អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​ព្រួយ​បារម្ភ​​​ពី​​ការ​​​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

នៅ​ថ្ងៃ​សុក្រ​ទី ២០ សីហា​នេះ ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​ប្រកាស​ថា កម្ពុជា អាច​នឹង​បាត់បង់​នូវ​លទ្ធិប្រជាធិបតេយ្យ។ លោក​តំណាងរាស្ត្រ សុន ឆ័យ បាន​លើកឡើង​ថា រដ្ឋសភា​នីតិកាល​ទី ៤​នេះ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច ហើយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ត្រូវ​បាន​រើសអើង និង​គ្មាន​តួនាទី​អ្វី នៅ​ក្នុង​រដ្ឋសភា​ឡើយ។ ម្យ៉ាងទៀត សមាជិក​រដ្ឋាភិបាល ពុំ​បាន​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ ចំពោះ​ការឆ្លើយតប​នឹង​សំណួរ​អ្នក​តំណាង​រាស្ត្រ​ ទាំង​ជា​លាយលក្ខណ៍​អក្សរ និង​ដោយ​ផ្ទាល់មាត់។

សន្និសីទ​កាសែត​របស់គណបក្សប្រឆាំង សម រង្ស៉ី ថ្ងៃ ទី ២០ សីហា ២០១០
សន្និសីទ​កាសែត​របស់គណបក្សប្រឆាំង សម រង្ស៉ី ថ្ងៃ ទី ២០ សីហា ២០១០ © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

02:28

សេចក្តីរាយការណ៍​របស់ លី ម៉េង​ហួរ

ក្តីបារម្ភ​ថា កម្ពុជា​អាច​នឹង​បាត់បង់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ក៏​ដោយសារ​តែ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​មើលឃើញ​ពី​ការបាត់បង់​នូវ​តួនាទី​របស់​រដ្ឋសភា។ នោះ​គឺ​រដ្ឋសភា​កម្ពុជា​សព្វថ្ងៃ នៅ​អាណត្តិ​ទី ៤​នេះ ចុះ​ខ្សោយ​កាន់តែ​ខ្លាំង និង​បាត់បង់​តួនាទី​តាមដាន​ការងារ​របស់​រដ្ឋាភិបាល ដើម្បី​ជម្រុញ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ ប្រសិទ្ធិភាព និង​តម្លាភាព ជាដើម គឺ​ពុំ​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹកមិញ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើក​ឡើង​ថា រដ្ឋសភា​នីតិកាល​ទី ៤​នេះ ត្រូវ​បាន​រៀបចំ​គ្រប់គ្រង ខុស​ពី​អាណត្តិ​មុនៗ។ រដ្ឋសភា ស្ថិត​ក្រោម​ការ​ចាត់ចែង និង​ដឹកនាំ​ផ្តាច់មុខ​ពី​គណបក្ស​កាន់​អំណាច ខុស​ពី​គោលការណ៍​អនុវត្ត​សម្រាប់​សភា​ក្នុង​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស។ មួយវិញទៀត តួនាទី​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា​មិន​ត្រូវ​បាន​គោរព ហើយ​គណបក្ស​ប្រឆាំង ទទួលរង​នូវ​ការ​រើសអើង​ផងដែរ។

ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​នេះ គណបក្ស​សមរង្ស៊ី បាន​លើក​ឡើង​ថា សមាជិក​រដ្ឋាភិបាល ពុំ​បាន​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​រដ្ឋធម្មនុញ្ញ មាត្រា ៩៦ ស្តីពី ការ​ឆ្លើយ​នឹង​សំណួរ​អ្នកតំណាងរាស្ត្រ ទាំង​ជា​លាយលក្ខណ៍​អក្សរ និង​ដោយ​ផ្ទាល់មាត់។ ជាមួយគ្នា​នោះ រដ្ឋាភិបាល នៅតែ​បន្ត​លាក់​ទុក​នូវ​ឯកសារ​សាធារណៈ រួមមាន កិច្ចសន្យា​ជំនួញ ការផ្តល់​អាជ្ញាប័ណ្ណ និង​សម្បទាន​គម្រោង​អភិវឌ្ឍន៍​នានា ហើយ​ធ្វើ​ការសម្រេចចិត្ត ដោយ​គ្មាន​តម្លាភាព និង​មិនមាន​ការ​ចូលរួម​ពី​តំណាង​ប្រជាពលរដ្ឋ។

តាម​លោក​តំណាងរាស្ត្រ សុន ឆ័យ ក្នុង​រយៈពេល ១៧ ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៩៣ មកដល់​ពេលនេះ មាន​រដ្ឋមន្ត្រី​តែ ៦ រូប ប៉ុណ្ណោះ បាន​ចូល​ឆ្លើយ​បំភ្លឺ ដោយ​ផ្ទាល់មាត់ ក្នុង​រដ្ឋសភា ខណៈ​ដែល​រដ្ឋមន្ត្រី​ខ្លះ មិន​បាន​អើពើ​ឆ្លើយតប​នឹង​សំណួរ​របស់​តំណាងរាស្ត្រ​ឡើយ។ នៅ​ឆ្នាំ ២០០៩ សំណួរ​តំណាងរាស្ត្រ​បក្សប្រឆាំង ដាក់​ទៅ​រដ្ឋាភិបាល​មាន​ចំនួន ១៣២ លិខិត តែ​សមាជិក​រដ្ឋាភិបាល ឆ្លើយ​បាន​តែ ៣៩ លិខិត។ ចំណែក​នៅ​ក្នុង​រយៈពេល ៨ ខែ​ក្នុង​ឆ្នាំ​២០១០​នេះ តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ដាក់​សំណួរ​ទៅ​រដ្ឋាភិបាល​ចំនួន ៤៧ លិខិត ហើយ​រដ្ឋាភិបាល ឆ្លើយ​បានតែ ១៥ លិខិត​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា កន្លងមក មន្ត្រី​រដ្ឋាភិបាល​តែងតែ​ធ្វើ​លិខិត​ឆ្លើយតប​នឹង​សំណួរ​តំណាងរាស្ត្រ ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​ពេល​ខ្លះ ចូល​ឆ្លើយ ដោយ​ផ្ទាល់មាត់ នៅក្នុង​សភា​ផងដែរ។
 

លោក ទិត សុធា បាន​បន្ថែម​ថា រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​សម្លេង​គាំទ្រ​ដ៏​ច្រើន​លើសលប់​ក្នុង​រដ្ឋសភា តែងតែ​ដឹកនាំ​ប្រទេស តាម​បែប​លទ្ធិប្រជាធិបតេយ្យ ដោយ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ មិនមែន​ជា​រដ្ឋាភិបាល​ផ្តាច់ការ គ្មាន​ច្បាប់ទម្លាប់​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ