​គម្រោង​វិនិយោគ​ដែល​ប៉ះពាល់​ជា​អ​វិជ្ជមាន​ដល់​សង្គម​

អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​១៥​បាន​អំពាវនាវ​ អោយ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​គម្រោង​វិនិយោគ​នានា​ដែល​ប៉ះពាល់​ជា​ អវិជ្ជមាន​ដល់​សង្គមជាតិ។ ប៉ុន្តែ​មន្ត្រី​រាជ​រដ្ឋាភិបាល​ឆ្លើយតប​វិញ​ថា រាល់​គម្រោង​វិនិយោគ​នីមួយ​ៗ​ត្រូវ​បាន​សិក្សា​តាម​លក្ខណៈ​បច្ចេកទេស​​​ទាំងអស់។

លោក​ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា
លោក​ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា © Reuters
ផ្សាយពាណិជ្ជកម្ម

02:07

សេចក្តីរាយការណ៍​របស់ គី សុខលីម

បន្ទាប់ពី​ធ្វើ​សន្និសីទ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ពីរ​ថ្ងៃ​រួម​មក អង្គការ​សមាគម​ចំនួន​១៥​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​អោយ​ពិនិត្យមើល​ឡើងវិញ​គម្រោង​វិនិយោគ​ធំ​ៗ​ដែល​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សង្គមជាតិ។
សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​១៥​នេះ​បាន​កោត​សរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រួម​ចំណែក​ធានា​នូវ​អភិបាល​កិច្ច​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាងនេះ​ក្តី អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​បណ្ដាល​មក​ពី​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ។

សេចក្តី​ថ្លែងការណ៍​រួម​បាន​បញ្ជាក់​ចំ​ៗ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បាន​ធ្វើ​អោយ​របប​ទឹក​ប្រែប្រួល​និង​ប៉ះពាល់​ដល់​របរ​នេសាទ​របស់​សហគមន៍​នៅ​តំបន់​នោះ។ គម្រោង​រុករក​និង​ធ្វើអាជីវកម្ម​រ៉ែ​បាន​ធ្វើ​អោយ​ប្រជាជន​បាត់បង់​ដីធ្លី បាត់បង់​ប្រភព​ចំណូល​​ហើយ​សារធាតុ​គីមី​ផ្សេង​ៗ​បាន​និង​កំពុង​បំផ្លាញ​សុខភាព​របស់​ប្រជាជន​នៅ​សហគមន៍។

ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​វិញ សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា ដោយសារ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​មិន​បាន​ធ្វើឡើង​តាម​គោលការណ៍​ត្រឹមត្រូវ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទទួល​រងគ្រោះ​ដោយសារ​គម្រោង​ទាំង​នេះ។ ប្រជាពលរដ្ឋ​ខ្លះ​បាត់បង់​ដីធ្លី​ផ្ទះ​សម្បែង រីឯ​ប្រជាពលរដ្ឋ​ខ្លះទៀត​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ដោយ​ពុំ​ទទួល​បាន​សំណង​សមរម្យ។

សេចក្តី​ថ្លែងការណ៍​រួម​បាន​បន្ត​បញ្ជាក់​ទៀត​ថា គម្រោង​ធំ​ៗ​ទាំង​នោះ​ប៉ះពាល់​បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច​និង​វប្បធម៌។
ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល លោក ទិត្យ សុធា អ្នក​នាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ពន្យល់​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា គម្រោង​វិនិយោគ​នីមួយ​ៗ​សុទ្ធតែ​ត្រូវ​បាន​ធ្វើការ​សិក្សា​ពិត​ប្រាកដ​ទាក់ទង​ទៅ​នឹង​ផល​ប៉ះពាល់​បរិស្ថាន​និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​បាន​ធ្វើការ​ដោយ​ប្រយ័ត្នប្រយែង​បំផុត​មុននឹង​ផ្តល់​ដី​សម្បទាន​ទៅ​អោយ​ក្រុមហ៊ុន​ណា​មួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ