អានតួអត្ថបទ
កម្ពុជា​

គណបក្ស​សម រង្ស៊ី​រម្លឹក​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ខែ​កក្កដា​១៩៩៧

គណបក្ស​សម រង្ស៊ី​បាន​ប្រារព្ធ​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​១៣​អង្គ ដើម្បី​រម្លឹក​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥-៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧។ លោក​គង់ គាំ ប្រធាន​ស្តី​ទី​គណបក្ស​សម រង្ស៊ី ធ្វើ​ជា​អធិបតី នៅ​ក្នុង​ពិធី​នេះ​ដែល​មាន​អ្នកចូលរួម​ជា​សកម្មជន និង​អ្នក​តំណាងរាស្ត្រ​ទាំងអស់​ប្រមាណ ៥០​នាក់​នៅក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​សម រង្ស៊ី​ក្នុង​ទីក្រុង​ភ្នំពេញ។

បុណ្យ​ព្រះពុទ្ធ​សាសនា​រៀបចំ​នៅ​គណបក្ស​សម រង្ស៊ី​ដើម្បី​រំលឹក​ដល់​រដ្ឋប្រហារ​យោធា ថ្ងៃ ទី ៥ ៦ កក្កដា​ ១៩៩៧
បុណ្យ​ព្រះពុទ្ធ​សាសនា​រៀបចំ​នៅ​គណបក្ស​សម រង្ស៊ី​ដើម្បី​រំលឹក​ដល់​រដ្ឋប្រហារ​យោធា ថ្ងៃ ទី ៥ ៦ កក្កដា​ ១៩៩៧ ©លាង ដឺលុច
ផ្សាយពាណិជ្ជកម្ម

03:57

បទ​អន្តរាគមន៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

គណបក្ស​សម រង្ស៊ី​ក្រោម​ការដឹកនាំ​របស់​លោក​គង់ គាំ​ប្រធាន​ស្តី​ទី​បាន​រៀបចំ​ពិធី​រម្លឹក​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥-៦​កក្កដា​ឆ្នាំ​១៩៩៧ តាម​បែប​សាសនា ជាមួយ​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន​១៣​អង្គ។ តាមពិត គួរ​តែ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទេ​ដែល​ជា​អ្នករៀបចំ​ការរម្លឹក​នេះ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​គណបក្ស​នេះ​សុទ្ធសាធ។

ប៉ុន្តែ​បើ​យោង​តាម​ការបញ្ជាក់​របស់​លោក​កែវ ពុទ្ធរស្មី ដែល​ជា​សហប្រធាន​សម្ព័ន្ធភាព​គណបក្ស​ហ៊្វុនស៊ីនប៉ិច និង​គណបក្ស​ជាតិ​និយម គណបក្ស​ទាំង​ពីរ​ដែល​ជា​អតីត​អ្នករស់នៅ​ក្រោម​ដំបូល​ហ៊្វុនស៊ីនប៉ិច កាល​ពី​ឆ្នាំ​១៩៩៧ ឥឡូវនេះ​កំពុង​រវល់​ជាមួយ​ការងារ​សម្ព័ន្ធភាព រវល់​ជាមួយ​ការរៀបចំ​រចនា​សម្ព័ន្ធ​នៅតាម​ខេត្ត​ក្រុង។ ដូច្នេះ​ពួកគេ​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុង​ការគិតគូរ​អំពី​បញ្ហា​រម្លឹក​ព្រឹត្តិការណ៍​ថ្ងៃ​ទី ៥-៦កក្កដា​ឆ្នាំ​១៩៩៧​នោះ​ទេ។

គួរ​រម្លឹក​ថា ក្រុម​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នៅក្នុង​ខែ​កក្កដា​ឆ្នាំ​១៩៩៧​នោះ ត្រូវ​បាន​ក្រុម​កង​កំលាំង​របស់​លោក​ហ៊ុន សែន​បង្ក្រាប​យ៉ាង​ដំណំ ក្រោម​ការចោទ​ប្រកាន់​ថា ព្រះអង្គ​ម្ចាស់​នរោត្តម​រណឬទ្ធិ ដែល​ពេលនោះ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ បាន​ចាប់ដៃ​ជាមួយ​កំលាំង​ខ្មែរ​ក្រហម ចង់​ផ្តួល​រំលំ​លោក​ហ៊ុន សែន។

ងាក​មក​និយាយ​ពី​គណបក្ស​សម រង្ស៊ី​វិញ ព្រឹកមិញ​នេះ មុន​នឹង​រាប់​បាត្រ​ព្រះសង្ឃ​១៣​អង្គ លោក​គង់ គាំ ប្រធាន​ស្តី​ទី គឺ​ជា​អ្នក​ថ្លែង​សុន្ទរកថា បាន​និយាយ​អត្ថាធិប្បាយ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​៥-ថ្ងៃ​៦​ខែ​កក្កដា​ថា ជា​ថ្ងៃ​កំចាត់​ក្រុម​អ្នកប្រជាធិបតេយ្យ​តាមរយៈ​ការប្រើប្រាស់​កំលាំង តាម​រយៈ​អាវុធ និង​តុលាការ​ជាដើម។ ហើយ​លោក​គង់ គាំ​ក៏​និយាយ​ថា គណបក្សសម រង្ស៊ី​របស់​គាត់​ក៏​កំពុង​ទទួលរង​ការកំទេច​ដូចគ្នា​នេះ​ដែរ។

សម្រាប់​ខាង​ភាគី​រដ្ឋាភិបាល ការរៀបចំ​ពិធី​បែប​នេះ​របស់​គណបក្ស​សម រង្ស៊ី គឺ​គ្រាន់​តែ​ជា​ការកេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ នេះ​ជា​ការ​អះអាង​របស់​លោក​ទិត សុធា។ លោក​ទិត សុធា​ដែល​ជា​អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា តាម​ពិត​ព្រឹត្តិការណ៍​ខែ​កក្កដា​ឆ្នាំ​៩៧​នោះ គឺ​ជា​ថ្ងៃ​ជោគជ័យ​របស់​រដ្ឋាភិបាល​ទៅវិញទេ ដែល​បាន​កំទេច​ក្រុម​ឃុបឃិត​នឹង​ពួកខ្មែរក្រហម​ដែល​ចង់​ផ្តួល​រដ្ឋាភិបាល​នោះ។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន លោក​នាយករដ្ឋមន្ត្រី​បាន​បង្ហើប​ថា លោក​បាន​បញ្ជា​អោយ​ត្រៀម​បទសម្ភាសន៍​របស់​​លោក​សេរី កុសល​ដែល​និយាយ​អំពី​សារបាន​នៃ​ព្រឹត្តិការណ៍​៥-៦កក្កដា ប្រសិន​បើ​មាន​ការរម្លឹក ឬ​សេចក្តី​ថ្លែងការណ៍​ណាមួយ​ដែល​និយាយ​ថា ព្រឹត្តិការណ៍​ឆ្នាំ​៩៧​នោះ ត្រូវ​បាន​បង្ក​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ។ ការ​ដែល​អោយ​លោក​សេរី កុសល​ជាអ្នក​និយាយ​រៀបរាប់​ពី​ព្រឹត្តិការណ៍​នេះ គឺ​ដោយសារ​លោក​សេរី កុសល​ជា​អតីត​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច ហើយ​ក៏​អ្នកដឹងរឿង​ច្រើន​អំពី​បញ្ហា​នេះ។

តាមពិត ព្រឹត្តិការណ៍​ឆ្នាំ​៩៧​នេះ ក៏​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និយាយ​លើក​ឡើង​ជា​ញឹកញាប់​ដែរ។ កាល​ឆ្នាំ​នោះ លោក​ហ៊ុន សែន​គឺ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២។ លោក​ហ៊ុន សែន​តែងតែ​និយាយ​បង្ហើប​ថា គឺ​កំលាំង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទេ​ដែល​ចាប់ដៃ​ជាមួយ​ក្រុម​ខ្មែរក្រហម​ប្រុង​ផ្តួល​រំលំ​រូប​លោក។ តែ​ដោយសារ​លោក​ដឹងមុន ទើប​បង្ក្រាប​បាន​មុនទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ