អានតួអត្ថបទ
កម្ពុជា

ការសិក្សា៖ កម្មករ​ត្រូវ​ការ​ប្រាក់​ខែ​យ៉ាង​តិច​បំផុត ៧២​ដុល្លារ​ដើម្បី​រស់

លទ្ធផល​នៃ​ការសិក្សា​មួយ​ចំនួន​បាន​ បង្ហាញ​ថា កម្មករ​ត្រូវការ​ចំណាយ ៥៧​ដុល្លារ​ក្នុង​មួយ​ខែ​លើ​តម្រូវការ ​ចាំបាច់​របស់​ខ្លួន ក្នុង​នោះ​មាន៖​ម្ហូបអាហារ ៣៣​ដុល្លារ ការ​ស្នាក់​នៅ ការ​ធ្វើ​ដំណើរ សុខភាព ២៤​ដុល្លារ និង​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​នៅ​ជនបទ​ចំនួន ១៥​ដុល្លារ។

កម្មករ​ត្រូវ​ការ​ប្រាក់ខែ​យ៉ាង​តិច​បំផុត ៧២​ដុល្លារ​ដើម្បី​រស់
កម្មករ​ត្រូវ​ការ​ប្រាក់ខែ​យ៉ាង​តិច​បំផុត ៧២​ដុល្លារ​ដើម្បី​រស់ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

03:02

សេចក្តីរាយការណ៍​របស់ គី សុខលីម ពី​ទីក្រុង​ភ្នំពេញ

កិច្ច​ចរចា​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ​រវាង​ភាគី​រដ្ឋាភិបាល​ភាគី​ថៅកែ​រោងចក្រ​​និង​ភាគី​តំណាង​សហជីព។

មុន​កិច្ច​ប្រជុំ​ត្រីភាគី​នេះ សហជីព​ឯករាជ្យ​មួយ​ចំនួន​បាន​ទាមទារ​អោយ​ថៅកែ​រោងចក្រ​កាត់ដេរ​និង​រាជ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​អប្បបរមា​ជូន​កម្មករ​អោយ​ដល់​៧០​ដុល្លារ​ឬ​៩៣​ដុល្លារ​អាមេរិក​​ពោល​គឺ​ផ្ទុយ​ពី​ប្រាក់ខែ​អប្បបរមា​នា​ពេល​បច្ចុប្បន្ន​ដែល​មាន​ចំនួន​តែ​​៥០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ស្រប​ពេល​ដែល​សហជីព​ឯករាជ្យ​មួយ​ចំនួន​បាន​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ​ក្នុង​កម្រិត​នេះ ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​មួយ​ចំនួន​បាន​គាំទ្រ​អោយ​មាន​ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ចំនួន​៥​ដុល្លារ​បន្ថែម​ទៀត​លើ​ប្រាក់ខែ​អប្បបរមា​បច្ចុប្បន្ន​ចំនួន​៥០​ដុល្លារ​អាមេរិក។

បើ​ទោះ​បី​ជា​ការ​ទាមទារ​និង​ការ​ផ្តល់​អោយ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ក្តី​ ក៏​ការ​សិក្សា​នា​ពេល​កន្លងមក​បាន​បង្ហាញ​ថា ប្រាក់ខែ​អប្បបរមា​៥០​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​អនុញ្ញាត​អោយ​កម្មករ​រស់​បាន​ទេ។

ការ​សិក្សា​របស់​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​ការ​អភិវឌ្ឍន៍​ធ្លាប់​បាន​បញ្ជាក់​និង​លើក​យក​មក​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ដោយ​តំណាង​សហជីព​ថា កម្មករ​ត្រូវការ​ប្រាក់ខែ​អប្បបរមា​យ៉ាងតិច​បំផុត​ចំនួន​៧២​ដុល្លារ​ក្នុង​មួយ​ខែ។ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា កម្មករ​ត្រូវការ​ចំណាយ​៥៧​ដុល្លារ​ក្នុង​មួយ​ខែ​លើ​តម្រូវ​ការ​ចាំបាច់​របស់​ខ្លួន​ក្នុង​នោះ​មាន៖​ម្ហូបអាហារ​៣៣​ដុល្លារ ការ​ស្នាក់នៅ ការ​ធ្វើ​ដំណើរ​និង​សុខភាព​២៤​ដុល្លារ​អាមេរិក។

ក្រៅ​អំពី​ការ​ចំណាយ​ខាង​លើ​នេះ​ កម្មករ​ត្រូវ​មាន​ភារកិច្ច​​បញ្ជូន​ប្រាក់​ចំនួន​១៥​ដុល្លារ​ជា​រៀងរាល់​ខែ​ទៅកាន់​ក្រុម​គ្រួសារ​នៅ​ឯ​ជនបទ។ ប្រសិនបើ​ពួកគេ​គ្មាន​ប្រាក់​ផ្ញើ​អោយ​ទៅ​ក្រុម​គ្រួសារ​នៅ​ជនបទ​ទេ​នោះ​ កម្មករ​នឹង​ត្រូវ​ក្រុម​គ្រួសារ​ហៅ​អោយ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ។

ការ​សិក្សា​ដដែល​បាន​បង្ហាញ​ទៀត​ថា ការ​បង្កើន​ប្រាក់​ខែ​អប្បបរមា​ជូន​កម្មករ​នឹង​មិន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​បាត់បង់​កម្លាំង​ប្រកួត​ប្រជែង​ឬ​លែង​ទាក់ទាញ​អ្នក​វិនិយោគ​នោះ​ទេ​ពីព្រោះ​ទំហំ​ចំណេញ​របស់​ក្រុមហ៊ុន​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី។

តួលេខ​នៃ​ការ​សិក្សា​បាន​បញ្ជាក់​ថា ទំហំ​ចំណេញ​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​កម្រិត​៣១​ភាគរយ ប្រទេស​ឥណ្ឌា​១២​ភាគរយ ប្រទេស​ឥណ្ឌូនេស៊ី​១០​ភាគរយ ប្រទេស​វៀតណាម​៦,៥​ភាគរយ ប្រទេស​នេប៉ាល់ ៤,៥​ភាគរយ​​និង​ប្រទេស​ចិន​ជាង​៣​ភាគរយ។ ប៉ុន្តែ​របាយការណ៍​បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​បង់ក្លាដេស ទំហំ​ចំណេញ​របស់​ក្រុមហ៊ុន​មាន​កម្រិត​ខ្ពស់​ជាង​កម្ពុជា​ទៅ​ទៀត​គឺ​៤៣​ភាគរយ​ឯណោះ។

ការ​សិក្សា​ដដែល​បាន​បញ្ជាក់​ទៀត​ថា ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​កាន់​តែ​ខ្ពស់​នឹង​ធ្វើ​អោយ​ផលិតភាព​ការងារ​កាន់តែ​ប្រសើរ​ជាង​មុន​ពីព្រោះ កម្មករ​ទទួល​បាន​នូវ​អារម្មណ៍​ធានា​អំពី​ប្រាក់​ចំណូល​របស់​ពួកគេ។

អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​​បាន​កត់​សម្គាល់​ថា កម្មករ​មួយ​ចំនួន​បន្ទាប់​ពី​ធ្វើការ​នៅក្នុង​រោងចក្រ​ច្រើន​ឆ្នាំ​រួចមក​ពួកគេ​គ្មាន​សល់​អ្វី​ក្រៅតែ​ពី​ជំងឺ​យក​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ