អានតួអត្ថបទ
កម្ពុជា

រឿង​អាស្រូវ​ក្នុង​វត្ត​ស្រះចក​បង្ខំ​ឲ្យ​អាជ្ញាធរ​រៀបចំ​សណ្តាប់​ធ្នាប់​ក្នុង​វត្ត

ព្រះសង្ឃ​​ដូនជី​​និង​និស្សិត​ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ស្រះចក​ទាំង​អស់​ ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​​ឲ្យ​ចាក​ចេញ​ពី​វត្ត​​រយៈពេល​មួយ​សប្តាហ៍​ ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​ជា​ថ្មី។​ ​វិធានការ​នេះ​ត្រូវ​បាន​ចាត់​ឡើង​បន្ទាប់​ពី​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ដ៏ ​ធំ​មួយ​នៅ​ក្នុង​​ទី​អារាម​នេះ​ ដោយ​សារ​តែ​ព្រះសង្ឃ​មួយ​អង្គ​បាន​ដាក់​បង្កប់​កាម៉េរ៉ា​ថតរូប​ជាច្រើន​នៅ​​ ក្នុង​បន្ទប់​ទឹក​ដើម្បី​ថត​រូប​ស្រីៗ​ដែល​ងូត​ទឹក​មន្ត​ ខណៈ​ដែល​ពួក​គេ​បាន​មក​រក​ព្រះសង្ឃ​​អង្គ​នោះ​ឲ្យ​ស្រោច​ទឹក​រំដោះ​គ្រោះ។​ អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើប​អង្កេត​ដ៏ធំ​មួយ​ទៅ​លើ​​សំណុំ​រឿង​នេះ។

ព្រះ​សង្ឃ​នៅ​វត្ត​ស្រះ​ចក​
ព្រះ​សង្ឃ​នៅ​វត្ត​ស្រះ​ចក​ © សុវណ្ណារ៉ា/rfi
ផ្សាយពាណិជ្ជកម្ម

 

02:10

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​ចុះ​ទៅ​កាន់​វត្ត​ស្រះចក​​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​បង្ខំ​ឲ្យ​ព្រះសង្ឃ​​ ដូនជី​ រួមទាំង​និស្សិត​ ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ទាំង​​អស់​ចាក​ចេញ​ពី​វត្ត​មួយ​រយៈ​ ដើម្បី​ទុក​ឲ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​និង​រៀបចំ​​សណ្តាប់​ធ្នាប់​ជា​ថ្មី។

         វិធានការ​ជម្លៀស​ព្រះសង្ឃ​ ​និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​ស្រះចក​នេះ​ ​ត្រូវ​បាន​ចាត់​​ឡើង​ទៅ​តាម​នីតិវិធី​របស់​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ដោយ​សហការ​ជាមួយ​តុលាការ​​និង​គណៈ​សង្ឃ​ផង។​ អាជ្ញាធរ​កំពុង​​បើក​ការ​ស៊ីប​អង្កេត​ដ៏ធំ​មួយ​នៅ​ក្នុង​ទី​អារាម​​ដែល​បង្កប់​ដោយ​រឿង​អាស្រូវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល។​ រឿង​អាស្រូវ​បាន​ផ្ទុះ​ឡើង​នៅ​ពេល​​ដែល​អាជ្ញាធរ​បាន​រក​ឃើញ​ថា​​អ្នក​ដែល​លួច​ថត​រូប​ស្រីៗ​ងូតទឹក​មន្ត​នៅ​ក្នុង​បន្ទប់​ដែល​​មាន​រូបកាយ​អាក្រាត​​ហើយ​ត្រូវ​បាន​គេ​បាញ់​តាម​ប្រព័ន្ធ​ប៊្លូធូត​ចែក​គ្នា​មើល​តាម​ទូរសព្ទ័​​ដៃ​ពី​មួយ​ទៅ​មួយ​ស្ទើរ​ពាស​ពេញ​ប្រទេស​នោះ​ ​គឺជា​ព្រះសង្ឃ​ដែល​គង់​នៅ​ក្នុង​វត្ត​ស្រះចក។

         ព្រះសង្ឃ​បរាជិក​ព្រះនាម​ នេត​​ ខៃ​ ​ព្រះជន្ម​៣៧​វស្សា​ត្រូវ​បាន​គេ​ចាប់​ផ្សឹក​រួច​ហើយ​​បញ្ជូន​ទៅ​តុលាការ។​ ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា​​មាន​រូប​ឃ្លីប​វីដេអូរ​អាសអាភាស​​ដល់​ទៅ​រាប់​ពាន់​ដែល​ព្រះសង្ឃ ​នេត​ ​ខៃ ​បាន​ថត​ទុក​តាម​រយៈ​ការ​បង្កប់​កាមេរ៉ា​នៅ​ក្នុង​​បន្ទប់​ទឹក។​ រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​នេះ​ហើយ​ដែល​តម្រូវ​ឲ្យ​​អាជ្ញាធរ​​និង​គណៈសង្ឃ​ចាត់​វិធានការ​ស៊ើប​អង្កេត។​

         សូម​បញ្ជាក់​ថា​​នៅ​ក្នុង​វត្ត​ស្រះចក​​មាន​ព្រះសង្ឃ​ទាំងអស់​៧០​អង្គ​ ​និង​និស្សិត​ជាង​​១០០​នាក់​​ ព្រម​ទាំង​ដូនជី​ ​និង​តាអាចារ្យ​ជាច្រើន​ទៀត​ស្នាក់​នៅ។​​ វិធានការ​ជម្លៀស​​ព្រះសង្ឃ​​ និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​នេះ​ បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រទាំង​ប្រទើស​មួយ​ចំនួន​​កើត​ឡើង។​​ ដូនជី​មួយ​ចំនួន​បាន​យំ​ស្រែក​ដោយ​មិន​ដឹង​ជា​ត្រូវ​ទៅ​ស្នាក់​នៅ​ទី​ណា។​ ចំណែក​ឯ​ព្រះសង្ឃ​វិញ​​ត្រូវ​បាន​គេ​បែងចែក​ឲ្យ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​តាម​ទីអារាម​​នានា​នៅ​ក្នុង​រាជធានី។

         រឿង​អាស្រូវ​ដ៏គួរ​ឲ្យ​អាម៉ាស់​នេះ​ ក៏​បាន​បង្ខំ​ឲ្យ​លោក​ចៅ​អធិការ​វត្ត​ព្រះនាម​ មាស​​គង់​ លា​ចេញ​ពី​មុខ​តំណែង​ដើម្បី​ជាការ​ទទួល​ខុស​ត្រូវ។​ ​​អាជ្ញាធរ​មាន​បំណង​រក​ឲ្យ​​ឃើញ​ការ​ពិត​ជុំវិញ​រឿង​អាស្រូវ​ក្នុង​វត្ត​ស្រះចក​ដែល​បាន​កើត​ឡើង​ជាច្រើន​ឆ្នាំ​មក​​ហើយ​ ​តែ​ហេតុ​អ្វី​ក៏​អ្នក​ទទួល​ខុស​ត្រូវ ​​និង​អ្នក​រស់​នៅ​ក្នុង​វត្ត​នេះ​មិន​បាន​ដឹង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ