អានតួអត្ថបទ
កម្ពុជា-ខុមហ្វ្រែល

ខុមហ្វ្រែល​ថា ​មាន​បញ្ហា​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នកផ្លាស់​ទីលំនៅ​

គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល​​(Comfrel)​បាន​ធ្វើ​ការ​អង្កេត​ទៅ​លើ​ក្រុម​អ្នក​ផ្លាស់​ទី​លំនៅ​ដោយ​បង្ខំ និង​ក្រុម​អ្នក​ផ្ទុក​មេរោគ​អេដស៍ ដើម្បី​ស្វែងរក​បញ្ហា​ដែល​ពួកគេ​ជួបប្រទះ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ ការ​អង្កេត​នេះ​ត្រូវ​បាន​ធ្វើ​ជា​មួយ​ពលរដ្ឋ​ចំនួន​២៤៤​នាក់​ក្នុង​ភូមិ​ចំនួន​៣​ក្នុង​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ។

ស្ត្រី​និង​បុរស​កំពុង​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត
ស្ត្រី​និង​បុរស​កំពុង​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

01:45

សេចក្តីរាយការណ៍​របស់​ លាង​ ដឺលុច

អង្គការ​សង្កេតការណ៍​បោះឆ្នោត​ឈ្មោះ​ខុមហ្វ្រែល​បាន​រកឃើញ​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ក្រុម​មនុស្ស​ដែល​បាន​ផ្លាស់ទី​លំនៅ​ដោយ​បង្ខំ។ ខុម​ហ្វ្រែល​​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ពលរដ្ឋ​ចំនួន​២៤៤​នាក់​នៅក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ដំណាក់ត្រយឹង ភូមិ​ត្រពាំង​អញ្ចាញ និង​ភូមិ​ទួលសំបូរ​ក្នុង​ខណ្ឌ​ដង្កោ​ជាយ​រាជធានី​ភ្នំពេញ។ ភូមិ​ទាំង​៣​នេះ​ហើយ​ដែល​ទទួល​ពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ជន្លៀស​ចេញ​ពី​ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក​នោះ។

 
នៅ​ទី​កន្លែង​ថ្មី​នោះ ខុមហ្វ្រែល​បាន​រកឃើញ​មាន​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ បញ្ហា​មាន​ដូចជា អ្នកខ្លះ​មិន​ត្រូវ​បាន​មន្ត្រី​ចុះ​ឈ្មោះ​អោយពួកគេ ដោយសារ គ្មាន​ឯកសារ​គ្រប់គ្រាន់។ ហើយ​បើ​ទោះ​ជា​មាន​អ្នកចុះ​ឈ្មោះ​ច្រើន​ក៏​ដោយ តែ​លទ្ធផល​នៃ​ការ​ផ្ទៀងផ្ទាត់​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០០៩​កន្លង​ទៅ បង្ហាញ​ថា មាន​តែ​ចំនួន​ជាង​៥០ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ ទោះ​យ៉ាង​ណា​ក៏​ដោយ ខុមហ្វ្រែល​បាន​អប​អរ​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​អង្កេត​ដែល​បង្ហាញ​ថា អ្នកផ្ទុក​មេរោគ​អេដស៍​និង​អ្នក​ជំងឺ​អេដស៍​ដែល​មាន​សិទ្ធិ​បោះឆ្នោត បាន​ទៅ​ចុះ​ឈ្មោះ​ជាង​៩០​ភាគរយ ហើយថា​ពូកគេ​គ្មាន​អារម្មណ៍​ថា ពួកគេ​ត្រូវ​បាន​គេ​រើសអើង​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ឡើយ។

យោង​តាម​ការ​អះអាង​របស់​ខុមហ្វ្រែល ការ​សិក្សា​ក៏​បាន​រក​ឃើញ​ដែរ​ថា គុណភាព​នៃ​បញ្ជី​បោះឆ្នោត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់តែ​គួរ​អោយ​ព្រួយបារម្ភ ពិសេស​ការ​បាត់ឈ្មោះ និង​ភាព​មិន​ត្រឹមត្រូវ​នៃ​ទិន្នន័យ​របស់​អ្នក​បោះឆ្នោត ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត។ ដូច្នេះ នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ខុមហ្វ្រែល​បាន​និយាយ​ថា វា​ជា​ការ​ចាំបាច់​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​អនុសាសន៍​នានា​ដែល​ទាក់ទង​នឹង​ការ​កែ​ទម្រង់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​ធ្វើ​បញ្ជី​បោះឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ