អានតួអត្ថបទ
កម្ពុជា

ជំនន់​ទឹក​ភ្លៀង​នៅ​កម្ពុជា​ចាប់​ផ្តើម​ស្រក

បន្ទាប់ពី​បាន​វាយលុក​កម្ពុជា​អស់​រយៈ​ពេល​ជាង​មួយ​អាទិត្យ ជំនន់​ទឹកភ្លៀង​ចាប់​បាន​ស្រកចុះ​បណ្តើរៗ។ មន្ត្រីគ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែង​ឲ្យ​ដឹ​ងថា រហូតមក​ទល់នឹងថ្ងៃអង្គារនេះ មានមនុស្ស ៥ នាក់បានស្លាប់ បាត់បង់​ជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ ហេដ្ឋារចនា​សម្ពន្ធ​មួយ​ចំនួន។​ ប៉ុន្តែការខូចខាតដោយជំនន់ទឹកភ្លៀង នេះមាន​ទំហំ​តិច​ជាង​ព្យុះ​កេត​សាណា​កាលពី​ឆ្នាំ​ទៅ។

ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​តាកែវ​កំពុង​ធ្វើ​ដំណើរ​ដោយ​ការ​អូស​រទេះ ​បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ផ្លូវ​និង​កាត់​ផ្តាច់​ផ្លូវ​ថ្នល់​មួយ​ចំនួន​។
ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​តាកែវ​កំពុង​ធ្វើ​ដំណើរ​ដោយ​ការ​អូស​រទេះ ​បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ផ្លូវ​និង​កាត់​ផ្តាច់​ផ្លូវ​ថ្នល់​មួយ​ចំនួន​។ © នេត្រ ភក្រ្តា
ផ្សាយពាណិជ្ជកម្ម
02:22

សេចក្តីរាយការណ៍​របស់ នេត្រ ភក្រ្តា

បូលីន ដាវីដ

គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​បាន​ប្រកាស​ថា ​ជំនន់​​ទឹក​ភ្លៀង​​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១០​ តុលា​ក្នុង​​ខេត្ត​-រាជធានី​ចំនួន​ ១៣ ​​ក្នុង​ប្រទេស​កម្ពុជា​ ឥឡូវ​នេះ​ បាន​ស្រក​ចុះ​មកវិញ​ហើយ។ លោក​ញឹម វណ្ណដា អនុ​ប្រធាន​ទី ១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ទឹក​ជំនន់​ទឹក​ភ្លៀង​បាន​ស្រក​​ចុះ​ ប៉ុន្តែ​បាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ ដំណាំ​​​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​ដទៃ​ទៀត​​ដែល​បាន​រង​ទឹក​ជំនន់​ខូច​ខាតស្ទើរ​ទាំង​ស្រុង។

ជំនន់​ទឹកភ្លៀង​ដែល​បាន​វាយប្រហារ​មក​លើ​ប្រទេស​កម្ពុជា ​តាំង​ពី​សបា្តហ៍​មុន បាន​បង្ក​ការ​ស្លាប់​​មនុស្ស ៥ នាក់​ផង​ដែរ ហើយ ស្រូវ​របស់​ប្រជាកសិករ​ជាង ៦​ពាន់​ហិកតា​ត្រូវ​បាន​បំផ្លាញ។ ប៉ុន្តែ​ទោះបីយ៉ាងណា បើ​តាម​លោក​ញឹម វណ្ណដា យោង​តាម​ការ​ប៉ាន់​ប្រមាណ​ជំហាន​ដំបូង ទោះបី​ជា​​របាយការណ៍​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​ចប់​សព្វ​គ្រប់​ ការ​ខាត​បង់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង មាន​ទំហំ​ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​គ្រោះអន្តរាយ​ព្យុះកេតសាណា​ កាល​ពីឆ្នាំ​មុន​ដែរ។ លោក​បាន​ថ្លែង​ទៀត​ថា​ តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ដោយសារ​ទឹក​ជំនន់​ប៉ុន្មាន​ថ្ងៃ​នេះ មាន​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ បន្ទាយ​មានជ័យ និង​ក្រុង​ប៉ោយប៉ែត។

យោងតាម​របាយការណ៍​របស់​​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ព្យុះ​កេតសាណា ​បាន​វាយប្រហារ​កម្ពុជា​ចន្លោះ​ពី​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៥​ ខែ​តុលា​ ឆ្នាំ​២០០៩។ ខេត្ត​ចំនួន ១៤ ក្នុង​ចំណោម​ខេត្ត​-រាជធានី ចំនួន​២៤​ បាន​ទទួល​រងគ្រោះ ​និង​ជួប​ទឹក​ជំនន់។ ព្យុះ​នោះ​បាន​សម្លាប់​មនុស្ស​ចំនួន​ ៤៣​ នាក់​ និង ៦៧​នាក់​ទទួល​រងរបួស​ធ្ងន់ និង​បំផ្លាញ​​ផ្ទះ និង​ជីវភាព​រស់នៅ​របស់​គ្រួសារ​ប្រហែល ៤៩ ០០០​គ្រួសារ។ ការ​ខូតខាត ​និង​បាត់​បង់​​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​កេតសាណា បាន​ប៉ាន់​ប្រមាណ​តម្លៃ​ខូចខាត​ថា​មាន​រហូត ១៣២ លាន​ដុល្លារ​អាមេរិក​ក្នុង​ប្រទេស​កម្ពុជា។

យោងតាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង ឧតុនិយម ភ្លៀង​នឹង​បន្ត​នៅ​រាយប៉ាយ​​នៅ​គ្រប់​ខេត្ត​-រាជធានីនៃ​ប្រទេស​កម្ពុជា​​ រហូត​ដល់​​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ទើប​ស្បើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកហ៊ុន សែន កាល ពី​ថ្ងៃ​ម្សិលមិញ ទន្ទឹម​នឹងបាន​ថ្លែង​នូវ​ការ​កោត សរសើរ​​ចំពោះ អាជ្ញាធរ​ទាំង​អស់ ពី​ការ​ខិតខំប្រឹង​ប្រែង​​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​របស់​យើង​ពី​ទឹក​ជំនន់។ ខ្ញុំ​សុំ​អំពាវ​នាវ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់ ឲ្យ​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ជួយ​ដល់​ពលរដ្ឋ​យើង ​ក៏​ដូចជា​ចាត់​វិធានការ​ជួសជុល​ផ្លូវ និង​ហេដ្ឋារចនា​សម្ព័ន្ធ​​ផ្សេង​ៗ ដែល​រង​ការ​ខូចខាត​​បន្ទាប់ពី​​ទឹក​ស្រក​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ