អានតួអត្ថបទ
កម្ពុជា

ប្រធាន​រដ្ឋសភា៖ ទីប្រឹក្សា​ច្រើន​ជា​ឆន្ទានុសិទ្ធិ​របស់​គ្រប់​ថ្នាក់​ដឹកនាំ

លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​លើក​ឡើង​ថា ការ​មាន​ទីប្រឹក្សា​ច្រើន ជា​ឆន្ទានុសិទ្ធិ របស់​ថ្នាក់​ដឹកនាំ ហើយ​ការ​តែងតាំង​ទីប្រឹក្សា​ទាំង​នោះ ធ្វើ​ឡើង​ស្របតាម​ក្បួន​ច្បាប់។ ការ​លើក​ឡើង​របស់​ប្រធាន​រដ្ឋសភា​ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​បាន​ស្វែង​រក​ការ​ពន្យល់​បំភ្លឺ អំពី ការ​ចំណាយ​ថវិកា​រាប់​លាន​រៀល ទៅ​លើ​ទីប្រឹក្សា​របស់​លោក ងួន ញ៉ិល អនុ​ប្រធាន​ទី​១ រដ្ឋសភា ដែល​មាន​ទីប្រឹក្សា​ចំនួន ៧១​រូប។

លោក​​ ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា​ បានលើកឡើងថា ការមានទីប្រឹក្សាច្រើន ជា​ឆន្ទា​នុសិទ្ធិ​របស់​ថ្នាក់​ដឹកនាំ​​
លោក​​ ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា​ បានលើកឡើងថា ការមានទីប្រឹក្សាច្រើន ជា​ឆន្ទា​នុសិទ្ធិ​របស់​ថ្នាក់​ដឹកនាំ​​ © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

02:19

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ

លី ម៉េងហួរ

តាម​រយៈ​ចំណារ​យ៉ាង​ខ្លី ទាក់ទង​នឹង​វិបត្តិ​ទីប្រឹក្សា​អនុ​ប្រធាន​រដ្ឋសភា ចុះ​កាលបរិច្ឆេទ ថ្ងៃ​ទី ២ ខែ​កញ្ញា​ឆ្នាំ ២០១០ ត្រូវ​បាន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន លើក​ឡើង​ថា នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​គ្រប់​ថ្នាក់​ដឹកនាំ ដែល​បាន​អនុវត្ត​ស្របតាម​នីតិវិធី​ច្បាប់។

ចំណារ ដែល​មាន​ត្រឹមតែ​ស៊ីញ៉េ លើ​ក្បាល​លិខិត​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ បាន​បញ្ជូន​ទៅ​កាន់​គណបក្ស សមរង្ស៊ី នៅ​ថ្ងៃ​សុក្រ​នេះ។ វា​ក៏​ជា​ចម្លើយ​ តប​នឹង​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ចំនួន ១៣ រូប ដែល​កាលពី​ថ្ងៃ​ទី ២៧​សីហា បាន​ស្នើ​សុំ​ប្រធាន​រដ្ឋសភា ឲ្យ​ពន្យល់​បំភ្លឺ​ពី​ការ​ចំណាយ​ថវិកា​ប្រមាណ ១១២ លាន​រៀល ទៅ​លើ​ទីប្រឹក្សា​ចំនួន ៧១ រូប របស់​លោក ងួន ញ៉ិល អនុ​ប្រធាន​ទី ១ នៃ​រដ្ឋសភា។

ចម្លើយ​របស់​ប្រធាន​រដ្ឋសភា​យ៉ាង​ខ្លី​ដូច្នេះ មិន​បាន​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​បក្សប្រឆាំង​អស់​ចិត្ត​នោះ​ទេ។ លោក ជា ប៉ូច ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា លោក​ចង់​បាន​ចម្លើយ​បញ្ជាក់​ពី​ប្រធាន​រដ្ឋសភា​ នូវ​ចំនួន​ពិត​ប្រាកដ​នៃ​ទីប្រឹក្សា​របស់លោក ងួន ញ៉ិល អនុ​ប្រធាន​ទី ១​រដ្ឋសភា ថា​តើ​ទីប្រឹក្សា​ដ៏​ច្រើន​រហូត​ដល់ ៧១ នាក់​នោះ មាន​តួនាទី​ធ្វើ​អ្វី​ខ្លះ​? ហើយ​មាន​ការ​តែងតាំង​ពិត​ប្រាកដ ពី​ព្រះមហាក្សត្រ ដែរ​ឬ​ទេ?។

នៅ​ថ្ងៃ​នេះ គេ​មិន​អាច​ទាក់ទង​លោក ងួន ញ៉ិល បានទេ។ ក៏ប៉ុន្តែ​កាលពី​ពេល​កន្លងមក លោក ងួន ញ៉ិល ដែល​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា ទីប្រឹក្សា​របស់​លោក ដែល​គណបក្ស​ប្រឆាំង​លើក​ឡើង​នោះ មាន​យូរ​តាំង​តែ​ពី​ជំនាន់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ធ្វើ​ជា​ប្រធាន​រដ្ឋសភា។ ការ​តែងតាំង​ទីប្រឹក្សា ឬ​ជំនួយការ​ទាំង​នោះ សុទ្ធតែ​មាន​ការ​ឯកភាព​ពី​លោក ហេង សំរិន ប្រធាន​រដ្ឋសភា។
ជាមួយ​នឹង​ការ​លើក​ឡើង​ដូច្នេះ លោក ងួន ញ៉ិល បាន​ពន្យល់​ថា នៅ​ក្នុង​ការ​សម្របសម្រួល​នយោបាយ ដែល​មាន​អ្នក​នយោបាយ​ខ្លះ មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​កន្លង​មក ក៏​មាន​ការ​តែងតាំង​បញ្ជី​ឈ្មោះ​ជាង ៣០ រូប ដើម្បី​ឲ្យធ្វើ​ជា​ទីប្រឹក្សា​របស់​លោក​នៅ​រដ្ឋសភា​ផង​ដែរ។

សូម​រម្លឹក​ថា វិបត្តិ​ទីប្រឹក្សា បាន​កើត​ឡើង​នៅ​រដ្ឋសភា ចាប់​តាំងពី​អាណត្តិ​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ជា​ប្រធាន​រដ្ឋសភា ដែល​កាលណោះ នាំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំង ចំពោះ​ការ​ចំណាយ​ថវិកា​ដ៏​ច្រើន​ទៅ​លើ​ទីប្រឹក្សា​ទាំង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ