អានតួអត្ថបទ
កម្ពុជា

តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​រដ្ឋសភា​បំភ្លឺ​រឿង​ទីប្រឹក្សា

តំណាងរាស្រ្ត​គណបក្ស​ សម រង្ស៊ី ​មួយ​ក្រុម​បាន​ស្នើ​ឲ្យ​រដ្ឋសភា​ជាតិ​ពន្យល់​អំពី​ការចំណាយ​ប្រាក់​ទៅ​លើ​ ទីប្រឹក្សា​របស់​លោក​ងួន ញ៉ឹល អនុប្រធាន​ទី១​នៃ​រដ្ឋសភា។ លោក​ងួន ញ៉ឹល ​ដែល​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​អះអាង​ថា មាន​ទីប្រឹក្សា រហូត​ដល់​ទៅ​៧១​នាក់។ លិខិត​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី ​បាន​ផ្ញើ​ទៅ​កាន់​រដ្ឋសភា នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ​ដោយ​បាន​កត់​សម្គាល់​អំពី​ការចំណាយ​ថវិកា​ដ៏ ​ច្រើន​សន្ធឹកសន្ធាប់​ទៅលើ​ទីប្រឹក្សា​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា។

លោកងួន ញ៉ឹល អនុប្រធាន​ទី១​នៃ​រដ្ឋសភា
លោកងួន ញ៉ឹល អនុប្រធាន​ទី១​នៃ​រដ្ឋសភា ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:20

សេចក្តី​រាយការណ៍​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ចំនួន​១១​រូប​បាន​នាំគ្នា​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​លោក​ហេង ​សំរិន ​ប្រធាន​រដ្ឋសភា​ជាតិ នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ ដើម្បី​សុំ​ការបំភ្លឺ​អំពី​ថវិកា​ដ៏​ច្រើន​លើសលប់​ដែល​រដ្ឋសភា​ជាតិ​បាន​ចំណាយ​ទៅ​លើ​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​នៃ​រដ្ឋសភា។

 
លោក​សុន ​ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​អះអាង នៅ​ថ្ងៃ​នេះ​ថា លោក​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​បំផុត​ថា លោក​ងួន ​ញ៉ឹល ​អនុប្រធាន​ទី១​នៃ​រដ្ឋសភា​ជាតិ​មាន​ទីប្រឹក្សា​ផ្ទាល់​ខ្លួន រហូត​ដល់​ទៅ​៧១​នាក់ ក្នុង​ចំណោម​នោះ​ក៏​មាន​ទាំង​អ្នក​តំណាងរាស្ត្រ និង​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​ផងដែរ។ បើ​យោងតាម​លោក​សុន ឆ័យ បញ្ជី​បើក​ប្រាក់​ខែ​សម្រាប់​ខែ​សីហា​បាន​បង្ហាញ​ពី​ការចំណាយ​រហូត​​ដល់​ទៅ​ជាង​១០០​លាន​រៀល ឬ​ស្មើ​នឹង​ជាង​២ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ទីប្រឹក្សា​លោក​ងួន ញ៉ឹល​តែ​ម្នាក់។

ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​បាន​កត់សម្គាល់​ក្នុង​លិខិត​របស់​ខ្លួន​ថា ចំនួន​ទីប្រឹក្សា​ដ៏ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​បាន​នាំ​ឲ្យ​រដ្ឋសភា​ខាតបង់​ថវិកា​យ៉ាង​ច្រើន។ លោក​សុន ​ឆ័យ​បាន​អះអាង​ថា ថ្នាក់ដឹកនាំ​រដ្ឋសភា​ផ្សេងៗ​ទៀត​ក៏​ទំនង​ជា​មាន​ទីប្រឹក្សា​យ៉ាង​ច្រើន​បែប​នេះ​ដែរ។ ម្យ៉ាងទៀត ​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ត្អូញត្អែរ​អំពី​ការលាក់លៀម​ព័ត៌មាន​របស់​រដ្ឋសភា​ទាក់ទង​នឹង​ការចំណាយ​ផ្សេងៗ ជា​ពិសេស ការចំណាយ​ទៅ​លើ​បុគ្គលិក​តែម្តង។ នេះ​ជាហេតុផល​ដែល​តំណារាស្ត្រ​ទាំង​នោះ​បាន​លើក​ឡើង និង​ស្នើឲ្យ​ប្រធាន​រដ្ឋសភា​បំភ្លឺ។

លោក​ងួន ញ៉ឹល​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​នេះ​ដោយ​អ្នកលើក​ទូរស័ព្ទ​អះអាង​ថា លោក​មាន​រវល់។ លោក​ជាម យៀប ​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​បាន​អះអាង​ថា លោក​មិន​បាន​ឃើញ​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ទេ ហើយ​លោក​ក៏​មិន​ដឹង​ថា លោក​ងួន ​ញ៉ឹល​មាន​ទីប្រឹក្សា​ប៉ុន្មាន​នាក់​ដែរ។

ភាព​មិន​ប្រក្រតី​ជុំវិញ​ការចំណាយ​របស់​រដ្ឋសភា​ធ្លាប់​ត្រូវ​បាន​លេចឮ​ជា​ច្រើន​លើក​រួច​មក​ហើយ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​នៃ​អាណត្តិ​របស់​ខ្លួន​កន្លង​ទៅ​នេះ ជា​ពិសេស​ទាក់ទង​នឹង​ការចំណាយ​ទៅ​លើ​បុគ្គលិក​តែ​ម្តង។ គណបក្ស​ប្រឆាំង​តែង​លើក​ឡើង​អំពី​ការលាក់បាំង​ចំនួន​បុគ្គលិក​ពី​សំណាក់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា។

ប៉ុន្តែ លោក​ជាម យៀប​បាន​បដិសេធ​ព័ត៌មាន​នេះ​ដោយ​លោក​អះអាង​ថា រដ្ឋសភា​មិនបាន​លាក់បាំង​អ្វីទេ ហើយ​តំណាង​​រាស្ត្រ​បក្ស​ប្រឆាំង​អាច​ដឹង​ព័ត៌មាន​ទាំង​នេះ ប្រសិន​បើ​ពួកគេ​ពិត​ជា​ចង់​ដឹង​ហើយ​ព្យាយាម​ទាក់ទង​ទៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ