អានតួអត្ថបទ
សហរដ្ឋអាមេរិក​

ពលរដ្ឋ​ខ្មែរ​ ៥​ នាក់​ទៀត​ ត្រូវ​បាន​ចាប់​បញ្ជូន​ពី​អាមេរិក

ពលរដ្ឋ​ខ្មែរ ៥ នាក់ ដែល​គេ​អះអាង​ថា បាន​ធ្វើ​អន្តោប្រវេសន៍ និង​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់ នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​ចាប់​បញ្ជូន ហើយ​គ្រោងនឹង​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទ ២​កញ្ញា ស្អែក​នេះ។ មន្ត្រី​កម្ពុជា អះអាង​ថា ជន​ទាំង ៥ នាក់​នោះ ជា​មនុស្ស​ធ្លាប់​ទទួល​ទោស ជាប់​ពន្ធនាគារ​នៅ​អាមេរិក ហើយ​មាន​បុរស​ម្នាក់ បាន​ជាប់​ពន្ធនាគារ រហូត​ដល់ ១៥ ឆ្នាំ ក្នុង​រឿង​ឃាតកម្ម។

ពលរដ្ឋខ្មែរ​​ ៥ នាក់ទៀត ត្រូវ​គេ​ចាប់​បញ្ជូន​ចេញ​ពី​សហរដ្ឋអាមេរិក​
ពលរដ្ឋខ្មែរ​​ ៥ នាក់ទៀត ត្រូវ​គេ​ចាប់​បញ្ជូន​ចេញ​ពី​សហរដ្ឋអាមេរិក​ © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

02:04

សេចក្តីរាយការណ៍​របស់ លីម៉េងហួរ

លី ម៉េងហួរ

មិនមែន​ជា​លើក​ទី ១​ទេ ដែល​សហរដ្ឋអាមេរិក បាន​ចាប់​បញ្ជូន​ពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​ជា​យុវវ័យ ដែល​គេ​ហៅ​ថា ប្រភេទ Gangster និង​បាន​ធ្វើ​អន្តោប្រវេសន៍ រស់​នៅ​ខុស​ច្បាប់ ព្រម​ទាំង​អ្នក​ខ្លះ​ប្រព្រឹត្ត​អំពើ​ល្មើស​ឧក្រិដ្ឋ នៅ​លើ​ទឹកដី​អាមេរិក មក​កាន់​ប្រទេស​កម្ពុជា។ ចាប់​តាំងពី​ឆ្នាំ ២០០២ មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អាមេរិក​ចំនួន ២២៩ នាក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា។

 
លោក​ឧត្តមសេនីយ៍ ពិន ពិសិទ្ធិ ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ របស់​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ៥ នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​បញ្ជូន​មក​ដល់​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​អាមេរិក​ទាំង​នោះ សុទ្ធតែ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ និង​បាន​ទទួល​ទោស​នៅ​អាមេរិក។ ដូច្នេះ​នៅ​ពេល​មក​ដល់​កម្ពុជា ពួក​គេ​នឹង​មិន​ត្រូវ​កម្លាំង​នគរបាល​តាម​ដាន ឬ​ត្រូវ​ជាប់ទោស​ទៀត​ឡើយ។

បើ​តាម​ក្រសួង​ការបរទេស ពលរដ្ឋ​ខ្មែរ ៥ នាក់​នោះ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ ១០ នាក់ ដែល​សហរដ្ឋអាមេរិក ត្រូវ​ចាប់​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​នៅ​លើក​នេះ។ សហរដ្ឋអាមេរិក និង​កម្ពុជា បាន​ចុះ​កិច្ច​ព្រមព្រៀង កាលពី​ឆ្នាំ ២០០២ ដើម្បី​ធ្វើ​បត្យាប័ន បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត នូវ​ជន​កម្ពុជា និង​អាមេរិក​ណា ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

ក៏​ប៉ុន្តែ​ក្រុម​យុវជន​ខ្មែរ រស់នៅ​អាមេរិក​ភាគ​ច្រើន បាន​សម្តែង​ការ​មិន​ពេញចិត្ត ដោយ​អះអាង​ថា ពួក​គេ​រស់​នៅ​ធំធាត់​លើ​ទឹកដី​អាមេរិក ហើយ​មិន​ចេះ​អក្សរ​ខ្មែរ បែរ​ជា​ត្រូវ​ចាប់​បញ្ជូន ត្រឡប់​មក​រស់​នៅ​កម្ពុជា ដោយ​ជួប​ការ​លំបាក ពិសេស​ត្រូវ​បែក​បាក់​ក្រុម​គ្រួសារ​ជាដើម។

ចំពោះ​ការ​បញ្ជូន​ត្រឡប់​​ជន​កម្ពុជា​ពី​អាមេរិក​នេះ ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើការ​សម្របសម្រួល ដើម្បី​ឲ្យ​ពួក​គេ អាច​រស់​នៅ​ក្នុង​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង ២២៩ នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ពី​អាមេរិក ចាប់តាំង​ពីឆ្នាំ ២០០២ មក​ដល់​កម្ពុជា មាន​ម្នាក់ បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ហើយ​ជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​ព្យាយាម សម្លាប់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ