អានតួអត្ថបទ
កម្ពុជា

ព្រះអង្គម្ចាស់​​ នរោត្តម​ រណឬទ្ធិ​​បារម្ភ​ខ្លាច​បាត់បង់​គណបក្ស​ជាតិនិយម

ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ បាន​ចេញ​ព្រះភក្ត្រ​ដ៏​កម្រ​របស់​ព្រះអង្គ​ប្រាប់​ទៅ​ថ្នាក់​ដឹកនាំ​គណបក្ស​ ជាតិនិយម​អោយ​ពិចារណា​លើ​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​សម័្ពន្ធភាព​ជាមួយ​គណបក្ស ហ៊្វុនស៊ីនប៉ិច។ ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ​ដែល​បាន​យាង​ចូល​និវត្តន៍​ពី​នយោបាយ​ហើយ​នោះ បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​តំណែង​តួនាទី​របស់​មន្ត្រី​ គណបក្ស​ជាតិនិយម បន្ទាប់ពី​ព្រះអង្គ​ទទួល​បាន​ការ​ពន្យល់​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា ក្រសួង​មហាផ្ទៃ ត្រូវ​លុប​ឈ្មោះ​គណបក្ស​នយោបាយ ដែល​បាន​ប្រកាស​រួមបញ្ចូល​គ្នា​នោះ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ។

ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ​ សំដែង​ការ​ព្រួយ​បារម្ភ​​ខ្លាច​បាត់បង់​គណបក្ស​ជាតិនិយម​
ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ​ សំដែង​ការ​ព្រួយ​បារម្ភ​​ខ្លាច​បាត់បង់​គណបក្ស​ជាតិនិយម​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម
02:12

សេចក្តីរាយការណ៍​របស់ លាង ដឺលុច​

នៅ​ថ្ងៃ​ចន្ទ​ទី ២៣​សីហា​នេះ ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ បាន​ផ្ញើលិខិត​មួយ​ទៅ​ថ្នាក់​ដឹកនាំ​គណបក្ស​ជាតិនិយម​ដើម្បី​អោយ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ពិចារណា​អំពី​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​សម្ព័ន្ធភាព ឬ​ការ​រួមបញ្ចូលគ្នា​ជាមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច។ គណបក្ស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​នៃ​ការ​ចង​សម្ព័ន្ធភាព​ជាមួយគ្នា​កាលពី​ថ្ងៃ​ទី ៧​ខែ​មិថុនា។

បើតាម​ព្រះរាជសារលិខិត​របស់​ព្រះអង្គម្ចាស់ នរោត្តម​រណឬទ្ធិ ព្រះអង្គ​ត្រូវ​សម្តែងការ​ព្រួយបារម្ភ​យ៉ាង​នេះ ពីព្រោះ​គណបក្ស​ជាតិ​និយម​សព្វថ្ងៃ​នេះ បាន​កើត​ចេញ​ពី​ការ​ធ្វើ​សមាជ​ផ្លាស់ប្តូរ​ឈ្មោះ​ពី​គណបក្ស នរោត្តម រណឬទ្ធិ។

ការ​ព្រួយបារម្ភ បាន​កើត​ឡើង​បន្ទាប់ពី​មាន​ការ​ស្នើ​អោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​អំពី​អនាគត​នៃ​គណបក្ស​ដែល​ចង់​រួមបញ្ចូល​គ្នា​ដូច​គណបក្ស​ហ៊្វុនស៊ីនប៉ិច និង​គណបក្ស​ជាតិនិយម​នេះ។ ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​លោក សៅ រ៉ានី តំណាងរាស្ត្រ​គណបក្ស​ជាតិនិយម ទាក់ទង​នឹង​ការ​រួមបញ្ចូល​គណបក្ស​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បកស្រាយ​ថា ក្រសួង​មហាផ្ទៃ​ត្រូវ​លុប​ឈ្មោះ​គណបក្ស​នយោបាយ​ដែល​បាន​ប្រកាស​រួមបញ្ចូល​គ្នា​នោះ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​បន្ទាប់ពី​បាន​ទទួល​លិខិត​ជូន​ដំណឹង​ពី​ការ​រួមបញ្ចូល​គ្នា​នេះ។

ការ​បកស្រាយ​បែប​នេះ នឹង​ធ្វើ​អោយ​បាត់បង់​តំណែង តួនាទី​នៃ​សមាជិក​រដ្ឋសភា ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្រុក ខេត្ត ក្រុង រាជធានី។ គណបក្ស នរោត្តម រណឬទ្ធិ ឬ​គណបក្ស​ជាតិនិយម​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ ២០០៧ ចូលរូម​ក្នុង​ការ​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ ២០០៨​ទទួល​បាន ២​អាសនៈ​ក្នុង​រដ្ឋសភា និង​បាន​ចូលរួម​​ក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក ក្រុង រាជធានី ដោយ​មាន​សមាសភាព​ជាប់​ឆ្នោត​ជាតិ ៤០​រូប។

ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ បាន​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​មិន​ប្រឆាំង​ការ​រួបរូម​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ព្រះអង្គ​មិន​អាច​ទទួល​យក​បាន​ការ​រួបរួម​ដែល​ធ្វើ​អោយ​គណបក្ស​ជាតិ​និយម អតីត​គណបក្ស​នរោត្តម រណឬទ្ធិ​បាត់បង់​នោះ​ឡើយ។
 

នៅក្នុង​លិខិត​ឆ្លើយ​តប​ភ្លាមៗ​ទៅ​ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ​នៅ​ថ្ងៃ​នេះ ដើម្បី​កុំ​អោយ​ព្រះអង្គ​ព្រួយ​ព្រះទ័យ គណបក្ស​ជាតិនិយម បាន​ទូល​បញ្ជាក់​ប្រាប់​ព្រះអង្គ​ម្ចាស់ នរោត្តម រណឬទ្ធិ​អំពី​ខ្លឹមសារ​នៃ​ពិធីសារ​ដែល​មាន​ចែង​ធានា​អធិបតេយ្យ​នៃ​គណបក្ស​ទាំង​ពីរ​រហូត​ដល់​ចប់​អាណត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ