អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ទទួល​រង្វាន់​ពីអង្គការ​សហប្រជាជាតិ​ក្នុងMDG6​

រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ការ​សរសើរ​ពី​អង្គការ​សហប្រជាជាតិ​ ក្នុងការ​សម្រេច​កិច្ចការ​កាត់​បន្ថយ​ការ​ឆ្លងរាល​ដាល​មេរោគ​អេដស៍ គ្រុនចាញ់ និង​ជំងឺឆ្លង​ផ្សេងទៀត​ដែល​ស្ថិត​នៅក្នុង​ចំនុច​ទី​៦​នៃ​គោលដៅ​សហស្សវត្សរ៍។ ​ អង្គការ​សហប្រជាជាតិ​បាន​សរសេរ​លិខិត​កោត​សរសើរ​រដ្ឋាភិបាល​កម្ពុជា​កាល​ ពីថ្ងៃ​ទី​៧កញ្ញា ​ដើម្បី​អញ្ជើញ​តំណាង​រដ្ឋាភិបាល​កម្ពុជា​មក​ទទួល​រង្វាន់​នៅ​ទីក្រុង​ញូយ៉ក ​នៅ​ថ្ងៃ​ទី​១៩​កញ្ញា​នេះ។ 

កម្ពុជា​​បា​ន​ទទួល​​ការសរសើរ​ពី​អ ស ប​ ក្នុង​ការ​​ប្រយុទ្ធ​ទល់​នឹង​ជម្អឺ​អេដស៍​
កម្ពុជា​​បា​ន​ទទួល​​ការសរសើរ​ពី​អ ស ប​ ក្នុង​ការ​​ប្រយុទ្ធ​ទល់​នឹង​ជម្អឺ​អេដស៍​ ©​ សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

02:11

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

នៅល្ងាច​ថ្ងៃ​អាទិត្យ​ទី​១៩​កញ្ញា​ខាងមុខ​នេះ តំណាង​រដ្ឋាភិបាល​កម្ពុជា​នឹងត្រូវ​ឡើង​ទទួល​ពាន​រង្វាន់​ពី​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូយ៉ក ក្នុង​សហរដ្ឋ​អាមេរិក សម្រាប់​ជោគជ័យ​នៃ​ការ​សម្រេច​គោលដៅ​សហស្សវត្សរ៍​ចំនុច​ទី៦​របស់​ខ្លួន។ ​គោលដៅ​សហស្សវត្សរ៍​ចំនុច​ទី​៦ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លងរាល​ដាល​មេរោគអេដស៍ គ្រុនចាញ់ និង​ជំងឺ​ឆ្លង​ផ្សេងទៀត។ ព័ត៌មាន​ល្អ​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​តែង គន្ធី អគ្គលេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។​លោក​តែង គន្ធី​ដែល​បាន​វាយតម្លៃ​ថា នេះ​គឺ​ជា​ព័ត៌មាន​ដ៏​មោទនៈ​របស់​កម្ពុជា។

 
អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​បាន​អត្ថាធិប្បាយ​បន្ត​ថា រង្វាន់​របស់​អង្គការ​សហប្រជាជាតិ​ដែល​ផ្តល់​មក​អោយ​កម្ពុជា​នេះ គឺជា​ការ​ឆ្លើយតប និង​ការ​លើក​ទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​កម្ពុជា និង​អង្គការ​សង្គមស៊ីវិល​ទាំងអស់​ដែល​បាន​ធ្វើការ​ក្នុងភាព​ជាដៃគូ​យ៉ាង​គំរូ​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍ ជំងឺ​ឆ្លង​ផ្សេងទៀត។

ការ​ផ្តល់​រង្វាន់​ដល់​កម្ពុជា​មិនមែន​ត្រូវ​ធ្វើឡើង​ដោយ​ចៃដន្យ​នោះឡើយ។ អង្គការ​សហ​ប្រជាជាតិ​បាន​មើលឃើញ​លទ្ធផល​ការងារ​របស់​កម្ពុជា។ ​អត្រា​ឆ្លង​មេរោគ​អេដស៍​បាន​ធ្លាក់ចុះ​ជា​លំដាប់​ពី​២,២​ភាគរយ​ក្នុង​ចំណោម​មនុស្ស​អាយុ​ពី១៥ទៅ៤៩​ឆ្នាំ១៩៩៨​មក​នៅ០,៩​ភាគរយ​នៅឆ្នាំ​២០០៦។ ​លោក​តែង គន្ធី​បាន​បញ្ជាក់​ថា​នៅពេល​ដែល​កម្ពុជា​ដាក់​គោលដៅ​អោយ​អត្រា​ឆ្លង​មេរោគ​អេដស៍​នៅត្រឹម​កម្រិត​យ៉ាង​ហោច​ណាស់​០,៦​ភាគរយ​នៅឆ្នាំ​២០១៥ នៅក្នុង​ការ​អង្កេត​លើក​ចុងក្រោយ​នេះ​ដែល​នឹង​ត្រូវ​បង្ហាញ​នៅក្នុង​ត្រីមាស​ទី១​ឆ្នាំ​ក្រោយ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា អត្រា​ឆ្លងមេរោគអេដស៏​អាច​ធ្លាក់​មក​នៅ​ត្រឹម​០,៧​ភាគរយ​រួច​ទៅហើយ។

ទោះ​យ៉ាងណា​ក៏​ដោយ សម្រាប់​លោក​តែង គន្ធី កម្ពុជា​នឹង​មិនភ្លេច​ខ្លួន​ជាមួយ​រង្វាន់​របស់​អង្គការ​សហប្រជាជាតិ​នេះឡើយ។ លោក​តែង គន្ធី​អះអាង​ថា កម្ពុជា​នៅ​ព្រួយបារម្ភ​ចំពោះ​រលក​នៃ​ការ​ឆ្លងនៅក្នុង​ពេលក្រោយ​នេះ។ នោះ​គឺ​លទ្ធភាព​នៃ​ការផ្ទុះ​ការ​ឆ្លង​ក្នុងចំណោម​មនុស្ស​៣​ក្រុម​សព្វថ្ងៃ​រួមមាន៖ អ្នក​ធ្វើការ​ក្នុង​កន្លែង​សប្បាយ ក្រុម​បុរសស្រលាញ់​ភេទ​ដូចគ្នា និងក្រុម​យុវជន​ដែល​ប្រើប្រាស់​គ្រឿងញៀន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ