អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ការ​វះកាត់​បន្សាំ​សរីរាង្គ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ នាង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ លើក​យក​មក​ជម្រាប​ជូន​អស់​លោក​អ្នក​នាង នូវ​របៀប​វះ​កាត់​​ម្យ៉ាង​​ ដែល​ភាសា​បារាំង​ហៅ​ថា Transplantation។ ជា​ការ​វះ​កាត់​ ប្តូរ​សរីរាង្គ​ ដែល​ខូច និង​ដែល​ចាំ​បាច់​សម្រាប់​ជីវិត ដោយ​ដាក់​ជំនួស​មក​វិញ​នូវ​សរីរាង្គ​ថ្មី​​របស់ “​មនុស្ស​ម្នាក់” ​ផ្សេង​ទៀត​ដែល​បាន​ស្លាប់​ទៅ​ហើយ តែ​សរីរាង្គ​នោះ​នៅ​ល្អ​នៅ​ឡើយ។ ឧទាហរណ៍ មនុស្ស​ម្នាក់​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍ ត្រូវ​ស្លាប់​ភ្លាមព្រោះ​បោក​ក្បាល​បែកហូរ​ឈាម​​ ប៉ុន្តែ​បេះ​ដូង​គាត់​ ជា​បេះ​ដូង​ដែល​មានសុខភាព​ល្អ ដូច្នេះ​គេ​អាច​វះ​កាត់​យក​បេះ​ដូង​របស់​គាត់​ ទៅ​ឲ្យ​អ្នក​ជំងឹ​ម្នាក់​ផ្សេង​ទៀត​ដែល​ត្រូវការ​បេះ​ដូង ដើម្បី​រស់ ព្រោះ​​​បេះដូង​កំណើត​ខូច​។ 

បេះដូង​មនុស្ស
បេះដូង​មនុស្ស © Wikipedia
ផ្សាយពាណិជ្ជកម្ម

ការ​វះ​កាត់​ប្តូរ​សរីរាង្គ មិន​មែន​ចេះ​តែ​ធ្វើ​ទៅ​កើត​ ដោយ​ងាយ​ៗ​នោះ​ទេ។ ​វា​ទាម​ទារ​ទាំង​ពេលវេលា ទាំង​ភាព​ស៊ី​ចង្វាក់​គ្នា​រវាង ​អ្នក​ផ្តល់ និង​អ្នក​ទទួល។ និង​ទាមទារ​ការ​ថែទាំ តាមដាន​ក្រោយ​ពេល​វះកាត់ជា​ច្រើន​ទៀត។ ប៉ុន្តែ​តាម​រយៈ​ការ​វិវឌ្ឍន៍​ឥត​ឈប់​ឈរ​នៃ​វិទ្យាសាស្ត្រ​ និង​វេជ្ជសាស្ត្រ ការ​វះកាត់​ប្រភេទ​នេះ​​ក៏​កាន់​តែ​មាន​ប្រសិទ្ធិភាព​ជាង​មុន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ។ នៅ​ប្រទេស​បារាំង តែ​ង​មាន​យុទ្ធនាការ​ឃោសនា ផ្សព្វ​ផ្សាយ​ឲ្យ​​ប្រជាជន​ទាំង​ឡាយ​បាន​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​ទាន​សរីរាង្គ។

តើ​គេ​អាច​វះកាត់​ប្តូរ​អ្វី​បាន​ខ្លះ ?

តាម​និយម​ន័យ​ គឺ​ការ​ប្តូរ​សរីរាង្គ​មាន​ជីវិត​ ដែល​មាន​តួនាទី​ចាំ​បាច់​បំផុត ដើម្បី​ភាព​រស់​រាន​មាន​ជីវិត​របស់​​មនុស្ស។ គេ​ធ្វើ​ប្តូរ​សរីរាង្គ​ដែល​ស្លាប់ ដោយ​សរីរាង្គ​មួយ​​ទៀត​ដែល​មាន​ជីវិត មាន​ជា​អាទិ៍ បេះដូង សួត ថ្លើម។ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ គេ​អាច​ធ្វើ​ការ​ប្តូរ​ផ្លាស់​ក្រលៀន ទោះ​បី​ជា​ពេល​ខ្លះ​គេ​អាច​ធ្វើ​ការ​ព្យាបាល​តាម​រយៈ​ការ​លាង​ឈាម​ (Dialyse) បាន​ក៏​ដោយ។ ដូច្នេះ បើ​និយាយ​ជា​សរុប​​ទៅ​ពេល​នេះ ដោយ​សារ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប មាន​សរីរាង្គ​ច្រើន​ជាង​មុន​ ដែល​គេ​អាច​ធ្វើ​ការ​កាត់​ត​ប្តូរ​ផ្លាស់​បាន។​ ហើយ​សូម​បញ្ជាក់​ថា មិន​មែន​មាន​តែ​សរីរាង្គ​ទេ ដែល​អាច​ប្តូរ​បាន​ សូម្បី​តែ​កោសិកា​ខ្លះ​ក៏​​គេ​អាច​ប្តូរ​បាន​ដែរ។ គេ​នឹង​អាច​ប្តូរ​កោសិកា​ដែល​ងាប់ ដោយ​កោសិកាមនុស្ស ឬ កោសិកា​សត្វផង​ក៏​ថា​បាន នៅ​ថ្ងៃ​អនាគត។

ដើម្បី​ឲ្យអស់​លោក​អ្នក​នាង​បាន​ជ្រាប​ និង​កាន់​តែ​យល់​ច្បាស់​អំពី​ការ​វះ​កាត់​ប្តូរ​សរីរាង្គ​នេះ យើង​ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​អ្នក​ជំងឺ​ម្នាក់ ដែល​ស្លាប់​ទៅ​ហើយ នៅ​អាយុ​១៩​ឆ្នាំ តែ​បែរ​ជា​រស់​ឡើង​វិញ​ ព្រោះ​គេ​អាច​រក​បេះដូង​មក​ជំនួស​ឲ្យ​នាង​បាន​​ទាន់​ពេល​វេលា។ សំរាប់​នាង​ នាង​ត្រូវ​ចង​ចាំ​ជា​និច្ច​ថា បេះដូងនៅ​ក្នុង​ខ្លួន​ជា​បេះដូង​របស់​មនុស្ស​ម្នាក់ ដើម្បី​ជា​កិច្ច​តប​ស្នង​សង​គុណ​ដល់​សប្បុរជន ដែល​បាន​ចែក​ឋាន​ហើយ​ តែ​មិន​យក​បេះដូង​ទៅ​ជាមួយ។

“ខ្ញុំ​បាន​វះ​កាត់​ប្តូរ​បេះដូង កាលពី​ឆ្នាំ​កន្លង​ទៅ ព្រោះ​បេះដូង​ពី​កំណើត​របស់​ខ្ញុំ​ខូច មាន​ជំងឺ ព្រោះ​បញ្ហា​ជំងឺ​ត​​ពូជ។ បេះ​ដូង​ផ្នែក​ខាង​ឆ្វេង​របស់​ខ្ញុំ រីក​ធំ​ឡើងៗ​ឥត​ឈប់​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​នឿយ​ហត់​យ៉ាង​ខ្លាំង ឡើង​ជណ្តើរ​ក៏​លែង​កើត ហត់​ឡើងៗ នៅ​ទី​បំផុត​ខ្ញុំ​គេង​លែង​បាន​។ បន្ទាប់​មក​បេះ​ដូង​ក៏​គាំង ខ្ញុំ​បាន​ស្លាប់បាត់​រួច​ហើយ ពេលនោះ។ ​ កាលណោះ​​ខួរក្បាល និង​សរីរាង្គ​ផ្សេងៗ​ អាច​នៅ​រស់​បាន​ដោយ​សារ​ម៉ាស៊ីនសប្បនិមិត្ត​ជួយ​ ច្របាច់ ដើម្បី​បូម បង្ហូរ​ឈាម​ទៅ​ចិញ្ចឹម​ប៉ុណ្ណោះ។ សរីរាង្គកាយ​របស់​ខ្ញុំ​បាន​ស្លាប់ ​ ម្តង​មួយ​ៗ និង​ដោយ​សន្សឹមៗ​ទៅហើយ។ ​ប៉ុន្តែ​ជា​ភ័ព្វ​សំណាង​ល្អ សប្បុរជន​ម្នាក់ដែល​មាន​បេះដូង​ ត្រូវ​ជាមួយ​នឹង​បេះដូង​របស់​ខ្ញុំ​បាន​ទទួល​មរណភាព​ក្នុង​ពេល​ជាមួយ​ខ្ញុំ ទើប​គេ​អាច​យក​​បេះដូង​នៅ​រស់​របស់​គាត់​មក​ឲ្យ​ខ្ញុំ​បាន​។

នេះ​ជា​រឿង​ចៃដន្យដ៏​ល្អ​​បំផុត !​ ពេល​នេះ​ខ្ញុំ​បាន​រស់​ឡើង​វិញ​ហើយ តែ​ខ្ញុំ​គិត​ជានិច្ច​ថា​ បេះដូង​នេះ​មិន​មែន​ជា​របស់​ខ្ញុំ​ ព្រោះ​ដើម្បី​ផ្តល់​ការ​គោរព​ និង​ដើម្បី​ជា​ការ​ថ្លែង​អំណរ​គុណ​ដល់​​បុរសម្នាក់​ដែល​បាន​ចាក​លោក​ទៅ​ហើយ ដោយបន្សល់​ទុក​នូវ​បេះដូងសំរាប់​ជីវិត​រស់​របស់​ខ្ញុំ។ អ្នក​ដឹង​ទេ ពេល​ខ្ញុំ​ដឹង​ខ្លួន​ឡើង​វិញ ខ្ញុំ​មាន​បេះដូង​ដើរ ធម្មតា ​ដូច​មនុស្ស​លោក​ផ្សេង​ទៀត​ ខ្ញុំ​មិនគ្មាន​ទទួល​អារម្មណ៍​អ្វី​ប្លែក​សោះ​ថា​បេះ​ដូង​នោះ​ជា​របស់​គេ​ ! វា​ជា​របស់​ខ្ញុំ​ពិតៗ ! ខ្ញុំ​គ្មាន​ពាក្យ​អ្វី​សម្រាប់​មក​ថ្លែង​ឡើយ ! ខ្ញុំដឹង​តែ​ម្យ៉ាង​ថា ខ្ញុំ​រស់​ឡើង​វិញ​ហើយ​ ! ប៉ុន្តែ​ខ្លួន​ប្រាណ​ខ្ញុំ​ត្រូវ​ការ​ពេលវេលា​ដើម្បី​សម្រប​នឹង​បេះដូង​ថ្មី ហើយ​បេះដូង​ថ្មី​ត្រូវ​ការ​ពេល​វេលា​ដើម្បី​មក​សម្រប​នឹង​ខ្លួន​ប្រាណ​ខ្ញុំវិញ​ដែរ។ ខ្ញុំ​មាន​ជីវិតរស់​ឡើង​វិញ តែ​ត្រូវ​ហាត់​រៀន​រស់​ជាមួយ​នឹង​បេះដូងថ្មី  នៃ​រាងកាយ​ចាស់។

ការ​ព្យាបាល​ក្រោយ​ពេល​វះ​កាត់​ប្តូរ​បេះដូង​ត្រូវ​ការ​រយៈ​ពេល​យូរ និង​ធ្ងន់ធ្ងរ​ទៀត​ផង តែ​ពេល​នេះខ្ញុំ​បាន​ស្រួល​ខ្លួន រស់​នៅ​ធម្មតា ទៅ​រៀន ដើរ​ហើរ​ដូច​យុវវ័យ​ទូទៅ ហើយ​ទំនង​ជាមាន​សុខភាព​ល្អ​ជាង​គេ​ធម្មតា​ផង ព្រោះ​ខ្ញុំ​ប្រយ័ត្ន​ប្រយែង​ និង​គិត​គូរ​ខ្លាំង​ចំពោះ​សុខភាព ជាង​មនុស្ស​ធម្មតា។”

ផល​រំខាន

​ការ​វះ​កាត់​ប្តូរ​សរីរាង្គ​​អាច​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​ទេ ព្រោះ​គេ​ត្រូវ​ការ​ពេលវេលា​ជា​ច្រើន​ទៀត​ក្នុង​ការ​តាមដាន​​មើល​ពី​ភាព​ធន់ និង​ស៊ី​ចង្វាក់​គ្នា​រវាង​សរីរាង្គ​ចាស់​និង​សរីរាង្គ​ថ្មី។ ការ​វះ​កាត់​ប្តូរ​សរីរាង្គ​ អាច​និយាយ​បាន​ថា​លែង​ជា​កង្វល់​ខ្លាំង​សំរាប់​ក្រុម​គ្រូពេទ្យ​ហើយ ប៉ុន្តែ​ការ​ធានារ៉ាប់​រង​ ក្រោយ​ពេល​វះ​កាត់ ដែល​ជា​រយៈ​ពេល​​​ផ្សាំ​សរីរាង្គ ជាលិកា ឬ​កោសិកា​ថ្មី​ ក្នុង​រាងកាយ​អ្នក​ជំងឺ​គឺ​ជា​កិច្ច​ការ​ពិបាក​បំផុត (ប្រៀប​ដូច​ជា​ការ​បន្សាំ​មែក​រុក្ខជាតិដូច្នេះ បើ​ការ​បន្សាំបាន​ជោគជ័យ​ នោះ​រុក្ខជាតិ​នឹង​ដុះ​លូត​លាស់​ តែ​បើ​បន្សាំ​មិន​ត្រូវ​នោះ​មែក​ឈើ​នឹង​ត្រូវ​ស្លាប់)។ ​គេ​ត្រូវ​ការ​ការស្រាវជ្រាវ​ជា​បន្ត​ និង​វែង​ឆ្ងាយ​ទៀត។ មនុស្ស​ម្នាក់​ៗ​ខុស​គ្នា​ទាំង​អស់ ដូច្នេះ​វា​ជា​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ស្វែង​រក​ការ​ព្យាបាល​​មួយ​ជាលក្ខណៈ​​ទូទៅ សំរាប់​គ្រប់​ករណី​នៃ​ការ​វះកាត់​ប្តូរ​ -​​បន្សាំ​​សរីរាង្គ​។ គេ​ត្រូវ​តែ​សិក្សា​ មួយ​​ម្តង​ៗ ឬ​ត្រូវ​ធ្វើ​ការ​ព្យាបាល​តាម​ដាន ទៅ​តាម​កាយវិទ្យា និង​លក្ខណៈ​ពិសេស​របស់​មនុស្ស​ម្នាក់ៗ​ ដែល​ចំពោះ​មុខ​តែ​ម្តង ទៅ​តាម​​ករណី​ជាក់​ស្តែង។
 

នេះ​ជា​ចំណុច​ វេជ្ជសាស្ត្រសម្រាប់​ថ្ងៃ​អនាគត។ នៅ​ពេល​ដែល​វះកាត់​ប្តូរ​ដាក់​បេះដូង ឬ សួត​ថ្មី​ទៅ​លើ​បុគ្គល​ណាម្នាក់ គេ​ត្រូវ​គិត​គូរ រក​ឲ្យ​ឃើញ​សមភាព រវាង​តម្រូវការ​ផ្នែក​ព្យាបាល និង​រោគសញ្ញា​ជំងឺ។ សមភាព​នេះ មាន​ឈ្មោះ​ថា វេជ្ជសាស្ត្រ​បុគ្គល “Médecine personnalisé »។ ចំពោះ​អ្នក​ដែល​បាន​ទទួល​ការ​វះ​កាត់​ប្តូរ​បេះដូង គេ​ត្រូវ​ប្រើ​ថ្នាំជួយ​ប្រព័ន្​ធការពារខ្លួន​ដើម្បី​ ការពារ​ទប់​ស្កាត់​ការ​បដិសេធ ឬ ការ​មិន​អាច​ធន់​ទ្រាំ​នឹង​សរីរាង្គ​ថ្មី​បាន (ជា​ភាសា​បារាំង)​ ពពួក​« Immunosuppresseur » ជាប់​ជា​ប្រចាំ​អស់​មួយ​ជីវិត។ ប៉ុន្តែ​សំរាប់​ការ​ប្តូរ​ថ្លើម​វិញ អ្នក​ជំងឺ​ខ្លះ​អាច​ទទួល​យក​សរីរាង្គ​ថ្មី​នេះ​បាន​ដោយ​ស្រួល ហើយ​គេ​ប្រមាណ​ថា នៅ​ថ្ងៃ​អនាគត​ ប្រហែល​ជា​​១០​ឆ្នាំ​​ទៀត ​ អ្នក​ជំងឺ​ខ្លះ​មិន​បាច់​លេប​ថ្នាំ​ទៀត​ទេ។ ប៉ុន្តែ​ កិច្ច​ការ​លំបាក​ដែល​ក្រុម​គ្រូពេទ្យ​ត្រូវ​ប្រឈម​​សំរាប់​ថ្ងៃ​អនាគត​ គឺ​​គេ​ត្រូវ​ចោទ​សួរ​ថា​ ​តើ​អ្នក​ជំងឺ​រូប​ណា ដែល​​មិន​ត្រូវ​ការ​ថ្នាំ និង​អ្នក​ជំងឺ​រូប​ណា​ត្រូវ​ការ​ថ្នាំ​ជំនួយ។ នេះ​ហើយ​ដែល​ហៅ​ថា​វេជ្ជសាស្ត្រ​បុគ្គល។ តែ​ពេល​នេះ​ ​ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ​ជំរាប​ថា​អ្នក​ជំងឺ​ត្រូវ​គោរព​តាម​វេជ្ជបញ្ជា​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ហាម​មិន​ឲ្យ​បញ្ឈប់​ការ​ព្យាបាល​ដោយ​គ្មាន​វេជ្ជបញ្ជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ