អានតួអត្ថបទ
កម្ពុជា ថៃ

កម្ពុជា​ស្វែង​រក​ការ​ដោះលែង​ពលរដ្ឋ​ខ្មែរ ដែល​ជាប់​ចោទ​ក្នុង​រឿង​កុបកម្ម នៅ​បាងកក

មន្ត្រី​ការទូត​ កម្ពុជា ប្រចាំ​ក្រុង​បាងកក កំពុង​ស្វែង​រក​ការ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ត្រូវ​រដ្ឋាភិបាល​ថៃ ចោទ​ប្រកាន់​ក្នុង​រឿង​បង្ក​សកម្មភាព ដុត​បំផ្លាញ​ធនាគារ​ថៃ។ អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​ខ្មែរ អាយុ ២៧ ឆ្នាំ​នោះ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ខណៈ​ដែល​បាតុករ​អាវ​ក្រហម​ថៃ បាន​ដុត​បំផ្លាញ​អគារ​នានា នៅ​ទីក្រុង​បាងកក។  

A.Dubus/RFI
ផ្សាយពាណិជ្ជកម្ម

02:26

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ

លី ម៉េងហួរ

នៅ​ថ្ងៃ​ច័ន្ទ​នេះ មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​ក្រុង​បាងកក បាន​ទៅ​ជួប​បុរស​ជាប់​ចោទ ដល់​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន។ មន្ត្រី​ការទូត ក៏​បាន​រក​មេធាវី ជា​ជន​ជនជាតិ​ថៃ ជូន​បុរស​កម្ពុជា ដែល​ជាប់​ចោទ​ក្នុង​សកម្មភាព​ដុតបំផ្លាញ​ធនាគារ​ក្រុង​ថេប​ផង​ដែរ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក កុយ​ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ទី​២៤​ឧសភា។​

 
លោក កុយ គួង បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ថៃ លើ​បុរស​កម្ពុជា ក្នុង​រឿង​ដុត​បំផ្លាញ​ធនាគារ​ក្រុង​ថេប ជា​ការ​ចោទ​ប្រកាន់​ដោយ​ខុស​ទាំង​បំពាន ហើយ​ក៏​ជា​ការ​ចោទ​ប្រកាន់ ដែល​មាន​បំណង​បង្ក​រឿង​ជាមួយ​កម្ពុជា។ ការ​ចោទ​ប្រកាន់​របៀប​នេះ កម្ពុជា​មិន​អាច​ទទួល​យក​បាន​ទេ។

លោក កុយ គួង បាន​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា ដែល​ត្រូវ​ថៃ​ចាប់​ខ្លួន​នោះ មាន​ឈ្មោះ សាន មុនីភេទ​ អាយុ ២៧ ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង។ បុរស​កម្ពុជា​រូប​នេះ បាន​ទៅ​ធ្វើការ​នៅ​ហាង​លក់​ភេសជ្ជៈ​មួយ នៅ​ទីក្រុង​បាងកក ក្បែរ​កន្លែង​កើត​ហេតុ។ សាន មុនីភេទ​ បាន​ទៅ​ធ្វើការ​នៅ​ក្រុង​បាងកក ក្នុង​នាម​ជា​កម្មករ​ស្រប​ច្បាប់​មួយ​រូប ដោយ​មាន​ប្រពន្ធ​ជា​ជនជាតិ​ថៃ និង​មាន​កូន​ម្នាក់។​

មន្ត្រី​ការទូត​កម្ពុជា បាន​បន្ថែមថា សាន មុន្នីភេទ នៅ​ពេល​ចេញពី​ធ្វើការ នៅ​ល្ងាច​ម៉ោង ៤ កន្លះ ថ្ងៃ​១៩​ឧសភាចំ​ពេល​មាន​ព្រឹត្តិការណ៍​កុបកម្ម ដុត​បំផ្លាញ​អគារ​នានា នៅ​ទីក្រុង​បាងកក​បុរស​រូប​នេះ ក៏​បាន​ឈរ​មើល​ហេតុការណ៍​នៅ​ជិត​កន្លែង​ធ្វើការ ក៏​ត្រូវ​នគរបាល​ថៃ ចាប់ខ្លួន​តែម្តង។​

មន្ត្រី​ការទូត​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​បាងកក ឲ្យ​ដោះលែង​ពលករ​ស្រប​ច្បាប់​កម្ពុជា​ម្នាក់​នេះ​ជា​បន្ទាន់ ព្រោះ​បុរស​នេះ មិន​បាន​ចូលរួម​ក្នុង​បាតុកម្ម​ហិង្សា របស់​ក្រុម​អាវ​ក្រហម​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​លោក សាន មុន្នីភេទ ជា​ជន​រងគ្រោះ ដែល​រដ្ឋាភិបាល​កម្ពុជា សុំ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាងកក ដោះលែង​គាត់ ឲ្យមាន​សេរីភាព ព្រោះ​លោក​ជា​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ស្របច្បាប់។​

សូម​រម្លឹក​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ច្រាន​ចោល​ភ្លាមៗ កាលពី​ថ្ងៃ​២២​ឧសភា​ថា គ្មាន​ពលរដ្ឋ​ខ្មែ​រណា​ម្នាក់ បាន​ចូលរួម​បាតុកម្ម​ហិង្សា ជាមួយ​ក្រុម​អាវ​ក្រហម​ថៃ នៅ​បាងកក​ឡើយ។ សេចក្តី​ប្រកាស​នេះ បន្ទាប់​ពី​សេចក្តី​រាយការណ៍​របស់​ព័ត៌មាន​ថៃ ពី​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ នៅក្នុង​បទ​ល្មើស​ដុត​បំផ្លាញ​ធនាគារ​មួយ នៅ​ទីក្រុង​បាងកក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ