អានតួអត្ថបទ
កម្ពុជា

ផ្សព្វផ្សាយ​ពីប្រាក់ឈ្នួល​អប្បបរមា​ថ្មីសម្រាប់កម្មករ​

ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បានប្រកាស​ផ្សព្វផ្សាយ ដល់​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ ​ព្រមទាំង​សហជីព​តំណាង​កម្មករ ​អំពី​ការអនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី សម្រាប់​កម្មករ​និយោជិត ​ផ្នែក​ឧស្សាហកម្ម​វាយនភ័ណ្ឌ ​កាត់ដេរ ​និង​ផលិត​ស្បែកជើង។ ​នោះ​គឺ​ការ​តម្លើង​ប្រាក់ខែ​កម្មករ ​ដែល​ទើបតែ​បាន​សម្រេច កាលពី​ថ្ងៃ​ទី​៨​កក្កដា នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១០ ​រហូតដល់​ឆ្នាំ​២០១៤។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសផ្សព្វផ្សាយពីប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មករ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសផ្សព្វផ្សាយពីប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មករ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

05:27

សេចក្តីរាយការណ៍របស់​ លី ម៉េងហួរ

លី ម៉េងហួរ

មន្ត្រី​ក្រសួង​ការងារ បាន​ប្រកាស​ពី​ការសម្រេច​តម្លើង​ប្រាក់ខែ​ថ្មី ទៅដល់​ថៅកែ​រោងចក្រ និង​សហជីព​តំណាង​កម្មករ ក្នុង​កិច្ចប្រជុំ​មួយ នៅ​ព្រឹក​ថ្ងៃ​ពុធ​។ នោះ​គឺ​ប្រាក់​ឈ្នួល​អប្បបរមា  (ប្រាក់ខែ​ទាប​បំផុត ) សម្រាប់​កម្មករ សាកល្បង​ការងារ ពី ១ ខែ ទៅ ៣ ខែ ដែល​បច្ចុប្បន្ន​មាន ចំនួន ៤៥ ដុល្លារ ត្រូវបាន​តម្លើង​បន្ថែម រហូត​ដល់​ចំនួន ៥៦ ដុល្លារ​។

 
ចំណែក​កម្មករ​ពេញសិទ្ធិ ដែល​បច្ចុប្បន្ន មាន​ប្រាក់ខែ​ទាប​បំផុត​ចំនួន ៥០ ដុល្លារ ត្រូវ​តម្លើង​ដល់​ចំនួន ៦១ ដុល្លារ​។
ការសម្រេច​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ចរចា​ត្រីភាគី របស់​ក្រុមប្រឹក្សា​ការងារ ដែលមាន ភាគី​និយោជក តំណាង​ថៅកែ​រោងចក្រ​, ភាគី​សហជីព​តំណាង​កម្មករ និង​ភាគី​រដ្ឋាភិបាល តំណាង​ដោយ​ក្រសួង​ការងារ កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១០​។​
សេចក្តីប្រកាស​ផ្សព្វផ្សាយ​នៅ​ព្រឹក​មិញ ក៏​បាន​កត់សម្គាល់​ថា ការអនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១០ រហូតដល់​ឆ្នាំ​២០១៤​។ នៅ​ឆ្នាំ​២០១៤ ទើប​គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​ធ្វើការ​ពិនិត្យ​ពិភាក្សា​ឡើងវិញ អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​។

សេចក្តីប្រកាស​ពី​ការអនុវត្ត ចំពោះ​ការ​តម្លើង​ប្រាក់ខែ​កម្មករ នៅថ្ងៃនេះ បាន​ធ្វើឡើង ក្នុងពេល​ដែល​មាន​សហ​ជីព​កម្មករ​មួយ​ចំនួន មិន​សុខចិត្ត និង​បន្ត​ការតវ៉ា រហូត​ដល់​ព្រមាន​ធ្វើ​កូដកម្ម មិន​ចូល​ធ្វើការ រយៈពេល ១ សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ខាងមុខ​។
លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​ដឹកនាំ​សហជីព តំណាង​កម្មករ​ជាង ១១០.០០០ នាក់ ក្នុង​វិស័យ​កាត់ដេរ បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា សហជីព​របស់លោក នៅ​តែ​ប្រកាន់​ជំហរ បន្ត​ការទាមទារ ហើយ​កូដកម្ម​នឹង​ផ្ទុះ​ឡើង ដើម្បី​ជម្រុញ​ឲ្យមាន​ការចរ​ចា​តម្លើង​ប្រាក់ខែ​កម្មករ និង​ផលប្រយោជន៍​មួយចំនួន​ដល់​កម្មករ​។
ក្រោយ​ការប្រកាស​សម្រេច​តម្លើង​ប្រាក់ខែ​កម្មករ កាលពី​ថ្ងៃ​ទី​៨ កក្កដា មាន​សហជីព​មួយ​ចំនួន ដែល​ដឹកនាំ​ដោយ​លោក អាត់ ធន់ មិន​យល់ស្រប​។ ពួក​គេ​ទាមទារ​ឲ្យមាន​ការចរចា​ឡើងវិញ ដោយ​ស្វែងរក​ការ​តម្លើង​ប្រាក់ខែ​កម្មករ រហូត​ដល់​ចន្លោះ​ពី ៧៥ ដុល្លារ ទៅ ៩៣ ដុល្លារ ព្រោះថា ប្រាក់ខែ​កម្មករ​បច្ចុប្បន្ន និង​ការ​តម្លើង​ដល់ ៦១ ដុល្លារ​នោះ មិន​អាច​ឲ្យ​កម្មករ ចំណាយ​គ្រប់គ្រាន់​ក្នុង​ជីវភាព​រស់នៅ​បាន​ទេ​។

យ៉ាងណាក៏ដោយ បន្ទាប់​ពី​ថ្លែង​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ការអនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី សម្រាប់​កម្មករ​និយោជិត ផ្នែក​ឧស្សាហកម្ម​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា លោក អ៊ំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ប្រាប់​ក្រុមអ្នកកាសែត​ថា សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ការងារ នៅ​ក្នុង​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មក​រ គឺ​នៅ​ដដែល ពោល​គឺ​គ្មាន​ការពិចារណា​ពី​រឿង​ប្រាក់ខែ​កម្មករ​ឡើង​វិញ​ទេ​។

ចំណែក​មន្ត្រី​អធិការកិច្ច របស់​ក្រសួង​ការងារ លោក អ៊ិន ខេមរ៉ា ក៏បាន​លើកឡើង​ថា ប្រាក់​ឈ្នួល​កម្មករ ត្រូវធ្វើ​យ៉ាងណា ឲ្យ​កម្មក​រអាច​រស់​បាន ហើយ​សហគ្រាស រោងចក្រ​កាត់ដេរ ក៏​អាច​រស់​បាន ដូចគ្នា​។ មួយវិញទៀត បើសិន​ជា​ត្រូវ​តម្លើង​ប្រាក់ខែ​កម្មករ លើស​ពី​សេចក្តីសម្រេច ដូចដែល​បាន​ព្រមព្រៀងគ្នា នោះ​សហគ្រាស​រោងចក្រ​កាត់ដេរ មិនអាច​ដំណើរការ​បាន​ទេ​។

ក៏​ប៉ុន្តែ​បើ​តាម​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​វិញ បាន​រកឃើញថា ភាគី​ថៅកែ​រោងចក្រ អាច​តម្លើង​ប្រាក់ខែ​កម្មករ ចន្លោះ​ពី ៧៥ ទៅ ៩៣ ដុល្លារ ដោយ​គ្រាន់តែ​រោងចក្រ​សហគ្រាស កាត់បន្ថយ ការ​ចំណេញ​របស់ខ្លួន​ប៉ុណ្ណោះ​។ ជាធ​ម្យ​មក​ម្មករ​ម្នាក់ អាច​រក​ចំណេញ​ដល់​រោងចក្រ បាន​ជាង ២០០ ដុល្លារ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ