អានតួអត្ថបទ
កម្ពុជា

ប្រធាន​រដ្ឋសភា​មិន​អនុញ្ញាត​អោយ​តំណាងរាស្ត្រ​ សមរង្ស៊ី ទៅ​មើល​ព្រំដែន

មិន​ចប់​ឡើយ​សំណុំ​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​ចំពោះ​ គណបក្ស​សម រង្ស៊ី។ នៅ​ថ្ងៃ​ទី​៣១​ឧសភា​ ម្សិលមិញ តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៊ី​ ១៦​រូប បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា​អំពី​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ទៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បូរី​ជលសារ ខេត្ត​តាកែវ​នៅ​ថ្ងៃ​ទី​៣​មិថុនា ដើម្បី​ពិនិត្យ​មើល​ដំណើរ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​លេខ​២៧០។ បង្គោល​លេខ​២៧០​ដែល​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​អះអាង​ថា បាន​ទទួល​ដំណឹង​អំពី​ការ​បោះ​ចូល​ក្នុង​ដី​កម្ពុជា​ទៀត។ ប៉ុន្តែ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៊ី​ មិន​បាន​ទទួល​ចម្លើយ​ពេញចិត្ត​ពី​ប្រធាន​រដ្ឋសភា​នៅ​ថ្ងៃ ​ទី​១​មិថុនា​នេះ។ 

លោក សម រង្ស៊ី នាំ​ប្រជាជន​ដកតម្រុយ​​បង្គោល​ព្រំ​ដែន​ នៅ​ខេត្ត​ស្វាយរៀង ឆ្នាំ​២០០៩
លោក សម រង្ស៊ី នាំ​ប្រជាជន​ដកតម្រុយ​​បង្គោល​ព្រំ​ដែន​ នៅ​ខេត្ត​ស្វាយរៀង ឆ្នាំ​២០០៩ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

 

03:12

បទ​អន្តរាគមន៍​របស់ លាង​ ដឺលុច

នៅ​លើ​លិខិត​ជូនដំណឹង​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៊ី ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​លោក ហេង សំរិន​ កាល​ពី​ថ្ងៃ​ទី​៣១​ឧសភា​ម្សិលមិញ លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា​បាន​ចារ​ចម្លើយ​លើ​លិខិត​នោះ​ថា មិន​អនុញ្ញាត និង​មិន​ទទួល​ខុសត្រូវ​ទេ។ ហើយ​បន្ថែម​ពីលើ​ចំណារ​នេះ លោក ឡេង ប៉េងឡុង​ ដែល​ជា​អគ្គលេខាធិការ​រដ្ឋសភា​ក៏​បាន​ធ្វើ​លិខិត​ឆ្លើយ​តប​ផ្លូវការ​មក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី​ ស្តី​ពី​ចម្លើយ​បដិសេធ​របស់​ប្រធាន​រដ្ឋសភា​ដែរ។ ហើយ​នៅ​ក្នុង​លិខិត​ឆ្លើយតប​នោះ លោក ឡេង ប៉េងឡុង ​បាន​សរសេរ​ថា ប្រសិន​បើ​គណបក្ស សម រង្ស៊ី​ ចង់ជ្រាប​ច្បាស់​អំពី​បញ្ហា​ព្រំដែន​នេះ គឺ​សូម​អោយ​អ្នក​តំណាងរាស្ត្រ​ធ្វើ​សំណើ​អោយ​រដ្ឋាភិបាល​ឆ្លើយ​បំភ្លឺ​ទៅ។

         ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ បាន​សំដែង​អារម្មណ៍​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ប្រធាន​រដ្ឋសភា​យ៉ាង​នេះ។ លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​របស់​គណបក្ស ​សម រង្ស៊ី​ បាន​អត្ថាធិប្បាយ​ថា នេះ​គឺ​ជា​ការ​កំហិត​សិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ។ ទោះ​យ៉ាង​ណា​នេះ​ក្តី បើ​តាម​លោក យឹម សុវណ្ណ​ ក្រុម​តំណាងរាស្ត្រ​របស់​លោក​ទាំង​១៦​រូប​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ជូន​ដំណឹង​ទៅ​ប្រធាន​រដ្ឋសភា​នោះ ពួកគេ​នឹង​នៅ​តែ​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​២៧០​នៅ​ឯ​ខាង​ឃុំ​ជ័យជោគ ស្រុក​បូរី​ជលសារ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣​មិថុនា​តាម​គម្រោង​របស់​ពួក​គេ។ លោក យឹម សុវណ្ណ​ ពន្យល់​ថា ក្រុម​តំណាង​រាស្ត្រ​របស់​លោក​នៅ​តែ​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​នេះ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​អ្នក​តំណាងរាស្ត្រ។

         ទាក់ទង​នឹង​សំណុំ​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​ដដែល ក្រុម​តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៊ី​ ក៏​បាន​ធ្វើ​លិខិត​មួយ នៅ​ថ្ងៃ​១​មិថុនា​នេះ ស្នើ​រក​ព្រះរាជ​អន្តរាគមន៍​​របស់​សម្តេច​ឪ​ នរោត្តម សីហនុ។

         នៅ​ក្នុង​លិខិត​ដែល​តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៊ី​ សរសេរ​ទូល​ថ្វាយ​ព្រះ​មហាវរក្សត្រ​​នោះ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​សរសេរ​ថា ខ្លួន​បាន​ដឹង​តាម​រយៈ​សារព័ត៌មាន​​កន្លង​មក​ថា សម្តេចឪ​ នរោត្តម​ សីហនុ​ ព្រះអង្គ​គ្រោង​នឹង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​​នៅ​ប្រទេស​វៀតណាម។

         តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី​ សរសេរ​ថា​ដោយសារ​កន្លងមក គណបក្ស​ សម រង្ស៊ី​ ធ្លាប់​បាន​ស្នើ​អោយ​រដ្ឋាភិបាល និង​រដ្ឋសភា​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​ក្នុង​ការ​បោះ​តម្រុយ​​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​រួចហើយ តែ​មិន​មាន​លទ្ធផល​អ្វី​សោះ​នោះ ដូច្នេះ​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ គិត​ថា មាន​តែ​សម្តេចឪ​ នរោត្តម ​សីហនុ​ ទេ ដែល​អាច​លើក​យក​បញ្ហា​បន្ទាត់​ព្រំដែន​ទៅ​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​បាន។ ធ្វើ​យ៉ាងណា​អោយ​ប្រទេស​វៀតណាម​គោរព​អោយ​បាន​ខ្ជាប់ខ្ជួន​បូរណភាព​ទឹកដី​កម្ពុជា។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ