អតីតព្រះមហាក្សត្រ នរោត្តម សីហនុ នឹងយាងទៅវៀតណាម
លោក យន្ត ថារូ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោម បានក្រាបបង្គំទូលថ្វាយអតីតព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ អំពីទុក្ខសោកមួយចំនួនរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម ជាង ១២ លាននាក់ ដែលកំពុងរស់នៅលើដែនដីកម្ពុជាក្រោម ឬទឹកដី កូសាំងស៊ីន។ អំឡុងពេលព្រះរាជទស្សនកិច្ចរបស់សម្តេចឳ នៅវៀតណាម ដែលគ្រោង ធ្វើនៅខែមិថុនាខាងមុខ, លោកតំណាងរាស្ត្រ យន្ត ថារូ បានទូលសុំឲ្យព្រះអង្គលើកឡើងពីការរំលោភសិទ្ធិលើខ្មែរកម្ពុជា ក្រោម ប្រាប់ដល់រដ្ឋាភិបាលវៀតណាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីរាយការណ៍របស់ លី ម៉េងហួរ
លិខិតរបស់អ្នកតំណាងរាស្ត្រ យន្ត ថារូ ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោម នៅថ្ងៃ១៨ឧសភានេះ បានធ្វើឡើង បន្ទាប់ពីលោកបានទទួលព័ត៌មានថា អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម នាខែមិថុនា ឆ្នាំ២០១០ ខាងមុខ។
លោកតំណាងរាស្ត្រ យន្ត ថារូ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងព្រះរាជទស្សនកិច្ចនៅវៀតណាម ព្រះករុណា ព្រះវររាជបិតានឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពរបស់ខ្មែរកម្ពុជាក្រោម ដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គ។ ព្រះករុណា ក៏នឹងផ្តាំផ្ញើដល់បក្ស និងរដ្ឋាភិបាលវៀតណាម ឲ្យជួយយកចិត្តទុកដាក់ខ្ពស់ជាក់ជាពុំខានឡើយ លើពលរដ្ឋខ្មែរកម្ពុជាក្រោម។
តំណាងរាស្ត្រគណបក្សសមរង្ស៊ី ក៏បានបញ្ជាក់ក្នុងលិខិត ដោយសង្ឃឹមថា ព្រះករុណា ព្រះវររាជបិតា ច្បាស់ជាឆ្លៀតឱកាសដ៏វិសេសវិសាល នៅវៀតណាម ដើម្បីយាងសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៅតាមបណ្តាខេត្តមួយចំនួន ដែលមានខ្មែររស់នៅច្រើន ដូចជា ខេត្តព្រះត្រពាំង ខេត្តឃ្លាំង ខេត្តពលលាវ ខេត្តទឹកខ្មៅ ខេត្តមាត់ជ្រូក និងខេត្តក្រមួនស ជាដើម។
តាមអ្នកតំណាងរាស្ត្រ យន្ត ថារូ ខ្មែរកម្ពុជាក្រោម កំពុងជួបប្រទះនឹងទុក្ខសោកជាច្រើន ក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម មានជាអាទិ៍ ការបាត់បង់អត្តសញ្ញាណ មិនចេះអក្សរខ្មែរ ទទួលរងនូវអំពើអយុត្តិធម៌ ការរំលោភសិទ្ធិជំនឿសាសនា ការគំរាមកំហែង និងការផ្លាស់ប្តូរភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ពង្សាវតា និងត្រកូលខ្មែរ ជាដើម។
ដែនដីខ្មែរកម្ពុជាក្រោម មានពលរដ្ឋខ្មែរជាង ១២ លាននាក់ រស់នៅលើផ្ទៃដីទំហំ ៦៨,៩៦៥ គីឡូម៉ែត្រក្រឡា ក្នុង ២១ ខេត្ត។ ទឹកដីខ្មែរកម្ពុជាក្រោម ឬ កូសាំងស៊ីន ត្រូវបានរដ្ឋាភិបាលបារាំង បានកាត់ផ្ទេរឲ្យវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខាផ្ទាល់របស់ព្រះករុណា ព្រះវររាជបិតា បានមានបន្ទូលថា ជុំវិញព្រះរាជដំណើររបស់ព្រះករុណា ព្រះវររាជបិតា សម្តេចព្រះនរោត្តម សីហនុ ទៅកាន់ប្រទេសវៀតណាម នៅពេលនេះ មិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។
ក៏ប៉ុន្តែព្រះអង្គម្ចាស់ បានបន្ថែមថា ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះវររាជបិតា នៅប្រទេសវៀតណាម មានសារៈសំខាន់ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនងកម្ពុជា និងវៀតណាម ជាពិសេស ឆ្លុះបញ្ចាំងឲ្យឃើញថា វៀតណាម មិនភ្លេចសគុណរបស់អតីតព្រះមហាក្សត្រ ដែលព្រះអង្គបានជួយ ជាពិសេសដល់បដិវត្តវៀតណាម (សង្គ្រាមអាមេរិក និងវៀតណាម)។
តាមព្រះអង្គម្ចាស់ ធម្មិកោ នៅពេលព្រះករុណា បំពេញព្រះរាជទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ បើសិនព្រះអង្គ ត្រូវលើកឡើងពីបញ្ហាបងប្អូនខ្មែរក្រោម ក៏ជំហររបស់ព្រះករុណានៅដដែល។ នោះគឺព្រះករុណា មិនបោះបង់នូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងដ៏ស្មោះត្រង់បំផុត ចំពោះបងប្អូនខ្មែរកម្ពុជាក្រោមឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ