អានតួអត្ថបទ
កម្ពុជា

លោកស្រី​ មួរ សុខហួរ ថ្លែង​​បញ្ជាក់​សារ​ជា​ថ្មី​សុខចិត្ត​ជាប់​ពន្ធនាគារ

លោកស្រី មួរ សុខហួរ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​មាន​ក្តីក្តាំ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​សារ​ជាថ្មី នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោកស្រី​មិនព្រម​បង់ប្រាក់​រឿង​ចាញ់ក្តី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ទេ ហើយ​លោកស្រី​សុខចិត្ត​ជាប់​ពន្ធនាគារ។ ការអះអាង​របស់​លោកស្រី​បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​កំណត់​ចុងក្រោយ​របស់​តុលាការ​ ក្រុង​ភ្នំពេញ​ដែល​តម្រូវ​អោយ​លោកស្រី​បង់ថ្លៃ​សង​ជំងឺចិត្ត​ទៅ​កាន់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ប៉ុន្មាន​ថ្ងៃ​មុន កាល​កំណត់​បង់ប្រាក់​ពិន័យ​ចូល​ថវិការដ្ឋ។

លោកស្រី​ មូ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សម​រង្ង្ស៊ី
លោកស្រី​ មូ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សម​រង្ង្ស៊ី ©សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

04:01

បទ​អត្ថាធិប្បាយ​របស់​គី សុខលីំមពី​ទីក្រុង​ភ្នំពេញ

ថ្ងៃទី​១០​ខែកក្កដា​នេះ គឺ​ជា​ថ្ងៃ​កំណត់​ចុងក្រោយ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​តម្រូវ​អោយ​លោកស្រី មួរ សុខហួរ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​បង់ប្រាក់​សំណង​ជំងឺចិត្ត​ចំនួន​២០០០​ដុល្លារ​ចំពោះ​ការចាញ់​ក្តី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍។ ប៉ុន្តែ នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ លោកស្រី មួរ សុខហួរ បាន​បញ្ជាក់​អះអាង​ប្រាប់​សារ​ជាថ្មី​ម្តង​ទៀត​ថា លោកស្រី​នឹង​ប្រកាន់​ជំហរ​ដដែល​គឺ​មិន​បង់ប្រាក់​ទេ។

 
លិខិត​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​តម្រូវ​អោយ​លោក​ស្រី មួរ សុខហួរ បង់ប្រាក់​ជំងឺ​ចិត្ត ចុះ​ថ្ងៃ​ទី​២៩​ខែមិថុនា​បាន​បញ្ជាក់​ថា ប្រសិនបើ​លោក​ស្រី​មិន​ព្រម​បង់ប្រាក់ នៅ​ថ្ងៃ​ទី​១០​ខែ​កក្កដា​នេះ​ទេ តុលាការ​នឹង​អនុវត្ត​តាម​ច្បាប់។ ការអនុវត្តន៍​តាម​ច្បាប់​របស់​តុលាការ ត្រូវ​បាន​អ្នកច្បាប់​មួយ​ចំនួន​ពន្យល់​ថា​ តុលាការ​អាច​បញ្ជា​អោយ​គេ​សិក្សា​ទ្រព្យសម្បត្តិ ឬ​ប្រាក់ខែ​របស់​លោក​ស្រី មួរ សុខហួរ។

ក្រោយ​ពី​ការសិក្សា​ហើយ ប្រសិនបើ​គេ​សង្កេត​ឃើញ​ថា លោកស្រី តំណាងរាស្ត្រ​មាន​ទ្រព្យសម្បត្តិ ពេលនោះ គេ​អាច​រឹបអូស ឬ​កាត់​ប្រាក់ខែ​តែ​ម្តង។ ប៉ុន្តែ​ប្រសិនបើ​លោក​ស្រី​មាន​ទ្រព្យសម្បត្តិ​ហើយ​មិនព្រម​បង់​សំណង​នោះ​ គេ​អាច​ចាត់​វិធានការ​ចាប់​ខ្លួន​បាន​ដែរ ប៉ុន្តែ​គ្រាន់តែ​នីតិ​វិធី​ច្បាប់​ត្រូវ​ធ្វើ​បន្ត​ទៀត​មុន​នឹង​ឈាន​ទៅដល់​ការចាប់​ខ្លួន​នោះ។ ជារួម ការចាប់ខ្លួន​មិន​អាច​ធ្វើ​បាន​ទេ នៅ​ថ្ងៃ​សៅរ៍​នេះ។

ចំពោះ​ករណី​បង់ប្រាក់​ពិន័យ​ចូល​ថវិកា​រដ្ឋ​ក្នុង​សំណុំរឿង​បណ្ដឹង​ជាមួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដដែល​នោះ លោកស្រី មួរ សុខហួរ ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​តម្រូវ​អោយ​បង់ នៅ​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ខាង​មុខ​នេះ។

នៅក្នុង​ករណី​បង់ប្រាក់​ពិន័យ​នេះ លិខិត​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ប្រសិនបើ​លោកស្រី មួរ សុខហួរ មិន​ព្រម​បង់​ទេ គេ​នឹង​បញ្ជា​អោយ​ឃុំ​ខ្លួន​លោកស្រី​តែម្តង។ ប៉ុន្តែ បើ​ទោះ​បី​ជា​យ៉ាងនេះ​ក្តី លោកស្រី មួរ សុខហួរ បាន​បញ្ជាក់​ដោយ​សម្ដី​ម៉ាត់ៗ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោកស្រី​នឹង​មិន​បង់​ទាំងអស់ ទាំង​ប្រាក់​សង​ជំងឺចិត្ត​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទាំង​ប្រាក់​ពិន័យ​ចូល​ថវិការដ្ឋ។

លោកស្រី​បាន​បញ្ជាក់​បន្ត​ទៀត​ថា លោក​ស្រី​នឹង​មិន​ខ្លាច​ពន្ធនាគារ​នោះ​ទេ។ សូម​បញ្ជាក់​ថា កាល​ពី​ម្សិលមិញ ក្នុង​ខណៈ​ពេល​ដែល​លោកស្រី​កំពុង​ពិសារ​ចង្រិត​បំពង​នៅ​នឹង​ដៃ លោកស្រី​បាន​ប្រាប់​អ្នកកាសែត​ម្តង​រួច​មក​ហើយ​ថា លោកស្រី​សុខចិត្ត​ជាប់​ពន្ធនាគារ។ ហើយ​ប្រសិន​បើ​លោកស្រី​ជាប់​ពន្ធនាគារ​មែន​នោះ លោកស្រី​សំណូមពរ​អោយ​គេ​យក​ចង្រិត​បំពង​អោយ​លោក​ស្រី​ពិសារ​នៅ​ក្នុង​ពន្ធនាគារ​ផង​ពីព្រោះ​ចង្រិត​បំពង គឺ​ជា​អាហារ​ដែល​លោកស្រី​ចូលចិត្ត​ខ្លាំង​ជាង​គេ។

ទាក់ទង​ទៅ​នឹង​ករណី​លោកស្រី មួរ សុខហួរ ដដែល នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ កិច្ច​ពិភាក្សា​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ចំណងជើង​ថា តើ​ស្ត្រី​គួរ​នៅ​ស្ងៀម​ឬ​ទេ?។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នករៀបចំ​កិច្ច​ពិភាក្សា​បាន​បញ្ជាក់​ថា ក្រុម​ស្ត្រី​អ្នកតស៊ូ​មតិ កម្មករ-កម្មការិនី ថ្នាក់​ដឹកនាំ​សហជីព គ្រូបង្រៀន អ្នកប្រកប​របរ​ផ្លូវភេទ អាជីវករ ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប កសិករ និស្សិត មន្ត្រី​រាជការ​បាន​សម្ដែង​ការព្រួយ​បារម្ភ​ចំពោះ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាក់ស្តែង ករណី​កាត់​ទោស​លោក​ស្រី មួរ សុខហួរ អោយ​ចាញ់​ក្តី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ទៀត​ថា អ្នក​ចូលរួម​កិច្ច​ពិភាក្សា​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​លោកស្រី មួរ សុខហួរ ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត​ក្នុង​ការ​រួម​ចំណែក​យ៉ាង​សកម្ម​ដើម្បី​ទាមទារ​អោយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជាពិសេស​ការ​គោរព​សិទ្ធិ​ស្ត្រី​និង​សិទ្ធិ​កុមារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ