អានតួអត្ថបទ
កម្ពុជា

បាតុកម្មប្រឆាំង​ការឈ្លានពាន​របស់ថៃ​ត្រូវបានរារាំង​

ថ្ងៃនេះ​គឺជា​ថ្ងៃ​ទី​១៥​កក្កដា​ដែល​ជា​ទិវា​រំលឹក​ខួប​២​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​ប្រាសាទ​ព្រះវិហារ។​ប៉ុន្តែ​ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ឈ្លាន​ពាន​នេះ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច​ប៉ូលិស។​លោក​រ៉ុង​ឈុន​ប្រធាន ​សហភាព​សហជីព​កម្ពុជា​ដែល​ជា​អ្នក​រៀបចំ​បាតុកម្ម​នេះ​បាន​សម្តែង​ការ​ ខកចិត្ត​និង​ខឹង​សម្បារ​ចំពោះ​អាជ្ញាធរ​ដែល​បាន​រារាំង​ពួកគេ​មិនឲ្យ​ជួបជុំ​ដើម្បី​ដង្ហែរ​ក្បួន​បាតុកម្ម។​យ៉ាងណា​ក៏ដោយ​កម្មវិធី​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សោះ​កក្រោះ​នៅឯ​ទីស្នាក់ការ​សហជីព​ដែល​មាន​មនុស្ស​ចូល​រួម​តិចតួច​ប៉ុណ្ណោះ។ 

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

04:35

សេចក្តីរាយការណ៍​របស់​ ប៉ែន បូណា

កងកម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅតាម​ដង​វិថី​នានា​នៅ​ក្បែរ​សួន​ច្បារ​ទល់​មុខ​រដ្ឋសភា​ចាស់​ទី​ដែល​ក្រុ​ម​​បាតុករ​គ្រោង​ប្រមូល​ផ្តុំគ្នា​ដើម្បី​ប្រារព្ធ​ទិវា​រំលឹក​ខួប​ទី២​ឆ្នាំ​នៃការ​ឈ្លានពាន​របស់​ថៃនៅព្រឹក​ថ្ងៃទី​១៥កក្កដា​នេះ។​
លោករ៉ុង ​ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​និង​ជាប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​បង្ហាញ​ខ្លួន​នៅឯគោលដៅ​ជាមួយ​នឹង​អ្នក​ចូល​រួម​ប្រហែល​ជាង​១០នាក់​ផ្សេង​ទៀត​បើទោះបី​ជាមាន​ការ​រារាំង។​ ប៉ុន្តែ​ពួក​គេមិន​អាច​ធ្វើអ្វី​បាន​ក្រៅពី​សេចក្តី​ថ្លែងការណ៍​មួយចំនួន​ទៅកាន់​ក្រុមអ្នក​កាសែត។ ​មួយ​សន្ទុះក្រោយ​មក​បាតុករ​មួយក្រុមតូច​នោះក៏​ត្រូវ​បាន​ប៉ូលិស​ស្នើឲ្យ​បំបែក​ជួរ​ដោយសន្តិវិធី​ដោយគ្មា​ន​អំពើហិង្សាកើត​ឡើងទេ។​

ក្រុមអ្នក​តវ៉ា​មួយ​ក្រុមតូច​នេះ​ក៏បាន​វិល​ទៅ​ជួបជុំ​គ្នា​នៅឯ​ទីស្នាក់ការ​សហជីព​វិញ​នៅក្នុង​ខណ្ឌចំការមន​រាជធានីភ្នំពេញ។ ពួក​គេ​បាន​លើក​បដារ​មួយចំនួន​ដែលមាន​ន័យ​ទាមទារ​ឲ្យកងទ័ព​ថៃ​ដក​ចេញពី​ទឹកដី​កម្ពុជា​និង​បញ្ជាក់​ថា​ប្រាសាទ​ព្រះវិហារ​គឺជា​របស់ខ្មែរ។​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅទីនោះ​ លោករ៉ុង ឈុន​ បាន​សម្តែង​ការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​រារាំង​របស់អាជ្ញាធ​រមិនឲ្យ​ប្រារព្ធ​ទិវា​រំលឹក​និង​ចងកំហឹង​ការ​ឈ្លានពាន​របស់ថៃ។​  មេ​ដឹកនាំ​សហជីព​ដែល​លំអៀង​ទៅរក​បក្សប្រឆាំង​រូបនេះ​បានរិះគន់​ថា ​សេរីភាព​នៃ​ការ​ជួបជុំ​សម្តែង​មតិ​នៅកម្ពុជា​បាន​ធ្លាក់ដល់​កម្រិត​ទាប​បំផុត​មួយ​គួរឲ្យ​ព្រួយបារម្ភ។​

សហភាព​សហជីព​កម្ពុជា​បាន​ដាក់​លិខិត​មួយ​ទៅ​សាលា​រាជធានី​ភ្នំពេ​ញ​កាលពី​ថ្ងៃទី៦​កក្កដា​ដើម្បី​ស្នើសុំ​ការ​អនុញ្ញាត​រៀបចំ​ទិវា​រំលឹក​ខួប​នៃការ​ឈ្លានពាន​របស់ថៃ។​ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យរៀបចំ​នៅ​នឹង​កន្លែង​ដោយ​ហាម​ប្រាម​មិនឲ្យ​រៀបចំ​នៅទី​សាធារណៈឡើ​យ​។​ អាជ្ញាធរ​បាន​លើកឡើង​អំពី​បញ្ហាសន្តិសុខ​និ​ង​សណ្តាប់​ធ្នាប់​សាធារណៈ​មក​ធ្វើជា​មូលហេតុ​ដើម្បី​ពន្យល់​ពីការ​ហាមប្រាមនេះ។ ​ប៉ុន្តែលោករ៉ុង​ ឈុន​ នៅ​តែ​ប្រកាស​ធ្វើបាតុកម្ម​ដដែល​បើទោះបីជា​មាន​ការហាម​ប្រាម​ពីសំណាក់​សាលា​រាជធានី​និង​ក្រសួង​មហាផ្ទៃ​ក៏​ដោយ។​

ប្រទេសថៃ​បាន​បញ្ជូន​កងទ័ព​ចូលឈ្លាន​ពាន​ទឹកដី​ខ្មែរ​កាលពី​ថ្ងៃទី​១៥​កក្កដា​ឆ្នាំ២០០៨​ពោលគឺ​មួយ​សប្តាហ៍​បន្ទាប់​ពីការ​ចុះឈ្មោះ​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។​ ចាប់​តាំងពី​ពេល​នោះ​មក​យោធា​នៃ​ប្រទេស​ទាំងពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​ជារៀង​រហូត។​ យ៉ាង​ណាក៏ដោយ​លោកឧត្តមសេនីយ៍​ស្រីឌឹក ​មេ​បញ្ជាការ​ប្រចាំ​ទិស​ព្រះវិហារ​បាន​អះអាង​នៅថ្ងៃនេះ​ថា ​ស្ថាន​ការណ៍​នៅតាម​ជាយ​ដែន​មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា​ទេ​នៅថ្ងៃទី​១៥កក្កដា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ