អានតួអត្ថបទ
កម្ពុជា

អ្នករាយការណ៍​ពិសេស ​សិទ្ធិមនុស្ស៖​ ប្រព័ន្ធ​តុលាការ​នៅកម្ពុជា ​កំពុង​ជួបប្រទះ​នឹង​ការលំបាក​ជាច្រើន​

អ្នក​រាយការណ៍​ពិសេស​ របស់​អង្គការ​សហ​ប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក ស៊ូ​យ៉ា ប្រាសាទ ​ស៊ូបឺ​ឌី ( Surya Prasat Subedi ) បាន​បិទ​បញ្ចប់​បេសកកម្ម​លើក​ទី​៣ ​របស់លោក នៅ​កម្ពុជា នា​ថ្ងៃ​ទី​១៧ ​មិថុនា​នេះ​។​ ក្នុង​បេសកកម្ម​រយៈពេល​ ១០ ថ្ងៃ​មក​នេះ ​លោក ស៊ូ​យ៉ា បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​ សង្គម​ស៊ីវិល ​និង​មន្ត្រី​តុលាការ​ ដើម្បី​ស្វែង​រក​ការ​ពិត លើ​ប្រព័ន្ធ​តុលាការ ​នៅ​កម្ពុជា​។ ​នៅក្នុង​សន្និសីទ​កាសែត ​នា​ប៉ុន្មាន​ម៉ោង​មុន​នេះ ​លោក ស៊ូ​យ៉ា បាន​វាយតម្លៃ​ថា ​ប្រព័ន្ធ​តុលាការ ​នៅ​កម្ពុជា ​កំពុង​ជួបប្រទះ​នឹង​ការ​លំបាក​ជា​ច្រើន ​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា ​ជាពិសេស ​ប្រជាជន​ក្រីក្រ។ 

​អង្គការ​សហ​ប្រជាជាតិ បញ្ជូន​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក ស៊ូ​យ៉ា ប្រាសាទ ​ស៊ូបឺ​ឌី
​អង្គការ​សហ​ប្រជាជាតិ បញ្ជូន​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក ស៊ូ​យ៉ា ប្រាសាទ ​ស៊ូបឺ​ឌី ©RFI
ផ្សាយពាណិជ្ជកម្ម

08:19

សេចក្តីរាយការណ៍របស់​ លី ម៉េងហួរ

លី ម៉េងហួរ

ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​លើក​ទី​៣ នៅ​កម្ពុជា ​រយៈពេល ​១០ ថ្ងៃ ដែល​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​១៧​មិថុនា​នេះ ​លោក ស៊ូ​យ៉ា ស៊ូបឺ​ឌី បាន​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​កម្ពុជា​ សម្តេចព្រះ​បរមនាថ នរោត្តម​ សីហ​មុនី ដែល​ព្រះអង្គ​ជា​ព្រះប្រធាន​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​។ ​លោក​ស៊ូ​យ៉ា ក៏​បាន​ជួប​ជាមួយ​លោក ​ហោ ណាំហុង រដ្ឋ​មន្ត្រី​ការបរទេស​, ជួប​លោក ឱម យិនទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​, លោក ឌិត ​មន្ទី ​ប្រធាន​តុលាការ​កំពូល និង​ជួប​ចៅក្រម ​ព្រះរាជ​អាជ្ញា ​ព្រម​ទាំង​ជួប​មន្ត្រី​រដ្ឋាភិបាល ​តំណាង​សង្គម​ស៊ីវិល និង​ជនរងគ្រោះ​ដោយ​ការរំលោភ​សិទ្ធិមនុស្ស​។

 
ក៏​ប៉ុន្តែ​ក្នុង​ដំណើរ មក​កាន់​កម្ពុជា​លើក​ទី​៣​នេះ លោក ស៊ូ​យ៉ា​ មិន​បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រឆាំង​ទេ​។ ជំនួប​រវាង​លោក​ស៊ូ​យ៉ា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​កំ​ណត់​​ថា ​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​មិថុនា​នេះ ​ប៉ុន្តែ​ត្រូវបាន​លុប​ចោល​​ទៅ​វិញ​។​ ចំពោះ​ការ​មិន​ជួប​គណបក្សប្រឆាំង ​ត្រូវ​បាន​លោក​ស៊ូ​យ៉ា ​បញ្ជាក់​នៅក្នុង​សន្និសីទ​កាសែត ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា លោក​ចង់​ស្ថិតនៅ​ឆ្ងាយ​ពី​បញ្ហា​នយោបាយ ​ហើយ​ម្យ៉ាង​ទៀត ​ដំណើរ​របស់​លោក​មក​កម្ពុជា​លើក​នេះ​ គឺ​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​យុត្តិធម៌ ​និង​តុលាការ​។

តាម​ការ​បូក​សរុប​ដំណើរ​បេសកកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ស៊ូ​យ៉ា បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​អ្នក​ជាប់​ឃុំឃាំង​មាន​ចំនួន​ច្រើន ​គួរ​ឲ្យ​បារម្ភ​ ដោយ​សារ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ និង​ការ​អនុវត្ត​មិន​ទាន់​បាន​ត្រឹមត្រូវ​របស់​តុលាការ​។ ​ ចំណុច​ខ្វះខាត​ទាំង​នោះ ​ទាក់​ទង​នឹង​ចន្លោះ​ប្រហោង​នៃ​សមត្ថភាព​ចំណេះ​ដឹង​របស់​ចៅក្រម​និង​មន្ត្រី​តុលាការ ​ដែល​នៅ​មាន​កម្រិត​ពិសេស​តុលាការ​កម្ពុជា​សព្វថ្ងៃ​មាន​ការជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​ពី​ខាងក្រៅ​។ ការជ្រៀតជ្រែក​លើ​ប្រព័ន្ធ​តុលាការ​នេះ លោក​ស៊ូ​យ៉ា​ ចង់​សំដៅ​លើ​បញ្ហា​ថវិកា​និង​បញ្ហា​នយោបាយ​ជាដើម​ដែល​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ ​មិន​អាច​ផ្តល់​ការ​ជឿ​ទុក​ចិត្ត​ដល់​ប្រជាជន​ នៅ​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​បាន​ទេ​។​ ​ក្រៅ​ពី​ការ​ពិនិត្យ​លើ​វិស័យ​យុត្តិធម៌​ និង​ប្រព័ន្ធ​តុលាការ​, នៅក្នុង​ដំណើរ​បំពេញ​បេសកកម្ម​លើក​ទី​៣ នៅ​កម្ពុជា ដែល​បាន​បិទ​បញ្ចប់​នៅថ្ងៃនេះ​ លោក​ ស៊ូ​យ៉ា ក៏​បាន​លើក​អំពី​កង្វល់​ជាក់​លាក់​មួយ​ចំនួន​ទាក់​ទង​តួ​នាទី​របស់​តុលាការ​ក្នុង​ការ​ការពារ​សេរីភាព​ខាង​ការ​សម្តែង​មតិ​ និង​ក្នុង​ករណី​ដែល​ទាក់​ទង​នឹង​សិទ្ធិ​ដីធ្លី​។

លោក​ស៊ូ​យ៉ា ​បាន​បញ្ជាក់​ថា​ លោក​មាន​កង្វល់​អំពី​ផល​ប៉ះពាល់​នៃ​ទំនាស់​ដីធ្លី​ សម្បទាន​ដី​ និង​ការ​តាំង​ទី​លំនៅ​ថ្មី ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​សាមញ្ញ​ទាំង​នៅ​ទី​ប្រជុំជន​និង​ទាំង​នៅ​តំបន់​ជនបទ​។​ ​លោក​ស៊ូ​យ៉ា ​សង្កេត​ឃើញថា​ បញ្ហា​ដីធ្លី​នៅ​កម្ពុជា​ សព្វថ្ងៃ​កើត​ចេញ​ពី​ការ​អនុវត្តន៍​យុត្តិធម៌ ​មិន​បាន​ត្រឹម​ត្រូវ​និង​ការ​រួម​តូច​នៃ​លំហរ​នយោបាយ​​និង​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​បញ្ហា​សំខាន់ៗ​ ក្នុង​សង្គម ដោយ​សារ​ការ​ប្រើប្រាស់​មិន​ស្មើភាព​គ្នា​នៃ​បណ្តឹង​បរិហារកេរ្តិ៍ ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ការ​ញុះញង់​ប្រឆាំង​នឹង​អ្នក​កាសែត សកម្មជន​​សិទ្ធិ​មនុស្ស​និង​អ្នក​រិះគន់​រដ្ឋាភិបាល​។​ ​លោក ស៊ូ​យ៉ា បាន​បញ្ជាក់​ថា​បើ​សិន​ជា​ជន​ក្រីក្រ​ទន់​ខ្សោយ​ហើយ​ត្រូវ​គេ​ដក​ហូត​ដី​ធ្លី ​គឺ​ទំនង​ជា​មាន​ឱកាស​តិច​តួច​នឹង​ទទួល​បាន​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​តាម​រយៈ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​ដីធ្លី​ឬ​តាម​រយៈ​តុលាការ​។​ ​លោក ស៊ូ​យ៉ា បាន​ធ្វើ​ការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្ទាន់​ ដើម្បី​ពង្រឹង​ឯករាជ្យភាព​និង​សមត្ថភាព​នៃ​ប្រព័ន្ធ​តុលាការ​ដើម្បីឲ្យ​ស្ថាប័ន​តុលាការ​អាច​អនុវត្ត​ការងារ​របស់​ខ្លួន​ ដោយ​មាន​សមត្ថភាព​ផ្តល់​យុត្តិធម៌​ដល់​ជន​គ្រប់​រូប​នៅ​កម្ពុជា​។

ជា​មួយ​នឹង​ការ​វាយ​តម្លៃ​ខាង​លើ​នេះ ​ក៏​មាន​វិស័យ​ជា​ច្រើន​ ដែល​លោក ស៊ូ​យ៉ា បាន​កត់​សម្គាល់​ឃើញ​ពី​ចំណុច​ល្អ​របស់​រដ្ឋាភិបាល​ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​ ឲ្យ​ជម្រុញ​អនុវត្ត​ត​ទៅ​ទៀត​នូវ​កម្មវិធី​សកម្មភាព​របស់​ខ្លួន​ ដើម្បី​លើក​កម្ពស់​និង​ពង្រឹង​ប្រព័ន្ធ​តុលាការ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត​ដល់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ​លោក ស៊ូ​យ៉ា ក៏​បាន​ស្វាគមន៍​ការអនុម័ត​ច្បាប់​ថ្មី​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​រាប់​ទាំង​ក្រម​ព្រហ្មទណ្ឌ​ថ្មី ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ដែល​បាន​តាក់​តែង​ឡើង ដើម្បី​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា​ លោក​ ស៊ូ​យ៉ា ស៊ូបឺ​ឌី នឹង​ធ្វើ​របាយការណ៍ ​និយាយ​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ដែល​លោក​បាន​ប្រមែល​ប្រមូល នៅ​ពេល​នេះ ​ដើម្បី​ដាក់​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​សម័យ​ប្រជុំ ​នៅ​ទីក្រុង​ហ្សឺ​ណែវ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​។​ ​ចំពោះ​កង្វះ​ខាត​ដែល​កម្ពុជា​ជួប​ប្រទះ​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​យុត្តិធម៌​ ដែល​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ខាង​លើនេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឆន្ទះ​ទទួល​យក​និង​កិច្ច​សហការ​ល្អ​ជាមួយ​លោក​ប្រេសិត​អង្គការ​សហប្រជាជាតិ​​រូប​នេះ។​ ​លោក ទិត សុធា ​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរ​ដ្ឋមន្ត្រី ​បាន​លើកឡើង​ថា នៅ​ក្នុង​ដំណាក់​កាល​នេះ​ រាល់​កំណែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ នៅ​កម្ពុជា​ គឺ​ជា​ទិស​ដៅ​ជា​អាទិភាព​ នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់​ទី​២ របស់​រដ្ឋាភិបាល​។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូបនេះ ​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​ បាន​និង​កំពុង​ជម្រុញ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ជា​ច្រើន ​ក្នុង​ការ​កំណត់​ទោស​ទណ្ឌ​ចំពោះ​ចៅក្រម ​និង​ព្រះរាជ​អាជ្ញា ​ដើម្បី​លើក​ស្ទួយ​ប្រសិទ្ធិភាព​ការងារ​មន្ត្រី​តុលាការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ