អានតួអត្ថបទ
កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ អង្កេត​លើ​ការ​ប្រមូល​ពន្ធ​ផ្លូវ

ដោយ​មាន​ការ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី ក្នុង​ការ​បង់ពន្ធ​ផ្លូវ​នា​ពេល​ថ្មីៗ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ របស់​រដ្ឋាភិបាល បាន​បើក​ការ​ស្រាវជ្រាវ ចុះ​ស៊ើប​អង្កេត នៅ​តាម​ទី​កន្លែង​បង់​ពន្ធ​មួយ​ចំនួន។ ជា​លទ្ធផល អង្គភាព​នេះ រក​មិន​ឃើញ​ការ​យក​ថ្លៃ​លើស​កំណត់​ប្រាក់​ពន្ធ​ទេ។ ក៏​ប៉ុន្តែ​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ព្រមាន​ថា នឹង​មិន​លើកលែង​ទេ ចំពោះ​មន្ត្រី​ពន្ធដារ​ណា ដែល​បាន​យក​លុយ​លើស​តម្លៃ​កំណត់។ បើសិនជា​មាន​ពាក្យ​បណ្តឹង និង​មាន​ភស្តុតាង​គ្រប់គ្រាន់​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នឹង​ចាត់ការ​តាម​ច្បាប់ ដោយ​គ្មាន​ការ​អនុគ្រោះ​ឡើយ។

លោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
លោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
04:40

បទអន្តរាគមន៍​របស់ លី ម៉េងហួរ

ក្រោយពី​ទទួល​បាន​ដំណឹង​ពី​ការ​បង់ពន្ធ​ផ្លូវ​លើស​ចំនួន​កំណត់​ក្នុង​តារាង​ពន្ធដារ កាលពី​សប្តាហ៍​មុន អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ របស់​រដ្ឋាភិបាល ដែល​ទើបតែ​បង្កើត​ថ្មី បាន​ពង្រាយ​កម្លាំង​ចុះ​ស៊ើបអង្កេត​ករណី​នេះ​ភ្លាមៗ។
នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី ២៣​សីហា បន្ទាប់ពី​ចូលរួម​ក្នុង​សន្និសីទ​រវាង​តម្លាភាព​អន្តរជាតិ កម្ពុជា និង​កូរ៉េ ស្តីពី ការ​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​សម្រេច​បាន​ការអភិវឌ្ឍន៍ លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​លើកឡើង​ថា ពន្ធ​យានយន្ត លើ​មធ្យោបាយ​ដឹក​ជញ្ជូន ក្នុង​មួយ​ឆ្នាំៗ រដ្ឋ​ប្រមូល​បាន​ប្រហែល​ជា ១០ លាន​ដុល្លារ ហើយ​បើត្រូវ​បាត់បង់​ប្រហែល​ជា ១ លាន​ដុល្លារ ដូច​ការលើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​មែន​នោះ វា​ជា​រឿង​ដ៏​ធ្ងន់ធ្ងរ​មួយ។
តាម​សេចក្តី​រាយការណ៍ ពន្ធ​ម៉ូតូ​មួយ​គ្រឿង​តម្លៃ ៤.៥០០ រៀល តែ​ត្រូវ​មន្ត្រី​ពន្ធដារ​តម្រូវ​ឲ្យ​បង់​ដល់ ៦.០០០ រៀល។ ចំណែក​រថយន្ត ត្រូវ​បង់​លើស​តម្លៃ​ពន្ធ​ពី ៥.០០០ រៀល ទៅ ១០.០០០ រៀល។ ការ​បង់ពន្ធ​លើស​តម្លៃ​កំណត់​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ប៉ាន់​ស្មាន​ថា ត្រូវ​ខាតបង់​ប្រាក់​ប្រមាណ ១ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ។
ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ចាត់ទុក​ករណី​យក​លុយ​ពន្ធ លើស​ចំនួន​កំណត់​នេះ ជា​អំពើ​ពុក​រលួយ តាម​រយៈ​ការ​ប្រើប្រាស់ នូវ​តួនាទី​សិទ្ធិ​អំណាច​របស់​មន្ត្រី​សាធារណៈ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន។
ចំពោះ​បញ្ហា​នេះ លោក ឱម យិនទៀង បាន​លើក​ឡើង​ថា អង្គភាព​របស់​លោក នឹង​ចាត់ការ​តាម​ច្បាប់ ហើយ​រីករាយ​នឹង​សហការ បើមាន​ភស្ថុតាង​គ្រប់គ្រាន់​ថា មន្ត្រី​ពន្ធដារ យក​លុយ​លើស​តម្លៃ​ពន្ធ ដែល​បាន​កំណត់​មែន​នោះ។
លោក ឱម យិនទៀង បាន​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នឹង​ចាត់ការ ដោយ​បណ្តេញ​ភ្នាក់ងារ​ពន្ធដារ​នោះ ចេញ​ពី​កន្លែង​ធ្វើការ ដោយ​គ្មាន​ការ​លើកលែង​ទេ ប្រសិនបើ​មាន​ភស្តុតាង​គ្រប់គ្រាន់ បញ្ជាក់​ថា មន្ត្រី​ពន្ធដារ​នោះ យក​លុយ​លើស​ចំនួន​កំណត់។
យ៉ាងណាក៏ដោយ លោក ឱម យិនទៀង បាន​អះអាង​ថា មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ របស់​លោក រក​មិន​ឃើញ​ការ​យក​លុយ​លើស​ចំនួន​កំណត់​ទៀត​ទេ។ លោក បន្ថែមថា នេះ​ក៏​ដោយសារ​តែ​មាន​សេចក្តី​ជូនដំណឹង​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ របស់​ក្រសួង​សេដ្ឋកិច្ច ដែល​បាន​កំណត់ ឲ្យ​ភ្នាក់ងារ​ពន្ធដារ យក​តម្លៃ​ពន្ធ​ផ្លូវ​ត្រឹមត្រូវ​លើ​តារាង​រួច​មក។ ប៉ុន្តែ​លោក ឱម យិនទៀង បាន​អះអាង​ថា ភ្នាក់ងារ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅតែ​ចុះ​ឃ្លាំ​មើល​ជាប់​ជានិច្ច នៅ​តាម​កន្លែង​ប្រមូល​ពន្ធ​ផ្លូវ ក្រែង​លោ​មាន​ការ​យក​លុយ​លើស​កើត​ឡើង​វិញ។
សូម​រម្លឹក​ថា ការ​ប្រមូល​ពន្ធ​ផ្លូវ​លើ​យានយន្ត​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ ២០១០ ត្រូវ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ២០ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០១០។
ចំណែក​លោក សន ជ័យ អ្នក​សម្របសម្រួល​ក្រុមការងារ​សង្គម​ស៊ីវិល ដើម្បី​គណនេយ្យភាព និង​តម្លាភាព​សង្គម ដែល​បាន​បើក​យុទ្ធនាការ​ប្រឆាំង​ការ​បង់ពន្ធ​ផ្លូវ លើស​ចំនួន​កំណត់ បាន​អះអាង​ថា មក​ដល់​ថ្ងៃ​នេះ មន្ត្រី​ពន្ធដារ បាន​បិទ​ព្យួរ​នូវ​តារាង​តម្លៃ​ពន្ធ​ផ្លូវ នៅ​តាម​កន្លែង​បង់ពន្ធ ហើយ​យក​តាម​តម្លៃ​ពន្ធ​នោះ​ត្រឹមត្រូវ។
ក៏ប៉ុន្តែ​អ្នក​បង់ពន្ធ​មួយ​ចំនួន នៅ​ភ្នំពេញ បាន​អះអាង​ថា ពួកគេ​ត្រូវ​បង់លុយ​លើស​ចំនួន​កំណត់​ដដែល ដើម្បី​ទិញ​បាន​ពន្ធ​ម៉ូតូ ហើយ​ឡាន​ត្រូវ​លើស ៥.០០០ រៀល ដូចពេលមុនៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ