អានតួអត្ថបទ
កម្ពុជា

អគ្គលេខាធិការ​អាស៊ាន​ចង់​ឃើញ​ដំណោះស្រាយ​សន្តិវិធី​ក្នុង​ជម្លោះ​កម្ពុជា​ថៃ

ក្រោយ​ពី​ប្រមុខ​ការទូត​កម្ពុជា​សរសេរ​លិខិត​ផ្ញើ​ទៅ​ប្រធាន​អាស៊ាន​ដើម្បី​ ស្វែងរក​អន្តរាគមន៍​ពី​អាស៊ាន​ក្នុង​ជម្លោះ​ព្រំដែនខ្មែរ​ថៃ កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយទេ អំពី​មធ្យោបាយ​នៃ​ការដោះស្រាយ​វិបត្តិ​នេះ។ នៅថ្ងៃនេះ អគ្គ​លេខាធិការ​អាស៊ាន លោក​ស៊ូរិន ពិតសុវណ្ណ​បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខ​ការទូត​របស់​កម្ពុជា ហើយ​ថា អាស៊ាន​ចង់​បាន​ការដោះស្រាយ​ដោយ​សន្តិវិធី។

លោក ស៊ូរិន ពិតសុវណ្ណ (ជនជាតិ​ថៃ) អគ្គលេខាធិការ​អាស៊ាន​ជួប​ជាមួយលោក​ហោ ណាំហុង ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី ១៦ សីហា ២០១០
លោក ស៊ូរិន ពិតសុវណ្ណ (ជនជាតិ​ថៃ) អគ្គលេខាធិការ​អាស៊ាន​ជួប​ជាមួយលោក​ហោ ណាំហុង ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី ១៦ សីហា ២០១០ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

03:10

បទ​អន្តរាគមន៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

នៅក្នុង​ជំនួប​ព្រឹក​ថ្ងៃ​ទី​១៦​សីហា នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា ប្រមុខ​ការទូត​កម្ពុជា​លោក​ហោ ណាំហុង​ថ្លែង​ថា កម្ពុជា​ចង់​បាន​ការដោះស្រាយ​មួយ​ដោយ​សន្តិភាព​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ លោកហោ ណាំហុង​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា កម្ពុជា​ត្រៀមគ្រប់​លក្ខណៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ គ្រប់​ទម្រង់​នៃ​ការចរចា ព្រមទាំង​យោធាផង។ ប៉ុន្តែ លោក​ហោ ណាំហុង​បញ្ជាក់ថា កម្ពុជា​ចង់បាន​ការដោះស្រាយ​ដោយ​សន្តិវិធី។

 
ការអះអាង​ដូចគ្នា​នេះ​បាន​ចេញ​ពី​មាត់​របស់​អគ្គលេខាធិការ​អាស៊ាន​ផងដែរ។ លោក​ស៊ូរិន​បាន​ឆ្លើយតប​យ៉ាងខ្លី​ចំពោះ​សំណួរ​អ្នកកាសែត នៅ​ក្រោយ​ជំនួប​ជាមួយ​លោក​ហោ ណាំហុង​នៅ​ក្រសួង​ការបរ​ទេស។ លោក​ស៊ូរិន​ឆ្លើយ​ថា ពិតប្រាកដ​ណាស់ យើង​ចង់​ឃើញ​ការដោះស្រាយ​ដោយ​សន្តិភាព​ចំពោះ​បញ្ហា​ទាំងអស់​ដែល​កើតឡើង​ក្នុង​ក្របខណ្ឌ​អាស៊ាន។

វត្តមាន​របស់​លោក​ស៊ូរិន ពិតសុវណ្ណ​នៅ​កម្ពុជា​អាច​ជា​ភាព​ចៃដន្យ។ ពីព្រោះថា បើ​តាមការ​បញ្ជាក់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង លោក​អគ្គលេខាធិការ​អាស៊ាន​រូប​នេះ​ត្រូវ​នាំ​គណៈប្រតិភូ​ថ្នាក់​ដឹកនាំ​សាសនា​អ៊ីស្លាម មក​ជួប​សហគមន៍​ខ្មែរ​អ៊ីស្លាម នៅ​កម្ពុជា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា។ ម្យ៉ាងវិញទៀត វត្តមាន​របស់​លោកស៊ូរិន​នៅ​កម្ពុជា​នៅពេលនេះ គឺ​ដោយសារ​លោក​ស៊ូរិន​ត្រូវ​ចូលរួម​ក្នុង​លំហាត់​ហ្វឹកហ្វឺន ការរៀបចំ និង​ប្រឆាំង​មេរោគ​ឆ្លងរាតត្បាត​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដែល​លំហាត់​នេះ​ត្រូវ​រៀបចំ​ក្នុង​កម្រិត​ថ្នាក់​តំបន់ រយៈពេល​៥​ថ្ងៃ​នៅ​ភ្នំពេញ។

ក្រោយពី​ការសរសេរ​ទៅកាន់​ប្រធាន​អាស៊ាន កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៦​សីហា ដើម្បី​ស្វែង​រក​ការសម្រុះសម្រួល​ពី​អាស៊ាន​នោះ ការឆ្លើយ​តប ឬ​ដំណឹង​យ៉ាងណា​ជា​ផ្លូវការ​ពី​អាស៊ាន​នោះ គឺ​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​អ្វី​នៅឡើយ​ទេ។ គឺ​មាន​តែ​ការជួបគ្នា​ជាមួយ​អគ្គលេខាធិការ​អាស៊ាន​នៅថ្ងៃនេះ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែថា អគ្គលេខាធិការ​អាស៊ាន​មិន​អាច​ធ្វើ​សេចក្តី​សម្រេច​អ្វី​ឡើយ។ បើតាម​លោក​ហោ ណាំហុង ដោយ​ដក​ភាគី​ជម្លោះ​គឺ កម្ពុជា​និង​ថៃ​ចេញ គឺ​មាន​តែ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចំនួន​៨​ទៀត​ឯ​ណោះទេ ដែល​ជា​អ្នកមាន​សិទ្ធិ​ផ្តល់​យោបល់​យ៉ាងណាៗ​នោះ។ ហើយ​ជា​ធម្មតា​ទេ ពួកគេ​ត្រូវការ​ពេលវេលា​ដើម្បី​ពិចារណា​លើ​មធ្យោបាយ​នៃ​ការដោះស្រាយ​ក្នុង​សំណុំរឿង​កម្ពុជាថៃ​នេះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ