អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​បដិសេ​ធដំណឹង​ពីការដោះលែង​បុរសថៃ ៣ នាក់​

នៅ​ថ្ងៃ​អង្គារ​នេះ ​អាជ្ញាធរ​កម្ពុជា​បាន​បដិសេធ​នូវ​ដំណឹង​អំពី​ការ​ដោះលែង​បុរស​ថៃ ៣ នាក់ ​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប។​ បុរស​ថៃ​ទាំង​៣ នាក់​នោះ​ត្រូវបាន​អាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ឆ្លងដែន​ខុស​ច្បាប់ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​កាលពី​ថ្ងៃ​ទី​១៨​សីហា។ 

ព្រំដែន​កម្ពុជា-ថៃ
ព្រំដែន​កម្ពុជា-ថៃ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:45

សេចក្តីរាយការណ៍របស់​ លី ម៉េងហួរ

លី ម៉េងហួរ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ព្រះរាជ​អាជ្ញា ​ព្រមទាំង​អភិបាលខេត្ត​សៀមរាប​បាន​បដិសេធ​នូវ​ដំណឹង ដែល​ផ្សាយ​ក្នុង​កាសែត​ថៃ​អំពី​ការ​ដោះលែង​បុរស​ថៃ ៣ នាក់។​ បុរស​ថៃ​ទាំង ៣ នាក់​នោះ ជាប់​ចោទ​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​បទ​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់។ ​ជន​ទាំង​បី​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​កម្ពុជា-ថៃ ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១០។

 
ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​សៀមរាប​-​ឧត្តរមានជ័យ​ លោក ទី សុវិនថាល់ ​បាន​ប្រាប់​កាសែត​ក្នុងស្រុក​នៅ​ថ្ងៃនេះ​ថា មិន​មាន​លិខិត​អធិ​បញ្ជា ជា​ផ្លូវការ​ណាមួយ ​ដើម្បី​បង្គាប់​ឲ្យ​ដោះលែង​ជនជាតិ​ថៃ​ទាំង ៣ នាក់ ចូល​មក​កាន់​តុលាការ នៅឡើយ​ទេ។

បច្ចុប្បន្ន​ ជនជាតិ​ថៃ​ទាំងបី​ កំពុង​ជាប់​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប ​ដើម្បី​រង់ចាំ​ការ​កាត់​ទោស។

ចំណែក​លោក ស៊ូ ភិរិន្ទ​ អភិបាលខេត្ត​សៀមរាប ក៏​បាន​បដិសេធ​នូវ​ព័ត៌មាន​ដែល​កាសែត​ថៃ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ​ថា​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជា​ឲ្យមាន​ការ​ដោះលែង​បុរស​ថៃ​ទាំង​បី​នាក់​នោះ។

ជាមួយគ្នា​នោះ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក ទិត សុធា ​បាន​លើក​ឡើង​ថា បញ្ហា​បុរស​ជនជាតិ​ថៃ​ទាំង​បី ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្តសៀមរាប គឺ​ស្ថិត​នៅក្នុង​ច្បាប់​របស់​កម្ពុជា។

ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​បែបនេះ បាន​ធ្វើឡើង​ភ្លាមៗ តប​ទៅ​នឹង​អភិបាល​ខេត្ត​សូ​រិន្ទ របស់​ប្រទេស​ថៃ លោក រ៉ា​ភី ភុង​ប៊ូ​ភាគិត ( Raphee Pongbuppakit )​ដែល​ត្រូវ​កាសែត​ថៃ The Nation ស្រង់​សម្តី​មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤​សីហា​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ទៅកាន់​អភិបាលខេត្ត​សៀមរាប ឲ្យ​ដោះលែង​បុរស​ថៃ បី​នាក់​នោះ។​ បទបញ្ជា​នៃ​ដោះលែង​បុរស​ថៃ​ទាំង​នោះ កើត​ចេញ​ពី​ការ​វិវត្តន៍​ថ្មី​ចុងក្រោយ រវាង​ទំនាក់​ទំនង​ការ​ទូត ​ដែល​ប្រសើរ​ឡើង​វិញ របស់​កម្ពុជា និង​ថៃ ក្រោយពី​លោក ថាក់ស៊ីន បាន​លាឈប់​ពី​តំណែង​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច របស់​លោក​នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាល​កម្ពុជា​។

ចំណែក​រដ្ឋមន្ត្រីការបរទេស​ថៃ លោក កា​ស៊ីត ភី​រម្យ ( Kasit Piromya ) ក៏​បាន​ប្រាប់​កាសែត​ថៃ​នៅ​ថ្ងៃ​នេះ​ថា បុរស​ថៃ​ទាំង​បី​នាក់ ដែល​ត្រូវ​ចាប់ឃុំខ្លួន នៅ​ខេត្ត​សៀមរាប នឹង​ត្រូវ​ដោះលែង ឲ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​ថៃ​វិញ ក្នុង​រយៈពេល​យ៉ាង​យូរ​បី​ថ្ងៃ​ទៀត។ រ​ដ្ឋមន្ត្រី​ការបរទេស​ថៃ ក៏​មាន​ជំនឿ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ នឹង​វិល​ទៅរក​សភាព​ធម្មតា​ឡើងវិញ ហើយ​អាច​នឹង​ជួយ​ដោះស្រាយ នូវ​រាល់​ជម្លោះ​ទាំងអស់​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ផងដែរ។

អាជ្ញាធរ​ថៃ បាន​អះអាង​ថា បុរស​ថៃ​ទាំង​បី​នាក់​នោះ ត្រូវបាន​ចាប់ខ្លួន ក្នុងពេល​ពួកគេ ដើរ​រុករក​អនុផល​ព្រៃឈើ ហើយ​ឆ្លង​ដែន ចូល​ក្នុង​តំបន់​ព្រំដែន​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ។
ក៏​ប៉ុន្តែ​កាលពី​ចុងឆ្នាំ​មុន​ យ៉ាង​ហោច​ណាស់​ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ១៦ នាក់ ត្រូវបាន​តុលាការ​ថៃ ក្នុង​ខេត្ត​អ៊ូ​ប៊ុន ជាប់​ព្រំប្រទល់​ប្រទេស​កម្ពុជា កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​ជាង ៣ ឆ្នាំ ទៅជិត​៥ ឆ្នាំ​ ដោយហេតុ​តែ​ការ​ដើរ​រុករក​អនុផល​ព្រៃឈើ​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ