អានតួអត្ថបទ
កម្ពុជា

សហ​ចៅក្រម​ស៊ើបអង្កេត​របស់​តុលាការ​ខ្មែរក្រហម​ ចេញ​ដីកា​ដំណោះស្រាយ​លើ​សំណុំរឿង​ ០០២

ទីបំផុត​ទៅ លោក​ចៅក្រម យូ ប៊ុន​ឡេង និង​លោក​ចៅក្រម ម៉ា​សែល ឡឺម៉ុង ដែល​ជា​សហ​ចៅក្រម​ស៊ើបអង្កេត របស់​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម បាន​សម្រេច​ដីកា​ដំណោះស្រាយ​លើ​សំណុំរឿង ០០២ ប្រឆាំង​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូលៗ ៥ រូប រួមមាន​៖ នួន​ជា ខៀវ​សំផន អៀង​សារី អៀង​ធីរិទ្ធ និង​កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ដីកា​ដំណោះស្រាយ ដែល​នឹង​ប្រកាស នៅ​ព្រឹក​ស្អែក សហចៅក្រម​ស៊ើបអង្កេត ត្រូវ​សម្រេច​ពី​ការ​បញ្ជូន​សំណុំរឿង ០០២ ទៅ​បើក​សវនាការ​ជំនុំជម្រះ ឬ​ក៏​ត្រូវ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​ជន​ត្រូវ​ចោទ​ទាំង ៥ រូបនោះ។

តុលាការ​ខ្មែរក្រហម
តុលាការ​ខ្មែរក្រហម ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:12

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ

លី ម៉េងហួរ

សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​នេះ បញ្ជាក់​ថា សហ​ចៅក្រម​ស៊ើបអង្កេត របស់​តុលាការ​ខ្មែរក្រហម លោក​ចៅក្រម យូ ប៊ុនឡេង និង​លោក​ចៅក្រម​បារាំង ម៉ា​សែល ឡឺម៉ុង នឹង​ត្រូវ​ប្រកាស​ពី​ដីកា​ដំណោះស្រាយ លើ​សំណុំរឿង ០០២ ក្នុង​សន្និសីទ​កាសែត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១០។

លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ របស់​តុលាការ​ខ្មែរក្រហម បាន​មាន ប្រសាសន៍ថា សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ​រូប នឹង​ត្រូវ​ប្រកាស​ពី​ដីកា​ដំណោះស្រាយ លើ​សំណុំរឿង ០០២ ដែល​នឹង​ត្រូវ​ធ្វើ​ការ​ចោទ​ប្រកាន់​ស្ថាពរ និង​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ ឬ​ក៏​ត្រូវ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​ជន​ត្រូវ​ចោទ​ទាំង ៥ រូប រួម​មាន​៖ នួន​ជា, អៀង​សារី​, អៀង​ធីរិទ្ធ​, ខៀវ​សំផន និង​កាំង ហ្កេកអ៊ាវ ហៅ ឌុច។
លោក រាជ សម្បត្តិ បាន​បន្ថែម​ថា នេះ​ជា​កិច្ចការ ដែល​បាន​ចំណាយ​ពេល​យ៉ាងយូរ ចំពោះ​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ខ្មែរក្រហម ជាពិសេស​លើ​សំណុំរឿង ០០២។ វាក៏ជា​ព័ត៌មាន​ដ៏​ធំ មួយ ចាប់តាំងពី​ការ​កកើត​សាលាក្តី​ចម្រុះ​នេះ។

ចំពោះ​ព័ត៌មាន​លម្អិត នៃ​ដីកា​ដំណោះស្រាយ ដែល​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ស្អែក លោក រាជ សម្បត្តិ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នៅ​ថ្ងៃ​នេះ ដោយ​ទុក​ឲ្យ​សហ​ចៅក្រម​ជាតិ និង​អន្តរជាតិ ជា​អ្នក​ប្រកាស នៅ​ព្រឹកស្អែក។
ជាមួយគ្នានោះ ក្នុង​សន្និសីទ​កាសែត នា​ព្រឹក​ស្អែក​នេះ សហ​ចៅក្រម​ស៊ើបអង្កេត​របស់​តុលាការ​ខ្មែរក្រហម ក៏​នឹង​ត្រូវ​ប្រកាស​ពី​ចំនួន​ជនរ​ងគ្រោះ ដែល​ត្រូវ​ទទួល​ស្គាល់​ជា​ផ្លូវការ ជាដើមបណ្តឹង​រដ្ឋប្បវេណី លើ​សំណុំរឿង ០០២។ សំណុំរឿង ០០២ ដែល​មាន​អ្នក​ដាក់​ពាក្យ​បណ្តឹង​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ជិត ៤.០០០ នាក់។
 

កាលពី​ថ្ងៃ​ទី​១៦​សីហា សហ​ព្រះរាជអាជ្ញា​ជាតិ និង​អន្តរជាតិ លោកស្រី ជា លាង និង​លោក Adrew Carley បាន​ទាមទារ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ធ្វើការ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​កាត់ទោស​លើ​មេ​ខ្មែរក្រហម ៤ រូប គឺ​នួនជា​, អៀង​សារី​, ខៀវ​សំផន និង​អៀង​ធីរិទ្ធ​។ ប៉ុន្តែ​សហ​ព្រះរាជអាជ្ញា បាន​ស្នើ​សុំ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅ​ក្នុង​សំណុំរឿង ០០២ ដោយសារតែ ឌុច ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣៥ ឆ្នាំ​រួច​ហើយ ក្នុង​សំណុំរឿង ០០១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ