អានតួអត្ថបទ
កម្ពុជា

មាន​ក្រុមហ៊ុន​៦០​ដែល​ទទួល​បាន​ច្បាប់​អនុញ្ញាត​រុក​រក​រ៉ែ​នៅ​កម្ពុជា

កម្មវិធី​សម្រាប់​ការ​អភិឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ UNDP និង​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល កំពុង​ត្រៀម​រៀបចំ​សន្និសីទ​ថ្នាក់​អន្តរជាតិ​ ស្តី​ពី​អាជីវកម្ម​រ៉ែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦​ និង​២៧​ខែ​ឧសភា​នេះ។ នៅក្នុង​សន្និសីទ​កាសែត​មួយ​ ស្តី​អំពី​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​នេះ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ធនធាន​រ៉ែ​របស់​ក្រសួង​ឧស្សាហកម្ម​លោក សុខ ឡេង​ បាន​ថ្លែង​អោយ​ដឹង​ថា រហូត​ដល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស​ប្រមាណ​៦០​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ ​ស្រាវជ្រាវ​រក​រ៉ែ​ក្រោម​ដី​របស់​កម្ពុជា។ 

© ដឺលុច/RFI
ផ្សាយពាណិជ្ជកម្ម

04:44

បទ​អន្តរាគមន៍​របស់ លាង ដឺលុច

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​នេះ នៅ​ឯ​ការិយាល័យ​របស់​UNDP លោក សុខ ឡេង អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ផ្សាយ​អោយ​ដឹង​ថា មាន​ក្រុមហ៊ុន​រហូត​ដល់​ទៅ​៦០​ក្រុមហ៊ុន​ហើយ​ដែល​បាន និង​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ រុករក​ធនធាន​រ៉ែ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ទាំងនោះ​មាន​មក​ពី​ប្រទេស​អូស្ត្រាលី ប្រទេស​ចិន វៀតណាម និង​កូរ៉េ​ជាដើម។

 
         អគ្គ​នាយក​ធនធាន​រ៉ែ​លោក សុខ ឡេង​ បាន​រៀបរាប់​អោយ​ដឹង​ថា ក្រុមហ៊ុន​ទាំងនោះ​បាន​រកឃើញ​មាន​រ៉ែមាស​នៅខាង​ខេត្ត​មណ្ឌលគិរី មាន​រ៉ែ​ដែក​នៅខាង​ខេត្ត​ព្រះវិហារ កំពង់ធំ និង​នៅខាង​ខេត្តសៀមរាប។ មាន​រកឃើញ​រ៉ែ​ស្ពាន់​នៅខាង​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ និង​សៀមរាប និង​ក៏​រកឃើញ​មាន​រ៉ែ​មាស និង​ស្ពាន់​នៅខាង​ខេត្ត​រតនគិរី​ផង​ដែរ។

         លោក សុខ ឡេង ​បាន​អះអាង​អោយ​ដឹង​ថា ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី​មួយ​ឈ្មោះ​OZ minerals​ដែល​សិក្សា​ស្រាវជ្រាវ​នៅ​ខេត្ត​មណ្ឌលគិរី បាន​រក​ឃើញ​សក្តានុពល​នៃ​រ៉ែមាស​យ៉ាង​ច្រើន​រហូត​ដល់​៨​លាន​១​សែន​តោន។ ក្រុមហ៊ុន​នេះ​ក៏​បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​រួច​ហើយ​ដែរ។

         ចំនូល​ពន្ធ​ជា​ដុំ​កំភួន​នោះ​ដូច​ជា​មិនទាន់​មាន​ទេ​ក្នុង​ដំណាក់​កាល​នេះ។ ដូចការ​អះអាង​របស់​លោក​អគ្គ​នាយក​ធនធាន​រ៉ែ​នៃ​ក្រសួង​ឧស្សាហកម្ម​អ៊ីចឹង​ គឺ​ថា ក្រុមហ៊ុន​ទាំង​ប៉ុន្មាន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ខាងលើ គឺ​ពួកគេ​ស្ថិត​នៅក្នុង​ដំណាក់​កាល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ឡើយ។ វា​មិនមែន​ជា​ដំណាក់កាល​នៃ​ការ​ធ្វើ​អាជីវកម្ម​ដែល​រដ្ឋ និង​ក្រុមហ៊ុន​ត្រូវ​បែកចែក​ផល​ចំណេញ​ទៅ​តាម​កិច្ច​ព្រមព្រៀង​នោះ​ឡើយ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ ក៏​ដោយ វិស័យ​រ៉ែ​នេះ​ ក៏​អាច​ជួយ​រក​ចំណូល​ខ្លះ​ជូន​រដ្ឋ​ផងដែរ​ដូចជា ការ​ចុះ​បញ្ជី កម្រៃ​អាជ្ញាប័ណ្ណ ថ្លៃ​ពន្យា​សុពលភាព ថ្លៃ​ផ្ទេរ​សិទ្ធិ​អាជ្ញាប័ណ្ណ ថ្លៃ​ឈ្នួល​ផ្ទៃ​ក្រឡា ថ្លៃ​ពន្ធ​សម្ភារៈ​សំណង់​ផ្សេងៗ។

         លោក សុខ ឡេង​ បន្ត​ថា​តាម​គោលការណ៍​របស់​រដ្ឋ​នោះ ក្រុមហ៊ុន​អាច​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​រក​ធនធាន​រ៉ែ​រយៈ​ពេល​២​ឆ្នាំ។ តែ​ក្រុមហ៊ុន​អាច​មាន​សិទ្ធិ​សុំ​បន្ត​ម្តង​២​ឆ្នាំ​បាន​៣​ដង​ទៀត។ សម្រាប់​ការ​ធ្វើ​អាជីវកម្ម បើ​តាម​ការ​ពន្យល់​របស់​លោក​អគ្គ​នាយដ្ឋាន​ធនធាន​រ៉ែ គឺ​ថា​ក្រុមហ៊ុន​អាច​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រហូត​ដល់​៣៥​ឆ្នាំ ហើយ​ពន្យា​ម្តង​៥ឆ្នាំ​បាន​ពីរ​ដង​ទៀត។

         សន្និសីទ​នេះ​ជា​សន្និសីទ​ធំ​លើក​ទី​មួយ​ស្តី​ពី​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ។ រៀបចំ​រួមគ្នា​ដោយ​ក្រសួង​ឧស្សាហកម្ម និង​UNDP សន្និសីទ​នេះ​នឹង​ប្រារព្ធ​ធ្វើ​រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២៦ និង​២៧​ឧសភា​ក្រោម​ប្រធាន​បទ ឱកាស​សម្រាប់​កម្ពុជា។ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ធ្វើ​ជា​អធិបតីភាព​បើក​សន្និសីទ​នេះ។

         មាន​មនុស្ស​ពី​២៥០​ទៅ​៣០០​នាក់​ដែល​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ រួមមាន​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល និង​ជា​ពិសេស​អ្នក​ជំនាញការ​អន្តរជាតិ​ផ្នែក​ធនធាន​រ៉ែ​មក​ពី​ប្រទេស​ឡាវ វៀតណាម ឥណ្ឌូនេស៊ី ម៉ុងហ្គោលី ចិន អូស្ត្រាលី កាណាដា សហរដ្ឋ​អាមេរិក និង​​អង់គ្លេស។

         សន្និសីទ​នេះ​នឹង​និយាយ​អំពី​ច្បាប់​ស្តី​ពី​រ៉ែ តួនាទី​របស់​រដ្ឋ ការ​រុករក និង​អភិវឌ្ឍន៍​រ៉ែ ហានិភ័យ ការ​ការពារ​បរិស្ថាន ការ​អភិវឌ្ឍន៍​សហគម​នៅ​តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ និង​បទ​ពិសោធន៍​ពី​ប្រទេស​នានា​ក្នុង​តំបន់ និង​អន្តរជាតិ។ និយាយ​អោយ​ខ្លី គោលបំណង​នៃ​ការ​រៀបចំ​សន្និសីទ​នេះ គឺ​ធា្លប់​ត្រូវ​បាន​លើក​ឡើង​រួច​មក​ហើយ គឺថា​ធ្វើ​យ៉ាងណា​ដើម្បី​អោយ​កម្ពុជា​អាច​គ្រប់គ្រង និង​បែកចែក​អោយ​មាន​តម្លាភាព ផល​ដែល​បាន​មក​ពី​ធនធាន​រ៉ែ​នេះ។ ពោល​គឺ​ការ​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប្រកប​ដោយ​ចីរភាព និង​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​វិស័យ​រ៉ែ​របស់​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ