អានតួអត្ថបទ
កម្ពុជា

សមាគម​គ្រូបង្រៀន​ទាមទារ​ដំឡើង​ប្រាក់ខែ​អោយ​ដល់​២៥០​ដុល្លារ​ជូន​គ្រូបង្រៀន

សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​ទាមទារ​ដំឡើង​ប្រាក់ខែ​អោយ​ដល់​២៥០​ ដុល្លារ​អាមេរិក​ជូន​គ្រូ​បង្រៀន​នៅក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក​ដែល​នឹង​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ដើម​ខែ​តុលា​ក្រោយ​នេះ។ បច្ចុប្បន្ន​នេះ គ្រូបង្រៀន​នៅ​បឋម​សិក្សា​និង​មធ្យម​សិក្សា​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ក្នុង ​ចន្លោះ​ពី​​៤០​ទៅ​៥០​ដុល្លារ​អាមេរិក។

លោករ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ
លោករ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:23

សេចក្តី​រាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ

ប្រាក់ខែ​គ្រូ​បង្រៀន​គួរ​តែ​ដំឡើង​អោយ​ដល់​២៥០​ដុល្លារ​ក្នុង​មួយ​ខែ។ នេះ​ជា​គម្រោង​ទាមទារ​របស់​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា នៅក្នុង​ឱកាស​ទិវា​គ្រូ​បង្រៀន​ពិភពលោក នៅ​ថ្ងៃ​ទី​៥​ខែ​តុលា​ក្រោយ​នេះ។

នៅ​ថ្ងៃ​ទី​៥​ខែ​តុលា​ខាង​មុខ​នេះ សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន គ្រោង​នឹង​ធ្វើ​ពិធី​ដង្ហែ​ញត្តិ​ដាក់​ជូន​ក្រសួង​អប់រំ និង​រដ្ឋ​សភាជាតិ​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ពួកគេ​អោយ​ក្រឡេក​មើល​តួនាទី​សំខាន់​របស់​គ្រូបង្រៀន នៅក្នុង​ប្រទេស​កម្ពុជា។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​បាន​បញ្ជាក់​ថា ការទាមទារ​របស់​គ្រូបង្រៀន នៅ​ខែ​ក្រោយ​នេះ​មាន​ច្រើន​ចំណុច​ក្នុង​នោះ​មាន៖​ការដំឡើង​ប្រាក់ខែ ការដំឡើង​ប្រាក់​អតីតភាព ការដំឡើង​ប្រាក់​សម្រាប់​កូន​ប្រពន្ធ និង​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង។ គម្រោង​ទាមទារ​របស់​សមាគម​គ្រូបង្រៀន​បាន​ធ្វើឡើង នៅក្នុង​កាលៈទេសៈ​ដែល​ជីវភាព​របស់​គ្រូបង្រៀន​ជួប​ឧបសគ្គ​ច្រើន។

បច្ចុប្បន្ន​នេះ គ្រូ​បង្រៀន​នៅ​បឋមសិក្សា និង​នៅ​មធ្យម​សិក្សា​ទទួល​បាន​ប្រាក់បៀវត្សរ៍ ក្នុង​ចន្លោះ​ពី ៤០​ទៅ​៥០​ដុល្លារ​អាមេរិក។ ចំនួន​ប្រាក់ខែ​នេះ​ត្រូវ​បាន​គ្រូ​បង្រៀន​រអ៊ូ​គ្រប់គ្នា​ថា មាន​ចំនួន​តិចតួច និង​មិនអាច​ទ្រទ្រង់​ជីវភាព​បាន​គ្រប់គ្រាន់។
ដោយសារ​តែ​ប្រាក់ខែ​ចាយ​មិន​គ្រប់គ្រាន់​យ៉ាង​ដូច្នេះ ទើប​គ្រូបង្រៀន​មួយ​ចំនួន​ធំ​បាន​ទារ​ប្រាក់​ពី​កូន​សិស្ស នៅក្នុង​ថ្នាក់​រៀន​បន្ថែម​ទៀត។ កូនសិស្ស​មួយ​ចំនួន​ត្រូវ​បង់ប្រាក់​ប្រចាំ​ថ្ងៃ​ជូន​គ្រូ​ប្រចាំថ្នាក់​របស់​ពួកគេ​ក្នុង​មួយ​ខែ​៥​ដុល្លារ ឬ​១០​ដុល្លារ​ក្រោម​លេស​ថា រៀនគួរ​បន្ថែម​ម៉ោង។

គ្រូបង្រៀន​ខ្លះ​ទៀត ឆ្លៀត​ពេល​បង្រៀន​គួរ​ឯកជន​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​បន្ថែម​ទៀត។ គ្រូបង្រៀន​តែងតែ​និយាយ​ថា ពួកគេ​មិន​ចង់​យក​លុយកាក់​ពី​កូនសិស្ស​ទេ ប៉ុន្តែ​ការ​ធ្វើ​យ៉ាង​នេះ គឺ​ដោយសារ​តែ​ពួកគេ​គ្មាន​ជម្រើស។ ទង្វើ​ប្រមូល​លុយកាក់​តាម​ថ្នាក់​យ៉ាង​ដូច្នេះ ធ្វើ​អោយ​គ្រូបង្រៀន​បាត់បង់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​បាន​និយាយ​ថា ប្រសិនបើ​គ្រូបង្រៀន​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​អាច​រស់​បាន​ពេលនោះ គ្រូបង្រៀន​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​មិនល្អ​នេះ​ទៀត​ហើយ។ ប្រាក់ខែ​គ្រូបង្រៀន​នៅ​មិនទាន់​គ្រប់គ្រាន់​មែន ប៉ុន្តែ​ជា​រៀងរាល់​ឆ្នាំ រាជរដ្ឋាភិបាល​បាន​កំណត់​នយោបាយ​ដំឡើង​ប្រាក់ខែ​ប្រចាំឆ្នាំ​២០​ភាគរយ​ជូន​មន្ត្រី​ទាំងអស់។

អ្នកវិភាគ​មួយ​ចំនួន​អត្ថាធិប្បាយ​ថា ប្រសិនបើ​រាជ​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រី​រាជការ​អោយ​បាន​គ្រប់គ្រាន់​ទេ​នោះ រដ្ឋាភិបាល​គួរតែ​ជួយ​ទប់ស្កាត់​ការឡើងថ្លៃ​ទំនិញ​អោយ​បាន​ជា​អតិបរមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ