អានតួអត្ថបទ
កម្ពុជា

ហាម​ធ្វើ​រូប​សំណាក​មេ​ដឹកនាំ​ប្រទេស​ដែល​នៅ​មាន​ជីវិត

ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវ​នាវ​ដល់​ស្ថាប័ន​រដ្ឋ​និង​សាធារណជន​អោយ​បញ្ឈប់​នូវ​ការ​ដាក់តាំង​ឬ​ក៏ ​ដាក់​លក់​រូបសំណាក​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា​និង​បញ្ឈប់​ការ​ឆ្លាក់​ឬ​ ចាក់​ពុម្ព​រូប​ថ្នាក់​ដឹកនាំ។ ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​ខុសឆ្គង​ទៅ​នឹង​ទំនៀម​ទម្លាប់​នៃ​ប្រទេស​ កម្ពុជា​ដែល​ហាម​មិន​អោយ​ធ្វើ​រូប​សំណាក​ឬ​ឆ្លាក់​រូប​មនុស្ស​ដែល​កំពុង​នៅ​ មាន​ជីវិត​នៅ​ឡើយ។  

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន © Reuters
ផ្សាយពាណិជ្ជកម្ម

03:01

ប​ទ​អន្តរាគមន៍​របស់ គី សុខលីម

លោក​ ឱម យិនទៀង ទី​ប្រឹក្សា​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សរសេរ​លិខិត​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ទាក់ទង​ទៅនឹង​ការ​សាងសង់​រូប​សំណាក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

នៅ​ក្នុង​លិខិត​សុំ​ទោស​ជា​សាធារណៈ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ​ លោក ឱម យិនទៀង បាន​បញ្ជាក់​ប្រាប់​ថា លោក​បាន​ធ្វើ​រូប​សំណាក​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ដោយ​ឯក​ចិត្ត​ តាម​ចិត្ត​ស្រលាញ់​និង​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​របស់​លោក​ដែល​ដឹង​គុណ​គោរព​និង​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​លោក​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន។ លោក ឱម យិនទៀង បាន​បន្ត​ទៀត​ថា ការ​កសាង​រូប​សំណាក​នេះ​បាន​ធ្វើ​ឡើង​តាម​ការ​ស្រឡាញ់​និងការ​គោរព​របស់​គាត់ ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មិន​បាន​ដឹង​ខ្លួន​ទេ​ ហើយ​ប្រការ​នេះ​អាច​នាំ​អោយ​ប្រមុខ​រាជ​រដ្ឋាភិបាល​ស្ថិត​ក្នុង​ស្ថានភាព​រងគ្រោះ​ពីការ​រិៈគន់​យ៉ាង​អយុត្តិធម៌​ពី​មជ្ឈដ្ឋាន​មួយ​ក្តាប់​តូច​ ថា​នេះ​ជា​អំពើ​លើក​តំឡើង​បុគ្គល ដែល​តាម​ពិត​ទៅ​ រូប​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ផ្ទាល់ លោក​មិន​ដែល​មាន​នូវ​គំនិត​ក្នុង​ខ្លួន​របស់​លោក​សូម្បី​តែ​បន្តិច​បន្តួច​ក៏​ដោយ​ក្តី។

លោក ឱម​ យិនទៀង
លោក ឱម​ យិនទៀង ©សុវណ្ណារ៉ា/RFI

 
ស្រប​ពេល​ជា​មួយ​គ្នា កាល​ពី​មិ្សល​មិញ​ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ដោយ​អំពាវ​នាវ​ដល់​ស្ថាប័ន​រដ្ឋ​និង​សាធារណជន​អោយ​បញ្ឈប់​នូវ​ការ​ដាក់តាំង​ឬ​ក៏​ដាក់លក់​រូប​សំណាក​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា​និង​បញ្ឈប់​ការ​ឆ្លាក់​ឬ​ចាក់ពុម្ព​រូប​ថ្នាក់​ដឹកនាំ។ ការ​ប្រកាស​របស់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ធ្វើ​ឡើង​ដោយ​សង្កេត​ឃើញ​ថា កន្លែង​មួយ​ចំនួន​បាន​ដាក់តាំង​រូប​សំណាក​ថ្នាក់​ដឹកនាំ​ឆ្លាក់​ឬ​ចាក់​ពុម្ព​រូប​ថ្នាក់​ដឹកនាំ​ប្រទេស​ដើម្បី​ដាក់លក់​សម្រាប់​យក​ទៅ​តាំង​នៅ​តាម​លំនៅឋាន ​ឬ​ធ្វើ​ជា​វត្ថុ​អនុស្សារីយ៍។

បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​ខុសឆ្គង​ទៅ​នឹង​ទំនៀម​ទម្លាប់​នៃ​ប្រទេស​កម្ពុជា​ដែល​ហាម​មិន​អោយ​ធ្វើ​រូប​សំណាក​ឬ​ឆ្លាក់​រូប​មនុស្ស​ដែល​កំពុង​នៅ​មាន​ជីវិត​នៅ​ឡើយ។​

សូម​បញ្ជាក់​ថា រូប​សំណាក​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ដែល​ផ្តួចផ្តើម​គំនិត​ធ្វើ​ដោយ​លោក ឱម យិនទៀង ហើយ​បាន​ដាក់តាំង​នៅ​ច្រក​ចូល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​គេ​ដក​ចេញ​វិញ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ