អានតួអត្ថបទ
កម្ពុជា

លោក​កឹម​ សុខា​ស្នើ​សុំ​ពន្យា​ការ​ចូល​ខ្លួន​ទៅ​តុលាការ

លោក កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ស្នើ​ទៅ​ព្រះរាជ​អាជ្ញា​រង​តុលាការ​ រាជធានី​ភ្នំពេញ ដើម្បី​សុំ​ពន្យា​ពេល​នៃ​ការ​ចូល​ខ្លួន​បំភ្លឺ​តាម​ដីការ​កោះ​ហៅ​របស់​តំណាង ​អយ្យាការ។ លោក កឹម សុខា​បាន​ផ្តល់​ហេតុផល​ថា លោក​កំពុង​ជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី ១៤​ខែ​តុលា។ លោក​សុខ រឿន​ព្រះរាជ​អាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​អះអាង​ថា លោក​បាន​ឃើញ​លិខិត​របស់​លោក​កឹម សុខា​ហើយ ប៉ុន្តែ​ស្ថាប័ន​អយ្យការ​មិន​ទាន់​ធ្វើ​ការ​សម្រេច​យ៉ាងណា​នៅ​ឡើយ​ទេ។

លោក​ កឹម​ សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ដែល​កំពុង​ស្ថិត​នៅ​​ស​ហរដ្ឋ​អាមេរិក​ ស្នើ​សុំ​ពន្យាការ​ចូល​ខ្លួន​​ទៅ​តុលាការ​
លោក​ កឹម​ សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ដែល​កំពុង​ស្ថិត​នៅ​​ស​ហរដ្ឋ​អាមេរិក​ ស្នើ​សុំ​ពន្យាការ​ចូល​ខ្លួន​​ទៅ​តុលាការ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:09

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច

ពី​សហរដ្ឋ​អាមេរិក​ដែល​លោក​អះអាង​ថា កំពុង​បំពេញ​បេសកកម្ម​នោះ លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​សរសេរ​ប្រាប់​លោក​សុខ រឿន​ព្រះរាជអាជ្ញា​រង​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ពន្យា​ពេល​នៃ​ការ​ចូល​ខ្លួន​ទៅ​សាលាដំបូង​នេះ។

លោក​កឹម សុខា បាន​សរសេរ​ថា ពី​ថ្ងៃ​ទី ២៧​ខែ​កក្កដា​ដល់​ថ្ងែ​ទី ១៤​ខែ​តុលា​ឆ្នាំ ២០១០ លោក​មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​នោះ​ទេ ដោយ​លោក​ជាប់​បំពេញ​ភារកិច្ច​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា។ ជា​គម្រោង​ដែល​លោក​បាន​រៀបចំ​រួច​ពីមុន​មក​ហើយ។ ដូច្នេះ​លោក​កឹម សុខា​បាន​សរសេរ​ប្រាប់​ព្រះរាជ​អាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​សុខ រឿន ថា​លោក​សុំ​ពន្យា​ពេល​នៃ​ការ​ចូលខ្លួន​បំភ្លឺ​សំណុំរឿង​នៅពេល​សមស្រប​ណា​មួយ នៅ​ក្រោយ​ថ្ងៃ​ទី ១៥​ខែ​តុលា។

នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​ចំពោះ​ការ​ស្នើ​របស់​កឹម សុខា​នេះ​នៅ​ឡើយ​ទេ។ លោក​សុខ រឿន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា លោក​បាន​ឃើញ​លិខិត​របស់​លោក​កឹម សុខា​រួច​ហើយ ហើយ​លោក​ក៏​បាន​ដាក់​សំណើ​របស់​លោក​កឹម សុខា​ទៅ​ប្រធាន​ស្ថាប័ន​អយ្យាការ ដើម្បី​ធ្វើ​ការ​សម្រេច​ដែរ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កាលពី​ថ្ងៃ​ទី ៣០​សីហា ព្រះរាជអាជ្ញា​រង​តុលាការ​រាជធានី​លោក​សុខ រឿន បាន​ចេញ​ដីកា​អញ្ជើញ​លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស អោយ​ចូលខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី ៦​ខែ​កញ្ញា​នេះ ដើម្បី​ឆ្លើយ​បំភ្លឺ​ទៅ​នឹង​ពាក្យ​បណ្តឹង​របស់​លោក​ឈឹម ផលវរុណ និង​លោក​សូវីន សាន់​ដែល​បាន​ប្តឹង​លោក​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត និង​ការ​ក្លែង​លិខិត​ឯកជន។ គួរ​បញ្ជាក់​ថា ដើម​បណ្តឹង​គឺ​ជា​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​លោក​កឹម សុខា​ធ្លាប់​ធ្វើ​ជា​ប្រធាន។ ក្រុម​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​មួយ​ក្រុម​បាន​ប្តឹង​លោក​កឹម សុខា​ជា​ច្រើន​ករណី នៅ​ក្នុង​ឆ្នាំ ២០០៦។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទន្ទឹម​នឹង​ការ​សុំ​ពន្យា​ពេល​នៃ​ការ​ចូល​ខ្លួន​បំភ្លឺ​នៅ​ក្នុង​ស្ថាប័ន​អយ្យាការ របស់​លោក​កឹម សុខា គណបក្ស​សិទ្ធិមនុស្ស​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កត់​សម្គាល់​ថា ករណី​របស់​លោក​កឹម សុខា​ត្រូវ​បាន​តុលាការ​ចាត់ការ​យ៉ាង​តក់ក្រហល់ ហើយ​សង្ស័យ​ថា ការចាត់ការ​លើ​លោក​កឹម សុខា​នេះ​អាច​ជា​ករណី​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ