អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋមន្ត្រី​ព្រមាន​ដក​តំណែង​មន្ត្រី​ដែលធ្វើ​អន្តរាគមន៍​ផ្លាស់ប្តូរ​តំណែង​

ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​បក្ស​ប្រឆាំង​បាន​ថ្លែងគាំទ្រ នៅ​ថ្ងៃ​នេះ ចំពោះ​ចំណាត់ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនដែល​នឹង​ចាត់​វិធានការ​ដកហូត​តំណែង​បច្ចុប្បន្ន​ចំពោះ​មន្ត្រី​ណា​ដែល​ទទួល​អន្តរាគមន៍​ឲ្យ​មានការផ្លាស់ប្តូរ ឬ​តែងតាំង​តំណែង​មិន​ប្រក្រតី​នានា។ លោក​ហ៊ុន សែន​ នៅ​សបា្តហ៍​នេះ​បាន​ព្រមាន​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​រដ្ឋ​ កងទ័ព និង​នគរបាល​ត្រូវ​បញ្ឈប់​ទាំងស្រុង​នូវ​វប្បធម៌​អន្តរាគមន៍​សុំឲ្យ​មាន​ការផ្លាស់ប្តូរ និង​តែងតាំង​តំណែង​ខុស​ដែន​សមត្ថកិច្ច។

លោកនាយក​រដ្ឋមន្ត្រី​ព្រមាន​ដក​តំណែង​មន្ត្រី​ដែល​ធ្វើ​អន្តរាគមន៍​ផ្លាស់ប្តូរ និង​តែងតាំង​តំណែង​មិន​ប្រក្រតី
លោកនាយក​រដ្ឋមន្ត្រី​ព្រមាន​ដក​តំណែង​មន្ត្រី​ដែល​ធ្វើ​អន្តរាគមន៍​ផ្លាស់ប្តូរ និង​តែងតាំង​តំណែង​មិន​ប្រក្រតី ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

05:58

បទ​អន្តរាគមន៍​របស់​នេត្រ ភក្រ្តា

បូលីន ដាវីដ

ការព្រមាន​ខ្លាំងៗ​នេះ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃសុក្រ។ គឺ​ជា​វិធានការ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង និង​បង្កើន​វប្បធម៌​ប្រឆាំង​សតិអារម្មណ៍​បក្សពួក និង​គ្រួសារ​និយម។ មិនតែ​ប៉ុណ្ណោះ ចំណាត់ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ស្មារតី​នៃ​ការងារ​អភិបាល​កិច្ច​ល្អ និង​ដើម្បី​លើក​ទឹកចិត្ត​ដល់​មន្ត្រី​សកម្ម​ដែល​បំពេញ​ការងារ​មាន​ប្រសិទ្ធិភាព ក៏​ដូចជា​ធានា​ឲ្យ​ការអនុវត្តន៍​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ឲ្យ​បាន​ជោគជ័យ។

 
ជាមួយ​គ្នា​នេះ លោកផៃ ស៊ីផាន រដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​គូស​បញ្ជាក់​ថា ​ប្រសិនបើ មន្ត្រី​ពាក់ព័ន្ធ​នានា​នៅតែ​បន្ត​រំលោភ​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ គឺ​ទាំង​មន្ត្រី​ដែល​ធ្វើ​អន្តរាគមន៍​ក្នុងការផ្លាស់ប្តូរ និង​តែងតាំង​តំណែង​ រួម​ទាំង​មន្ត្រី​ដែល​ទទួល​បាន​តំណែង​ដែល​កើត​ចេញ​ពី​កិច្ច​អន្តរាគមន៍​នោះ​ នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង​ទាំងអស់។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​សម្រេច គឺជា​ការលើក​កម្ពស់​កំណែ​ទម្រង់​រដ្ឋបាល​ និង​ការប្រឆាំង​នឹង​អំពើ​ពុករលួយ នៅ​ក្នុង​ទិដ្ឋភាព​អំណាច​ និង​ហិរញ្ញវត្ថុ​ ដែល​មាន​ន័យ​ថា ធ្វើ​ឲ្យ​មាន​សណ្តាប់ធ្នាប់ ក្នុង​រដ្ឋបាល​សាធារណៈ និង​បំបាត់​អំពើ​ពុករលួយ​ហិរញ្ញវត្ថុ។ ទន្ទឹម​នឹង​ការព្រមាន​ដក​តំណែង​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ប្រកាស នា​ពេល​ថ្មីៗ​នេះ​ថា​ នៅ​ឆ្នាំ ២០១០​នេះ ​នឹង​មិន​មាន​ការជ្រើសរើស​មន្ត្រី​រាជការ​បន្ថែម​ជំនួសមន្ត្រី​ចូល​និវត្តន៍​ទេ លើកលែង​តែ​គ្រូពេទ្យ​ និង​គ្រូបង្រៀន​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​រើសចូល។
 
បើ​តាម​ការថ្លែង​ឲ្យ​ដឹង​របស់​ប្រមុខ​រដ្ឋាភិបាល នា​ពេល​ថ្មីៗ​នេះ​ នៅ​ឆ្នាំ២០១០​នេះ​ មាន​ការស្នើ​ដាក់​ឲ្យ​ចូល​និវត្តន៍​មន្ត្រី​រាជការ​ដោយ​មិនមាន​ការជ្រើសរើស​ទេ។ មិន​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ក៏​ប្រកាស​ផ្អាក​ដំឡើង​ឋានន្តរស័ក្តិ​ ផ្អាក​ការតែងតាំង​នានា​រាប់​ទាំង​មន្ត្រី​ទាហាន​ នគរបាល។ ការផ្អាក​នេះ​ត្រូវ​បាន​លោកហ៊ុន សែន ពន្យល់​ថា ដោយសារ​តែ​ការចំណាយ​លើ​បុគ្គលិក បាន​ឡើង​ខ្ពស់​ពី ៣,៦% ដល់ ៤,៧% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ GDP ឆ្នាំ ២០០៩ ហើយ​វា​ស្មើ​នឹង ៤៤%​នៃ​ចំណាយ​ចរន្ត​សម្រាប់​វិស័យ​បុគ្គលិក។ វិធានការ​ផ្អាក​ការជ្រើស​មន្ត្រី​រាជការ​ឆ្នាំ ២០១០ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ពន្យល់​ថា ដើម្បី​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

ជាមួយ​គ្នា​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​រដ្ឋ កងទ័ព និង​នគរបាល​ថា កុំ​ឲ្យ​ដាក់​ផែនការ​រើស​មន្ត្រី​ច្រើន ពេក​នៅ​ពេល​ដែល​មាន​ការបើក​ឲ្យ​រើស​មន្ត្រី​រាជការ​ឡើង​វិញ នៅ​ឆ្នាំ ២០១១ ដែល​អាច​ធ្វើ​ឲ្យ​ប៉ោង​ក្របខ័ណ្ឌ​មន្ត្រីរាជ ការ និង​ចំណាយប្រាក់​លើ​បុគ្គលិក​ធំ​ជ្រុល។ លោក​បាន​ចោទ​សំណូរ​ថា តើ​រដ្ឋាភិបាល​បាន​ប្រាក់​ឯណា​ទៅ​ជួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ថ្លែង​ថា​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ម្នាក់​មាន​ក្របខណ្ឌ​ពីរ ទទួល​ប្រាក់​ខែ​ពីរ​នោះ​ទេ ដែល​មនុស្ស​ទូទៅ​ស្គាល់​ថា ជា​មន្ត្រី​ខ្មោច។
 
ចំណោម​មន្ត្រី​រាជការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង ២៦ ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន​ចំនួន​ពីរ គេ​បាន​រក​ឃើញ​មាន​មន្ត្រី​ខ្មោច ឬ​មន្ត្រីរាជការ​មាន​តែ​ឈ្មោះ​ជាង ២០០០នាក់។ មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ចំនួន​មន្ត្រី​ខ្មោច​នេះ​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់ប្រាក់​យ៉ាងហោច​ណាស់​ប្រមាណ ២ លានដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ការចំណាយ​ទៅលើ​ប្រាក់ខែ​របស់​ពួកគេ។
 
ទាំង​មន្ត្រី​បក្សប្រឆាំង និង​សង្គម​ស៊ីវិល បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ និង​ការព្រមាន​របស់​លោកនាយក រដ្ឋមន្ត្រី​ចំពោះ​មន្ត្រី​ណា​ដែល​ចូលចិត្ត​ធ្វើ​អន្តរាគមន៍​ក្នុង​ការតែងតាំង និង​ផ្លាស់ប្តូរ​តំណែង​មន្ត្រី​នៅ​ក្នុង​ក្របខ័ណ្ឌ​នានា ប៉ុន្តែ​ពួកគេ​បាន​ថ្លែង​ថា មាន​ត្រឹមតែ​អនុសាសន៍ ឬ​វិធានការ​នៅ​លើ​ក្រដាស គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ ត្រូវ​មាន​ការអនុវត្តន៍​ជាក់ស្តែង​ផង​ដែរ។ លោកយឹម សុវណ្ណ ជាតំណាងរាស្ត្រ និង​អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី បាន​ថ្លែង​នៅ​ថ្ងៃ​នេះ ថា គណបក្ស​សម រង្ស៊ី​គាំទ្រ​ចំណាត់ការ​នេះ ហើយ​ប្រសិន​បើ​មាន​ប្រសិទ្ធភាព នោះ​គឺជា​ការ​ល្អ ព្រោះ​បញ្ហា​នេះ​គណបក្ស​សម រង្ស៊ី​មាន​ការព្រួយបារម្ភ​ជា​យូរ​មក​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ