អានតួអត្ថបទ
កម្ពុជា

វេទិកា​រវាង​រាជរដ្ឋាភិបាល និង​បណ្តា​ប្រទេស​ផ្តល់​ជំនួយ

កិច្ចប្រជុំ​រវាង​រដ្ឋាភិបាល និង​បណ្តាល​ប្រទេស​អ្នកផ្តល់​ជំនួយ ដែល​ហៅ​ជា​ផ្លូវការ​ថា វេទិកា​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​កម្ពុជា លើក​ទី​៣ បាន​បើក​កិច្ចប្រជុំ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មិថុនា​នេះ​។ វេទិកា​រយៈពេល​ពីរ​ថ្ងៃ​នេះ ជា​ការប្រជុំ​ពិនិត្យ​បូក​សរុប​សកម្មភាព​កែទម្រង់​លើ​គ្រប់​វិស័យ​អភិវឌ្ឍន៍ ​របស់​ប្រទេស​កម្ពុជា។ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវ​ធ្វើ​ការពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ប្រទេស​អ្នកផ្តល់​ជំនួយ លើ​ទិដ្ឋភាព​គន្លឹះ​ផ្សេងៗ ដើម្បី​ជម្រុញ​នូវ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​រដ្ឋាភិបាល និង​ប្រទេស​ម្ចាស់​ជំនួយ
លោក ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​រដ្ឋាភិបាល និង​ប្រទេស​ម្ចាស់​ជំនួយ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

06:44

បទ​អន្តរាគមន៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

វេទិកា​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​កិច្ចប្រជុំ​រវាង​មន្ត្រី​រដ្ឋាភិបាល បណ្តា​ប្រទេស​អ្នកផ្តល់​ជំនួយ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ផង​នោះ បាន​ធ្វើឡើង​ដំបូង នៅ​ខែ​មិថុនា ឆ្នាំ​២០០៧។ ចំណែក​វេទិកា​លើក​ទី​២ នៅ​ខែ​ធ្នូ ឆ្នាំ​២០០៨។

ចំណែក​វេទិកា​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​កម្ពុជា លើក​ទី​៣ នៅពេលនេះ ត្រូវ​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ ស្តីពី ការសម្រេច​ឲ្យបាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធិភាព ដំណាក់កាល​ទី​២ តាមរយៈ​ការអនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ បច្ចុប្បន្នកម្ម។

វេទិកា​រយៈពេល​ពីរ​ថ្ងៃ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រារព្ធ​ឡើង​លើ​      របៀបវារៈ​ចំនួន ៦ រួមមាន​៖ ផែនការ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្នកម្ម, យុទ្ធសាស្ត្រ​សម្រាប់​កិច្ចអភិវឌ្ឍន៍ ក្រោយ​ពី​កលិយុគ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ពិភពលោក កម្មវិធី​កំណែទម្រង់​អាទិភាព ដើម្បី​សម្រេច​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម ការអនុម័ត​សុច្ចនាករ​តាមដាន​រួមគ្នា ឆ្នាំ​២០១០ និង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ណែនាំ​ពហុ​ឆ្នាំ។

នៅ​ពេល​បិទ​បញ្ចប់​វេទិកា​នោះ ប្រទេស​អ្នកផ្តល់​ជំនួយ ត្រូវ​ប្រកាស​ពី​ការសន្យា​ផ្តល់​ជំនួយ សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

របាយការណ៍​ស្តីពី​ប្រសិទ្ធិភាព​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឆ្នាំ​២០១០ បានបង្ហាញ​ថា នៅ​ឆ្នាំ​២០១០​នេះ រដ្ឋាភិបាល​កម្ពុជា សង្ឃឹមថា នឹង​អាច​ទទួលបាន​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ប្រមាណ​ជាង ១ ០០០ លាន​ដុល្លារ​អាមេរិក។ ចំណែក​ហិរញ្ញប្បទាន​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០០៩ គឺ​បណ្តា​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ បាន​សម្រេច​ផ្តល់​ជំនួយ​ដល់​កម្ពុជា ចំនួន ៩៨៩,៥ លាន​ដុល្លារ​អាមេរិក។ ចំណែក​ឆ្នាំ​២០០៨ មាន​ចំនួន ៩៥៥,៦ លាន​ដុល្លារ​អាមេរិក។

នៅ​ពេល​ផ្តើម​វេទិកា នៅ​ព្រឹកមិញ ក្នុង​បទ​អន្តរាគមន៍​ថ្លែង​ដោយ​លោកស្រី Annette Dixon នាយិកា​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា ដែល​ជា​តំណាង​ដៃគូ​អភិវឌ្ឍន៍ បាន​លើក​បង្ហាញ​ដោយ​សង្ខេប​ពី​បញ្ហា​ប្រឈម​នានា ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ មាន​ជាអាទិ៍ បញ្ហា​អតិផរណា ទំនិញ​ឡើងថ្លៃ គម្លាត​ខ្លាំង​រវាង​អ្នកមាន និង​អ្នកក្រ បម្រែបម្រួល​អាកាសធាតុ ជាដើម។ បញ្ហា​ដីធ្លី និង​ការប្រឆាំង​អំពើ​ពុករលួយ ក៏​ត្រូវ​បាន​តំណាង​ម្ចាស់​ជំនួយ លើក​ឡើង​ផង​ដែរ។

ជាមួយ​នឹង​ការលើកឡើង​នេះ តំណាង​ប្រទេស​ម្ចាស់ជំនួយ ក៏​បាន​កោត​សសើរ​រដ្ឋាភិបាល​កម្ពុជា ការអនុម័ត​លើ​កម្មវិធី​គ្រប់គ្រង​ព្រៃឈើ​ជាតិ និង​សកម្មភាព​នៃ​ការបង្ក្រាប ការកាប់​ឈើ​ខុសច្បាប់ នា​ពេល​ថ្មីៗ​នេះ​។ លោកស្រី​តំណាង​ដៃគូ​អភិវឌ្ឍន៍ បាន​គូសបញ្ជាក់ថា បណ្តា​ប្រទេស​អ្នកផ្តល់​ជំនួយ ត្រៀមខ្លួន​ជួយ​ដល់​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ។

ក្រុម​អ្នកសង្កេតការណ៍​ក្នុង​ស្រុក និង​អន្តរជាតិ ក៏ដូចជា​គណបក្ស​ប្រឆាំង បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ​បរទេស ជម្រុញ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យធ្វើ​កំណែទម្រង់​លើ​វិស័យ​អាទិភាព​សំខាន់ៗ​មួយចំនួន និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ដែល​រួមមាន៖ ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី ការបណ្តេញ​ចេញ​ប្រជាជន​ពី​លំនៅដ្ឋាន កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ជាដើម។
ក្នុង​ពិធី​បើក​វេទិកា នៅ​ព្រឹកមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នូវ​សុន្ទរកថា​គន្លឹះ ចំនួន​១៦​ទំព័រ ព្រមទាំង​បញ្ជាក់​ពី​ការបន្ត​ប្តេជ្ញាចិត្ត​ដ៏​មោះមុត ឥតរាថយ​របស់​រដ្ឋាភិបាល​កម្ពុជា។

ចំពោះមុខ​បណ្តា​ប្រទេស​អ្នកផ្តល់​ជំនួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន និង​កំពុងតែបន្ត​ជម្រុញ​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់ និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កម្មវិធី​កំណែទម្រង់​នានា រួមមាន៖ ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បទល្មើស​ដីធ្លី បទល្មើស​ជលផល កុងត្រូល​ជជុះ ការរត់ពន្ធ​ទំនិញ ការឃុបឃិត​គ្នា​រវាង​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​អនុវត្ត​ច្បាប់ និង​សកម្មភាព​រំលោភ​ច្បាប់​ផ្សេងៗ​ទៀត ដែល​បាន​បង្ក​ដល់​ផលវិបាក​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ស្លូតត្រង់។

ជាង​នេះ​ទៅទៀត លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាសថា រដ្ឋាភិបាល​របស់​លោក ក៏​បាន​បន្ត​អនុវត្ត​នូវ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​យកចិត្ត​ទុកដាក់ ជាពិសេស​លើ​ការប្រមូល និង​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធិភាព តម្លាភាព និង​គណនេយ្យភាព នូវ​ចំណូល​ពី​អាជីវកម្ម​លើ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ ពិសេស​រ៉ែ​មាស និង​ធនធាន​ប្រេង និង​ឧស្ម័ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ