អានតួអត្ថបទ
អាស៊ាន

ក្រុមប៉ូលីស​អាស៊ាន​ណាប៉ូល​ប្រជុំ​ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុងតំបន់​

ក្រុម​មេ​ដឹកនាំ​ នគរបាល​ជាតិ​មក​ពី​បណ្តា​ប្រទេស​ទាំង​១០​ជា​សមាជិក​អាស៊ាន​និង​ប៉ូលីស​មក​ពី ​ប្រទេស​អូស្ត្រាលី​ ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ ញូវ​ហ្សឺ​ឡេន​និង​តំណាង​ប៉ូលីស​អន្តរជាតិ​ interpol ​បាន​ចូល​រួម​ប្រជុំ​ក្នុង​សន្និសីទ​អាស៊ាន​ណា​ប៉ូល( ASEANAPOL )​លើក​ទី​៣០​នៅ​រាជ​ធានី​ភ្នំពេញ។​ អង្គ​សន្និសីទ​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៨​ខែ​ឧសភា​នេះ​ ផ្តោត​សំខាន់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម ​ឆ្លង​ដែន។

ក្រុមប៉ូលីស​អាស៊ាន​ណាប៉ូល​ប្រជុំ​ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុងតំបន់​
ក្រុមប៉ូលីស​អាស៊ាន​ណាប៉ូល​ប្រជុំ​ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុងតំបន់​ ©​​លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

04:37

សេចក្តីរាយការណ៍​របស់​ លី ម៉េងហួរ

លី ម៉េងហួរ

សន្និសីទ​អាស៊ាន​ណា​ប៉ូល​លើក​ទី​៣០​ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​បើក​ជា​ផ្លូវ​ការ​ហើយ​នៅ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៥​ខែ​ឧសភា​នេះ​។​ អង្គ​សន្និសីទ​ដែល​ជា​ការ​ជួប​ប្រជុំ​រវាង​មេ​ប៉ូលីស​អាស៊ាន​និង​បណ្តា​ប៉ូលីស​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​រួមមាន​ ប្រទេស​អូស្ត្រាលី​ ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ ញូវ​ហ្សឺ​ឡេន​និង​តំណាង​ប៉ូលីស​អន្តរជាតិ interpol បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ពិភាក្សា​ពី​បញ្ហា​ប្រយុទ្ធ​​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ។

 
បញ្ហា​ភេរវកម្ម​ ការ​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់​ ការ​ជួញដូរ​អាវុធ​ ការ​ជួញដូរ​មនុស្ស​ បទល្មើស​ពាណិជ្ជកម្ម​ បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ​ បទ​ល្មើស​ធនាគារ​ បទ​ល្មើស​ក្លែង​ក្លាយ​ប័ណ្ណ​ឥណទាន​ បទ​ល្មើស​បច្ចេកវិទ្យា​ ការ​ក្លែង​បន្លំ​ឯកសារ​ធ្វើ​ដំណើរ​និង​ការ​ក្លែង​បន្លំ​ឆ្លង​ដែន ​ជា​ដើម​ ទាំង​អស់​នេះ​ជា​ប្រធាន​បទ​ដែល​ក្រុម​នគរបាល​អាស៊ាន​និង​ប្រទេស​ដៃគូ​ត្រូវ​ពិភាក្សា​គ្នា។

សន្និសីទ​រយៈ​ពេល​៥ថ្ងៃ​ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​២៤​ឧសភា​ក៏​ផ្តោត​ការ​ពិភាក្សា​អំពី​ដំណើរ​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ទិន្នន័យ​អេឡិច​ត្រូនិច​អាស៊ាន​ណា​ប៉ូល និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ។

ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា​ពេល​នេះ ​ក្រុម​ប៉ូលីស​ដែល​ចូលរួម​សន្និសីទ​អាស៊ាន​ណា​ប៉ូល​ក៏​ត្រូវ​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។​ ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​ក៏​ត្រូវ​រៀប​ចំ​នៅ​ក្នុង​កម្មវិធី​​អង្គ​សន្និសីទ​នេះ​ផង​ដែរ។

នៅ​ពេល​បើក​អង្គ​សន្និសីទ​អាស៊ាន​ណា​ប៉ូល​នៅ​ព្រឹក​មិញ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា​ ការ​ជួប​ជុំ​រវាង​ថ្នាក់​ដឹកនាំ​ប៉ូលីស​អាស៊ាន​និង​បណ្តា​ប្រទេស​ដែល​មាន​​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​នៅ​អាស៊ី​នេះ​បាន​បង្ហាញ​ច្បាស់​អំពី​ការ​ឯក​ភាព​ជា​ធ្លុង​មួយ​របស់​អាស៊ាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គម្រាម​​កំហែង​គ្រប់​រូបភាព​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ​អង្គ​សន្និសីទ​នេះ​ក៏​ជា​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​និង​ក្រៅ​តំបន់​អាស៊ាន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​តាម​រយៈ​ការ​កសាង​ភាព​ជា​ដៃគូ​ជា​មួយ​ប្រទេស​ចិន ​ជប៉ុន ​សាធារណរដ្ឋ​កូរ៉េ​ អូស្ត្រាលី ​ញូវ​ហ្សេ​ឡេន​ និង​តំណាង​របស់​ប៉ូលីស​អាំងទែ​ប៉ូល។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង​ បាន​បញ្ជាក់​ថា ការ​កសាង​ភាព​ជា​ដៃគូ​និង​ការ​ជម្រុញ​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​អាស៊ាន​និង​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងនេះ​កាន់​តែ​មាន​សារៈ​សំខាន់​ទ្វេ​ដង​ ព្រោះថា​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ព្យាយាម​ងើប​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ពេលនេះ។

បង្កើត​នៅក្នុង​ឆ្នាំ​១៩៨១​អាស៊ាន​ណា​ប៉ូល​គឺ​ជា​នគរបាល​អាស៊ាន​ដែល​មាន​ថ្នាក់​ដឹកនាំ​នគរបាល​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ជា​សមាជិក។​ នគរបាល​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ត្រូវ​ទាក់​ទង​គ្នា​ជាប់​ជានិច្ច​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​ ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ឆ្លង​ដែន​។​ លេខាធិការ​ដ្ឋាន​នគរបាល​អាស៊ាន​ដែល​មាន​ទី​តាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ដំណើរ​ការ​កាល​ពី​ដើម​ខែ​មករា​កន្លង​មក។

អាស៊ាន​ណា​ប៉ូល​ឬ​នគរបាល​អាស៊ាន​ជា​ផ្នែក​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន​។​ នៅក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី​១១​នៅ​ប្រទេស​សឹង្ហ​បូរី​នា​ខែ​ឧសភា​ឆ្នាំ​១៩៩១​ នគរបាល​អាស៊ាន​បាន​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​អេឡិច​ត្រូនិច​មួយ​ដើម្បី​ផ្លាស់ប្តូរ​នូវ​រាល់​ព័ត៌មាន​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក។​ ប្រព័ន្ធ​ទិន្នន័យ​អេឡិច​ត្រូនិច​នេះ​ក៏​ធ្វើ​ការ​ទាក់ទង​ជាមួយ​នឹង​ប៉ូលីស​អន្តរជាតិ​អាំងទែ​ប៉ូល ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ