អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​ថៃ​ថា​ផ្តល់​កន្លែង​លាក់​ខ្លួន​ដល់​មេ​បាតុករ​អាវក្រហម

កម្ពុជា​បាន​ច្រាន​ចោល​នៅ​ថ្ងៃ​នេះ ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ថៃ ថា​អ្នក​បោក​គ្រាប់​បែក​ក្បែរ​ទី​ស្នាក់​ការ​គណបក្ស​នៅ​ក្រុង​បាងកក បាន​រត់​ចូល​ដី​ខ្មែរ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​ថៃ ម្តង​ហើយ​ម្តង​ទៀត​នេះ ថា​ មាន​បំណង​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា។ កម្ពុជា​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ បញ្ឈប់​រាល់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងឡាយ។

លោក ទិត សុធា
លោក ទិត សុធា © RFI
ផ្សាយពាណិជ្ជកម្ម

02:04

សេចក្តីរាយការណ៍​របស់ នេត្រ ភក្ត្រា

បូលីន ដាវីដ

រដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅថ្ងៃនេះ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ទាត់ចោល​ទាំង​ស្រុង​នូវ​ការចោទ​ប្រកាន់​របស់​ក្រុម​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​ថៃ​។ ក្រុម​សន្តិសុខ​ជាតិ​តាមរយៈ​មន្ត្រី​ជំនួយ​ការ​ក្រសួង​ការបរទេស​ថៃ ​បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​មេដឹកនាំ​ក្រុម​បាតុករ​អាវក្រហម​ពីរ​នាក់​ដែល​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។

 
 លោក​ទិត ​សុធា ​មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​បាន​ថ្លែង​បន្ថែម​ថា​ កម្ពុជា​សូម​ច្រានចោល​ទាំងស្រុង​ចំពោះ​ការចោទ ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ និង​គ្មានការពិត​របស់​ក្រុម​សន្តិសុខ​ថៃ​។ លោក​ទិត​ សុធា ​បន្ត​ទៀត​ថា ​ការចោទប្រកាន់ ​គ្មាន​ការពិត​នេះ​គឺ​បាន​បង្ហាញ​ពីភាព​កម្សោយ​របស់​ក្រុម​ចារកម្ម​ថៃ​ក្នុង​ការ​ប្រមូល​ព័ត៌មាន ​និង​ជាការ​បង្កហេតុ​មួយ​ របស់​រដ្ឋាភិបាលថៃ​មកលើ​កម្ពុជា​ ដោយ​ការបង្វែរ​បញ្ហា​ដែល​កំពុង​តែកើត​មាន​នៅ​ទីក្រុង​បាងកក​មក​កាន់​កម្ពុជា​ដែល​កំពុង​តែរស់នៅ​ក្នុង​សុខ​សន្តិភាព​។

 នៅក្នុង​សេចក្តី​ថ្លែងការណ៍​ រដ្ឋា​ភិបាល​កម្ពុជា​បាន​ស្នើ​សុំ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ និង​បណ្តាញ​ព័ត៌មាន​ថៃ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ និង​ទាំងស្រុង​នូវ​ចរិត​បង្កហេតុ​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ មិនមាន​មូលដ្ឋាន​ច្បាស់លាស់​ ដែល​បណ្តាល​ឲ្យ​មាន​ការ​យល់ច្រឡំ​ពី​សំណាក់​មតិ​សាធារណៈ ​ក្នុង​ និង​ក្រៅ​ប្រទេស​ ហើយ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ធ្លាក់​ក្នុង​សភាព​គ្រោះថ្នាក់។
 

ទំនាក់​ទំនង​កម្ពុជា​-ថៃ​ដែល​នៅ​បន្ត​មាន​ភាព​តានតឹង​ជាមួយ​គ្នានៅឡើយ​ចាប់តាំង​ពីមាន​ការឈ្លានពាន​របស់​ក្រុម​កងទ័ព​ឈុតខ្មៅ​ថៃ​ចូល​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ចាប់​ តាំង​ពីខែកក្កដា ​ឆ្នាំ ២០០៨ ​និងកាន់តែ​ធ្ងន់ធ្ងរ​រហូត​ដល់​ដក​ឯក​អគ្គរាជ​ទូត​រៀងៗខ្លួន​ បន្ទាប់ពី​មានការតែងតាំង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ថាក់ស៊ីន ​ស៊ីណាវ៉ាត្រា ​ធ្វើជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​។

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ